វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 557 / 1268
-
ភ្នំ នាម
ពំនូកដីឬថ្មខ្ពស់ត្រដែតផុតឡើងពីផ្ទៃដីប្រក្រតីដែលនៅជិតខាង, ខ្ពស់ត្រដែតជាងសូម្បីដំបូកយ៉ាងធំ។ពាក្យបណ្ដៅលេងថាឯកអង្គទ្រង់នាមឯកខ្ពស់អនេកទាបជាងស្មៅ ( តើគឺអ្វី? គឺភ្នំ។ត្រូវហើយ!)។
-
ភ្នំក្រវាញ នាម
ឈ្មោះស្រុកមួយក្នុងខែត្រពោធិ៍សាត់។
-
ភ្នំខ្សាច់ នាម
គំនរខ្សាច់ដែលគេជញ្ជូនយកមកចាក់គរកពូនឱ្យខ្ពស់ជាងដីធម្មតាសម្អិតសម្អាងឱ្យមានសណ្ឋានជ្រលមដូចរាងចេតិយឬដូចកូនភ្នំនៅក្នុងបរិវេណនៃព្រះវិហារឬក្រោមដើមពោធិព្រឹក្សជាដើម, តាមប្រពៃណីពីបុរាណច្រើនតែធ្វើក្នុងរដូវចូលឆ្នាំថ្មី
-
ភ្នំពេញ នាម
ឈ្មោះក្រុងជារាជធានីនៃកម្ពុជរដ្ឋស្ថិតនៅជាប់តពីត្រើយខាងឯលិចនៃទន្លេចតុម្មុខ, ហៅតាមឈ្មោះភ្នំដីមួយតូចដែលមាននៅជាគោលក្នុងនោះ។តាមព្រះរាជពង្សាវតារប្រទេសកម្ពុជាថាកាលគ . ស . ១៤៣៤ព្រះបាទពញាយ៉ាតទ្រង់ចេញចាកចោលព្រះរាជវាំងបាសាណនៅខេត្តស្រីសន្ធរមកតាំងព្រះរាជវាំងនៅទិសអាគ្នេយ៍នៃភ្នំដូនពេញនាត្រើយខាងលិចទន្លេច្រាបឈាម, កាលនោះទ្រង់បានសន្មតតាំងគោរមនាមព្រះនគរជាដំបូងថា " ក្រុងចតុម្មុខមង្គលសកលកម្ពុជាធិបតីសិរីសោធរបវរឥន្ទបត្តបុរីរដ្ឋរាជសីមាមហានគរ "; ឯឈ្មោះទន្លេច្រាមឈាមទ្រង់បានបញ្ញត្តឱ្យហៅថា " ទន្លេចតុម្មុខ " វិញ។លុះមកដល់គ . ស . ១៤៣៧នៅពេលដែលធ្វើសម្ពោធក្រុងនេះព្រមទាំងធ្វើព្រះរាជពិធីរាជាភិសេកថ្វាយព្រះនាមទ្រង់ជាថ្មីផងនោះព្រះអង្គក៏បានឱ្យសន្មតនាមក្រុងជាថ្មីម្ដងទៀតដោយថែមពាក្យ " ភ្នំដូនពេញ " មកទៀតតែឱ្យខ្លីជាងមុនថា " ក្រុងចតុម្មុខមហានគរភ្នំដូនពេញ " ដូច្នោះវិញដើម្បីកុំឱ្យបាត់ឈ្មោះនិងកេរ្តិ៍ដំណែលរបស់ដូនពេញ; តមកគេហៅកាត់ខ្លីត្រឹមតែ " ភ្នំពេញ " ដរាបមកដល់សព្វថ្ងៃ។
-
ភ្នំភ្នែង នាម
ឈ្មោះឈើរនាមមួយប្រភេទដើមតូចៗសាច់រឹងសម្បុរក្រហមប្រើធ្វើជាឧស, ផ្លែសំប៉ែតៗទំហំប្រមាណប៉ុនៗមេដៃមានរសជូរប្រើធ្វើជាម្ជូរស្លបាន។
-
ភ្នំភ្លើង នាម
ភ្នំមួយប្រភេទដែលជាលទ្ធផលនៃការប្រេះសំបកផែនដីហើយបញ្ចេញកម្អែ, ផេះ, ឧស្ម័ន, និងបំណែកសិលា
-
ភ្នំយោង នាម
បុស្បុកមានសសរខ្ពស់៤មានកំពូលព្រមទាំងគ្រឿងរចនាវិចិត្រផ្សេងៗសម្រាប់តម្កល់សពប្រជាជនធ្វើឈាបនកិច្ចពីខាងក្រោម។
-
ភ្នំស្រង់ នាម
ឈ្មោះភ្នំធំមួយក្នុងស្រុកគងពិសីខែត្រកំពង់ស្ពឺ
-
ភ្នំស្រុក នាម
ឈ្មោះស្រុកមួយឋិតនៅប៉ែកខាងជើង, នៅក្នុងអំណាចខេត្តបាត់ដំបង។
-
ភ្នំស្រូវ នាម
គំនរស្រូវដែលចាក់ធារគរក្នុងព្រះរាជពិធីបរមាឃ, មានតែក្នុងរជ្ជកាលពីបុរាណ។
-
ភ្នំស្រួច នាម
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋក្នុងទិសាភាគខាងឯលិច, សព្វថ្ងៃនេះដាក់ជាស្រុកហៅថាស្រុកភ្នំស្រួចនៅក្នុងអំណាចខែត្រកំពង់ស្ពឺ។
-
ភ្មាស គុណនាមសព្វនាម
( ព . បុ .) សព្វ, សព្វគ្រប់; ច្រើនក្រៃ
-
ភ្រមរ នាម
ភមរជាតិ។
-
ភ្រឹតក នាម
អ្នកធ្វើការឈ្នួល, កូនឈ្នួល; អ្នកបម្រើ, កម្មករ
-
ភ្រឹតិកា នាម
( ម . ព . ភ្រឹតក )។
-
ភ្រុស កិរិយាសព្ទ
( ម . ព . ព្រុស )។
-
ភ្រូណ នាម
សត្វកើតនៅក្នុងផ្ទៃកូនក្មេងតូច។
-
ភ្រូណា នាម
( ម . ព . អំប៊្រីយ៉ុង )។
-
ភ្លក់ កិរិយាសព្ទ
ភ្លក្សសម្ល, ភ្លក្សមើលឱ្យដឹងសាបប្រៃ។
-
ភ្លក្ស កិរិយាសព្ទ
( ម . ព . ភ្លក់ )។
-
ភ្លក្សមើល
( ព . ប្រ .) ធ្វើការអ្វីមួយតែបន្តិចបន្តួចល្បងមើលសិនបើឃើញកើតស្រួលទើបនឹងធ្វើការតទៅទៀត ( ព . សា .)។
-
ភ្លង នាម
ឈ្មោះឈើព្រៃមួយប្រភេទមានសាច់រឹងស្និទ្ធ, មាន២ប្រភេទគឺភ្លងជូរស្លឹកជូរបន្តិចៗប្រើស្ងោរលាងសំពត់បាន; ភ្លងក្អែកស្លឹកធំៗក្រាស់ៗជាងភ្លងជូរ។
-
ភ្លន គុណកិរិយា
អំពីអាការលេបអ្វីៗដែលទន់ចូលទៅទាំងមូលឥតមានទើសទាក់
-
ភ្លនៗ គុណកិរិយា
( ម . ព . ភ្លន )។
-
ភ្លយ កិរិយាសព្ទ
ព្រមនិយាយតាម, និយាយដោយជ្រុលមាត់, របូតមាត់ថា
-
ភ្លា កិរិយាសព្ទ
ញាំសាច់ឆៅឬមច្ឆជាតិឆៅ
-
ភ្លាង នាម
ភ្លាម; បណ្ដើរ; ជាមួយដែរ; ផង; ផងដែរ ( សម្រាប់ប្រើតែក្នុងកាព្យ )
-
ភ្លាត់ កិរិយាសព្ទ
ជ្រុល, ជ្រលួស, លង់ស៊ុន, ទាស, ទាស់ខុសទំនង, ឃ្លាត, ស៊ុនហួស
-
ភ្លាត់ចំណាប់
ភ្លាត់ដោយចាប់មិនស៊ប់, មិនមាំ។
-
ភ្លាត់ឆ្អឹង
ឃ្លាតឆ្អឹងខុសពីប្រក្រតីដោយដួលឬទង្គិចជាដើម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។