វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 273 / 1268
-
ត្រៃ គុណនាម
បី (៣), ប្រជុំ៣, ចំនួន៣។
-
ត្រៃចីវរ នាម
ចីវរ៣ឈ្មោះគឺអន្តរវាសកៈ ( ស្បង់ ), ឧត្តរាសង្គ ( ចីពរ ), សង្ឃាដិ ( សំពត់ដេរផ្គួបភ្ជាប់គ្នាជា២ជាន់ឬ៤ជាន់ ); ជាសំពត់សម្រាប់ពួកបព្វជិតជាពុទ្ធសាសនិកប្រើប្រាស់; ហៅថាចីវរ១ត្រៃឬហៅត្រឹមតែត្រៃប៉ុណ្ណោះក៏បាន, ជាចីវរប្បច្ច័យ។
-
ត្រៃតា នាម
ឈ្មោះយុគទី២។ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទី២នោះ។
-
ត្រៃតាយុគ នាម
( ម . ព . ត្រៃតា )។
-
ត្រៃត្រាណ នាម
ទីពំនាក់ជាគ្រឿងរក្សាខ្លួន៣យ៉ាង។
-
ត្រៃត្រិង្ស នាម
( ម . ព . ត្រ័យត្រិង្ស )។
-
ត្រៃទ្វារ នាម
ទ្វារ៣ឬប្រជុំនៃទ្វារ៣គឺកាយទ្វារ ( សព៌ាង្គកាយទុកដូចជាទ្វារសម្រាប់បើកបិទបានដោយការនាំចិត្តឱ្យដឹងព្រោះប៉ះពាល់ ), វចីទ្វារ ( សម្ដីទុកដូចជាទ្វារព្រោះការស្ដីនិយាយ ), មនោទ្វារ ( ចិត្តទុកដូចជាទ្វារព្រោះការបង្អោនទទួលអារម្មណ៍ )
-
ត្រៃបិដក នាម
ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា៣ចំណែកគឺវិនយបិដក ( ច្បាប់ទូន្មានដែលព្រះសព្វញ្ញុពុទ្ធត្រង់ត្រាស់បញ្ញត្តនិងអនុញ្ញាត ), សុត្តន្តបិដក ( ពាក្យឱវាទដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងប្រាប់ឱ្យពន្យល់ឱ្យដឹងការខុសត្រូវអាក្រក់ល្អគ្រប់យ៉ាងតែទ្រង់មិនបញ្ញត្តមិនអនុញ្ញាតដូចវិនយបិដកទេ ), អភិធម្មបិដក ( សេចក្ដីប្រាប់ពន្យល់អំពីចិត្ត, ចេតសិក, រូប, និព្វានដែលជាធម៌ល្អិតសុខុមគម្ភីរភាពតែមិនមានបញ្ញត្តិនិងអនុញ្ញាតទេ ); ប្រជុំនៃព្រះពុទ្ធសាសនាទាំង៣ចំណែកនេះហៅដោយរួបរួមថាព្រះត្រៃបិដកឬព្រះត្រ័យបិដកឬក៏ត្រិបិដកព្រោះទុកដូចជាល្អីឬភាជនៈដែលដាក់វត្ថុ៣ចំណែកឱ្យស្ថិតនៅមិនឱ្យរាត់រាយខ្ចាត់ខ្ចាយ។
-
ត្រៃប្រណម្យ នាម
ការប្រណម្យចំពោះព្រះរតនត្រៃមានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃ។
-
ត្រៃប្រណាម នាម
ការបង្អោនកាយវាចាចិត្តថ្វាយបង្គំព្រះរត្នត្រ័យគឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ។
-
ត្រៃពិធ នាម
( ម . ព . ត្រីពិធក្នុងត្រី៣)។
-
ត្រៃពិធសម្បត្តិ នាម
( ម . ព . ត្រីពិធសម្បត្តិក្នុងត្រី៣)។
-
ត្រៃពេទ នាម
( ម . ព . ត្រៃវេទ )។
-
ត្រៃភព នាម
ភព៣ ( ទីសម្រាប់សត្វកើត ) មាន៣ផ្នែកគឺកាមភពមាន១១ឋានគឺឋានសួគ៌៦ជាន់, ឋានមនុស្ស១, អបាយភូមិ៤; រូបភពមាន១៦បានខាងឯឋានរូបព្រហ្ម១៦ជាន់; អរូបភពមាន៤បានខាងឯឋានអរូបព្រហ្ម៤ជាន់; តាមន័យក្នុងគម្ពីរឯទៀតខ្លះក្រៅពីពុទ្ធសាសនាថាភព៣គឺឋានសួគ៌, ឋានមនុស្ស, បាតាល
-
ត្រៃភូមិ នាម
ភូមិ៣គឺទីសម្រាប់ពួកសត្វកើតមាន៣ផ្នែក ( ដូចគ្នានឹងត្រៃភពដែរ )។ឈ្មោះគម្ពីរ១មានសេចក្ដីសំដែងអំពីភូមិ៣
-
ត្រៃភូមិកចិត្ត នាម
ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ៣គឺកាមាវចរចិត្តសម្រាប់សត្វដែលកើតក្នុងកាមភព១១ឋាន, រូបាវចរចិត្តសម្រាប់សត្វដែលកើតក្នុងរូបភព១៦ឋាន, អរូបាវចរចិត្តសម្រាប់សត្វដែលកើតក្នុងអរូបភព៤ឋាន។
-
ត្រៃភេទ នាម
ពាក្យក្លាយតាមសំនៀងសៀមត្រៃពេទដែលគេអានថាត្រៃភេទ។
-
ត្រៃមាស នាម
( ម . ព . ត្រីមាស )។
-
ត្រៃយុគ នាម
យុគ៣ឬប្រជុំនៃយុគ៣ ( បណ្ដាយុគទាំង៤, សំដៅតែត្រង់យុគទី១ទី៣ទី៤) គឺក្រឹតាយុគ, ទ្វាបរយុគ, កលិយុគ។ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទាំង៣នោះ។
-
ត្រៃរត្ន នាម
រ័ត្ន៣, រតនៈ៣ឬប្រជុំនៃរ័ត្ន៣, ការរួបរួមនៃរតនៈ៣គឺព្រះពុទ្ធរ័ត្ន, ព្រះធម្មរ័ត្ន, ព្រះសង្ឃរ័ត្ន។
-
ត្រៃរ័ត្ន នាម
( ម . ព . ត្រៃរត្ន )។
-
ត្រៃលក្ខណញ្ញាណ នាម
ញាណ ( ប្រាជ្ញា ) ដែលកត់សម្គាល់ឬពិចារណាឃើញនូវលក្ខណៈ៣យ៉ាងគឺអនិច្ចំ, ទុក្ខំ, អនត្តា។
-
ត្រៃលក្ខណ៍ នាម
លក្ខណៈ៣យ៉ាងគឺអនិច្ចំសេចក្ដីមិនទៀង, ទុក្ខំសេចក្ដីព្រួយលំបាក, អនត្តាដំណើរមិនមែនលុះក្នុងបង្គាប់ចិត្ត ...។
-
ត្រៃលក្សណ៍ នាម
( ម . ព . ត្រៃលក្ខណ៍ )។
-
ត្រៃលោក នាម
លោក៣គឺកាមលោក, រូបលោក, អរូបលោក ( ដូចគ្នានឹងត្រៃភពដែរ )។មានន័យមួយផ្សេងថាលោក៣គឺ១- សង្ខារលោកអ្វីៗដែលធម្មតាតាក់តែងបង្កើតឱ្យមានដូចយ៉ាងដី, ទឹក, ភ្លើង, ខ្យល់, ឈើ, វល្លិ, ស្មៅជាដើម; ២- សត្តលោកឬសត្វលោកពួកសត្វទាំងអស់ដែលកើតស្លាប់វិលវល់ក្នុងភពទាំងបី; ៣- ឱកាសលោកប្រទេសដែលជាចន្លោះធេងទទេ។
-
ត្រៃវិជ្ជា នាម
ប្រជុំឬការរួបរួមនៃវិជ្ជា៣ប្រភេទ១- សេចក្ដីដឹងជាតិកំណើតដែលធ្លាប់កើតស្លាប់ពីមុនៗរៀងមកមានច្រើនជាអនេករាប់មិនអស់; ២- សេចក្ដីដឹងដំណើរអន្ទោលស្លាប់កើតនៃខ្លួនឯងនិងពួកសត្វដទៃដែលបណ្ដាលមកអំពីអំពើអាក្រក់ល្អផ្សេងៗ; ៣- សេចក្ដីដឹងធម៌ជាឧបាយឱ្យអស់អាសវក្កិលេសទាំងបានញ៉ាំងអាសវក្កិលេសនោះឱ្យអស់ជ្រះស្រឡះពីសន្តានលែងត្រឡប់កើតទៀត។
-
ត្រៃវិទ្យ នាម
អ្នកបានត្រៃវិជ្ជា។
-
ត្រៃវិទ្យា នាម
( ម . ព . ត្រៃវិជ្ជា )។
-
ត្រៃវេទ នាម
វេទ៣ការរួបរួមឬប្រជុំនៃវេទ៣។
-
ត្រៃសរណគមន៍ នាម
ការដល់នូវព្រះពុទ្ធព្រះធម៌ព្រះសង្ឃទាំង៣ជាទីរឭកឬជាទីពឹងគឺជឿព្រះរត្នត្រ័យទាំង៣នេះស៊ប់ថាជាទីរឭកឬជាទីពឹងដ៏ប្រសើរបំផុត ( ព . ពុ .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។