វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 377 / 1268
-
បញ្ជា កិរិយាសព្ទ
បង្គាប់; ផ្ដាំផ្ញើ; ច្រើននិយាយថាបង្គាប់បញ្ជាគឺបង្គាប់មានកម្រិតឬបង្គាប់ដោយដាច់ខាត ( ច្រើនប្រើជា ( រ . ស .)
-
បញ្ជាការ នាម
ការបង្គាប់; អ្នកបង្គាប់
-
បញ្ជាការដ្ឋាន នាម
ទីបញ្ជាការ
-
បញ្ជាក់ កិរិយាសព្ទ
ធ្វើឱ្យជាក់
-
បញ្ជាទិញ កិរិយាសព្ទ
ទិញវត្ថុឬទំនិញដែលខ្លួនត្រូវការតាមរយៈការផ្ដល់ដំណឹងជាមុន
-
បញ្ជាន់ កិរិយាសព្ទ
ធ្វើឱ្យជាន់; ឱ្យដើរជាន់
-
បញ្ជាន់ត្រស្តិ នាម
ឈ្មោះព្រះរាជពិធីមួយប្រភេទក្នុងកម្ពុជរដ្ឋយើងពីក្នុងសម័យបុរាណរាជ្យអំពីដើម; ពិធីនេះធ្វើនៅវេលាយប់១៤រោចខែផល្គុនមាននិមន្តព្រះភិក្ខុសង្ឃសូត្រភាណយក្ខក្នុងព្រះបរមរាជវាំង, មានបាញ់កាំភ្លើងធំម្ដងៗគ្រប់ទិសទាំង៤, មានជិះដំរីបណ្ដេញរូបអារក្សដែលកំពុងជាន់ ( ធ្វើពេញមួយយប់ទាល់ព្រឹក ) សម័យឥឡូវ, លើកលែងតែជិះដំរីបណ្ដេញរូបអារក្សចេញ, ឯរបៀបក្រៅពីនោះនៅទាំងអស់។
-
បញ្ជាន់អារក្ស កិរិយាសព្ទ
អន្ទងឬហៅព្រលឹងអារក្សឱ្យចូលមកសណ្ឋិតក្នុងរូបស្នង
-
បញ្ជាប់ កិរិយាសព្ទ
ភ្ជាប់, ធ្វើឱ្យជាប់ពាក្យតាមដំណើរដែលប្ដេជ្ញា ( ម . ប្រ ., ច្រើនពាក្យថាភ្ជាប់ជាជំនួស )។
-
បញ្ជាប់ចូល នាម
ដំណើរភ្ជាប់ចូលទៅក្នុងកម្មវិធីកុំព្យូទ័របណ្ដាញកុំព្យូទ័រឬទៅក្នុងតំបន់សុវត្ថិភាពណាមួយតាមរយៈអត្ថនាមនិងលេខសម្ងាត់។
-
បញ្ជាប់ពាក្យ កិរិយាសព្ទ
ជូនទ្រព្យរបស់អ្វីនីមួយទៅមាតាបិតាខាងស្រីទុកជាភ័ស្ដុតាងជារបស់បញ្ចាំចិត្តភ្ជាប់មេត្រីក្នុងការចងពន្ធ
-
បញ្ជាប់ព្រលឹង កិរិយាសព្ទ
យកអំបោះមង្គលចងកដៃហើយឱ្យទ្រព្យរបស់អ្វីនីមួយដោយសន្មតិថាភ្ជាប់ព្រលឹងឱ្យស្ថិតនៅបរិបូណ៌ក្នុងរូបអ្នកនោះ
-
បញ្ជិកា នាម
ដូចគ្នានឹងបញ្ជី។
-
បញ្ជិកាក្រឹត នាម
អ្នកធ្វើបញ្ជី, អ្នកចុះបញ្ជី, អ្នកកាន់បញ្ជី, សមុហបញ្ជី, ក្រឡាបញ្ជី។
-
បញ្ជិះ កិរិយាសព្ទ
ឱ្យជិះ, លើកដាក់ឱ្យជិះលើ, នាំឱ្យជិះ
-
បញ្ជី នាម
កំណត់ដែលកត់ឈ្មោះ, ដែលកត់ទ្រព្យរបស់, ដែលកត់អ្វីៗមានរបៀបមានចំនួន
-
បញ្ជីខ្មៅ នាម
កំណត់ត្រាឈ្មោះមនុស្សក្រុមហ៊ុនឬប្រទេសដែលត្រូវបានចាត់ទុកថាគួរតែជៀសវាង
-
បញ្ជីគិតលុយ នាម
ឯកសារទិញលក់ដែលបានកត់ត្រារវាងអ្នកលក់និងអ្នកទិញ; វិក្កយបត្រ; បណ្ណទំនិញ។
-
បញ្ជីមុខម្ហូប នាម
តារាងរាយឈ្មោះមុខម្ហូប
-
បញ្ជីសារពើភណ្ឌ នាម
សៀវភៅចុះឈ្មោះវត្ថុផ្សេងៗ; បញ្ជីទ្រព្យទាំងអស់
-
បញ្ជីស្បែកឆ្កែ នាម
( ព . សា ) ( ម . ព . បញ្ជីខ្មៅ )។
-
បញ្ជូន កិរិយាសព្ទ
ចាត់, ប្រើ, ផ្ញើមនុស្សឬអ្វីៗទៅដោយមានអ្នកនាំអ្នកជូន
-
បញ្ជើច កិរិយាសព្ទ
ធ្វើឱ្យរីករាយព្រើសចិត្តដោយលើកដោយបន្ទរ
-
បញ្ជោក កិរិយាសព្ទ
ធ្វើឱ្យជោក។
-
បញ្ជោកចិត្ត កិរិយាសព្ទ
ធ្វើចិត្តឱ្យជោកគឺឱ្យជឿស៊ប់, ឱ្យងប់លែងងាកលែងបែរ។
-
បញ្ជោរ កិរិយាសព្ទ
ធ្វើឱ្យជោរ; និយាយលើកជើង, លើកសរសើរឱ្យឡើងទឹកចិត្តហាក់ដូចជាទឹកជោរ។
-
បញ្ជោះ កិរិយាសព្ទ
ពោលពាក្យឬសម្ដែងអាការឬក៏ដាក់អ្វីៗជំរុញជម្រុលផ្គើនហាក់ដូចជាចាក់ជោះឱ្យឈឺចិត្ត។
-
បញ្ជោះបោះបោក កិរិយាសព្ទ
ឱ្យអ្វីៗបញ្ជោះដោយបោះឬបោកឬក៏បោះបោកអ្វីៗបញ្ជោះឱ្យឈឺចិត្ត។
-
បញ្ជោះបោះសោក កិរិយាសព្ទ
បោះបញ្ជោះឱ្យដោយសម្ដែងអាការសោកស្ដាយ។
-
បញ្ជ្រក កិរិយាសព្ទ
បញ្ចូលឱ្យជ្រក, ជម្រក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។