វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 646 / 1268
-
រដ្ឋធម្មនុញ្ញ នាម
ច្បាប់បញ្ញត្តសម្រាប់ប្រទេសនីមួយៗ, ច្បាប់ទុកជាគោលចារឹកក្នុងការគ្រប់គ្រងរដ្ឋនីមួយៗដែលសភាបានបញ្ញត្តតែងតាំងឡើង។
-
រដ្ឋធម្មនូញ្ញ នាម
( ម . ព . រដ្ឋធម្មនុញ្ញ )។
-
រដ្ឋធានី នាម
ទីក្រុងធំរបស់ប្រទេសនីមួយៗជាទីតាំងនៃរដ្ឋាភិបាលឬជាទីនៅនៃប្រមុខរបស់ប្រទេស។
-
រដ្ឋនាយក នាម
អ្នកត្រួតត្រាដែន, អ្នកគ្រប់គ្រងរក្សាប្រទេស ( តំណាងក្សត្រិយ៍ទ្រង់រាជ្យ ); ព្រះរាជា។
-
រដ្ឋបម្រើ នាម
អ្នកបម្រើការរបស់រដ្ឋ
-
រដ្ឋបាល នាម
អ្នករក្សាដែនឬប្រទេស; ក្រសួងរាជការកាន់កាប់កិច្ចការក្នុងប្រទេសជាគូគ្នានឹងតុលាការ។
-
រដ្ឋបាលន៍ នាម
ការរក្សាដែនឬប្រទេស។
-
រដ្ឋបុរស នាម
បុរសអ្នកទំនុកបម្រុងប្រទេស, បុរសអ្នកមានចំណេះចេះរក្សាប្រទេស។
-
រដ្ឋប្បវេណី នាម
បវេណីសម្រាប់ដែន; ឈ្មោះច្បាប់បញ្ញត្តអំពីដំណើរកិច្ចការនិងសណ្ដាប់ធ្នាប់របៀបរបបផ្សេងៗតាមបវេណីរបស់ប្រជាជនក្នុងប្រទេសដែលនៅក្នុងឱវាទនៃរាជបញ្ញត្តិ។
-
រដ្ឋប្រជាជាតិ នាម
ទម្រង់មួយនៃអង្គការនយោបាយដែលនៅក្នុងនោះសហគមន៍មនុស្សដែលមានប្រវត្តិសាស្រ្តប្រពៃណីភាសានិងពូជសាសន៍ដូចគ្នារស់នៅក្រោមរដ្ឋាភិបាលមួយពោលគឺការត្រួតគ្នារវាងរដ្ឋដែលជាអង្គការនយោបាយនិងប្រជាជាតិដែលផ្ដោតលើអត្តសញ្ញាណនៃសហគមន៍មនុស្ស។
-
រដ្ឋប្រសាន្តិភាព នាម
ការស្ងប់ដែលមានក្នុងដែន, សេចក្ដីសុខសាន្តរបស់ប្រជាជន។
-
រដ្ឋប្រសាសនន័យ នាម
ការដឹកនាំឬឧបាយណែនាំឱ្យប្រជាជនស្ថិតនៅក្នុងអំណាចច្បាប់; វិជ្ជាឬបែបបទជាគោលចារឹកសម្រាប់គ្រប់គ្រងប្រទេស។
-
រដ្ឋប្រសាសនោបាយ នាម
( ម . ព . រដ្ឋប្រសាសនន័យ )។
-
រដ្ឋប្រសាសន៍ នាម
ការប្រិតប្រៀនប្រជាជនឱ្យស្ថិតនៅក្នុងអំណាចច្បាប់, ការគ្រប់គ្រងប្រទេស។
-
រដ្ឋប្រហារ នាម
ការចាប់ចងរំលំអ្នកគ្រប់គ្រងរដ្ឋដែលខ្លួនមិនពេញចិត្តដើម្បីកាន់កាប់អំណាចខ្លួនឯង, អំពើរបស់អ្នកកាន់កាប់អំណាចដែលទម្លាយបង់ចោលនូវរបបគ្រប់គ្រងរដ្ឋដើម្បីឡើងកាន់កាប់អំណាចខ្លួនឯងវិញដោយខ្លួនមិនពេញចិត្តចំពោះរបៀបគ្រប់គ្រងពីមុន
-
រដ្ឋប្រហារយោធា នាម
ការបះបោរផ្ដួលរំលំរដ្ឋាភិបាលដោយប្រើកម្លាំងយោធាដើម្បីដណ្ដើមអំណាចគ្រប់គ្រងប្រទេស។
-
រដ្ឋពហុជាតិ នាម
រដ្ឋអធិបតេយ្យមួយដែលមានប្រជាជាតិពីរឬច្រើននៅក្នុងនោះខុសពីរដ្ឋប្រជាជាតិដែលមានតែប្រជាជាតិមួយ
-
រដ្ឋមណ្ឌល នាម
មណ្ឌលរបស់ដែន, ប្រទេសទាំងមូល,។
-
រដ្ឋមន្ត្រី នាម
មន្ត្រីអ្នកទំនុកបម្រុងស្រុកទេស, មន្ត្រីដែលនាយកអ្នកកាន់អំណាចនីតិប្រតិបត្តិបានជ្រើសរើសឡើងដើម្បីត្រួតត្រាមុខតំណែងរាជការធំៗរបស់រដ្ឋ
-
រដ្ឋមន្ត្រីគណៈ នាម
ក្រុមនៃរដ្ឋមន្ត្រី។
-
រដ្ឋលេខាធិការ នាម
លេខាធិការរបស់រដ្ឋគឺមន្ត្រីជាន់ខ្ពស់ដែលមានមុខតំណែងជារដ្ឋមន្ត្រី។
-
រដ្ឋលេខាធិការដ្ឋាន នាម
ទីស្ដីការនៃរដ្ឋលេខាធិការ។
-
រដ្ឋវាសិនី នាម
( ម . ព . រដ្ឋវាសី )។
-
រដ្ឋវាសី នាម
អ្នកនៅក្នុងរដ្ឋ, អ្នកអាស្រ័យនៅក្នុងដែន។
-
រដ្ឋសន្តិភាព នាម
( ម . ព . រដ្ឋប្រសាន្តិភាព )។
-
រដ្ឋសភា នាម
ទីប្រជុំប្រឹក្សាការសម្រាប់ប្រទេស; សាលាសម្រាប់ប្រជុំប្រឹក្សាការទំនុកបម្រុងឬគ្រប់គ្រងរក្សាស្រុកទេស។
-
រដ្ឋសភាធីបតី នាម
អធិបតីនាយកនៃរដ្ឋសភា។
-
រដ្ឋសភានាយក នាម
( ម . ព . រដ្ឋសភាធីបតី )។
-
រដ្ឋសហព័ន្ធ នាម
ដែនដីនៃសហគមប្រជាជាតិណាមួយដែលប្រព័ន្ធគ្រប់គ្រងមានពីរកម្រិតគឺមានការបែងចែកអំណាចរវាងរដ្ឋាភិបាលសហព័ន្ធនិងរដ្ឋាភិបាលនៃរដ្ឋជាសមាជិក។រដ្ឋាភិបាលទាំងពីរកម្រិតមានការបែងចែកសមត្ថកិច្ចខុសគ្នាដែលក្នុងនោះរដ្ឋាភិបាលសហព័ន្ធមានសមត្ថកិច្ចផ្ដាច់មុខសំខាន់ៗយ៉ាងតិចបួនគឺវិស័យការពារជាតិវិស័យការបរទេសវិស័យបោះពុម្ពក្រដាសប្រាក់និងវិស័យពាណិជ្ជកម្មអន្តរជាតិ
-
រដ្ឋសីមា នាម
ព្រំប្រទល់របស់រដ្ឋគឺទីខ័ណ្ឌនៃដែនដីរបស់រដ្ឋដែលនៅជិតជាប់គ្នា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។