វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 366 / 1268
-
បង់ខ្លាញ់ នាម
ឈ្មោះនំចំហៀវខ្លាញ់មួយប្រភេទ
-
បង់ឃ្លាត កិរិយាសព្ទ
ធ្វើឱ្យឃ្លាត, ធ្វើឱ្យឃ្លាតពីគ្នា
-
បង់ចាញ់ គុណនាម
ដែលថយជាងគ្នាគឺដែលមានចំនួន, ទំហំ, កម្ពស់, ប្រវែងជាដើមថយជាងគ្នា។
-
បង់ចំណែង កិរិយាសព្ទ
ធ្វើឱ្យឆ្នែង។
-
បង់ចំទាញ កិរិយាសព្ទ
( ម . ព . បង់ជំទាញ )។
-
បង់ជំទាញ កិរិយាសព្ទ
កន្ធាំងជើងជ្រែងដៃទាំងពីរគូទរាបផ្ទាល់នឹងផ្ទៃដែលអង្គុយ
-
បង់បត់ នាម
ទេព្រក្ស, អ្នកតានៅព្រៃធំឬនៅដើមឈើធំឬក៏នៅភ្នំ, នៅទួលធំ, នៅកោះដែលមនុស្សអ្នកប្រកាន់ជឿៗថាមានឫទ្ធិស័ក្ដិសិទ្ធិ ( ប្រហែលជាក្លាយមកពីពាក្យថាបាំងបាត់ទេដឹង? ដ្បិតមានគេនិយាយតំណាលថាទេព្រក្សឬអ្នកតាទាំងនោះចួនកាលបំបាំងទ្រព្យរបស់មនុស្សណាមួយដែលធ្វើទាស់ខុសឱ្យបាំងបាត់មើលមិនឃើញ, លុះតែអង្វរករបន់ស្រន់ត្រូវទើបឱ្យមើលឃើញវិញ; អ្នកស្រុកខ្លះហៅថាអស់លោក )។
-
បង់បាញ់ នាម
ចន្ទល់វែងដែលទល់ជ្រែង
-
បង់បោយ កិរិយាសព្ទ
ដើរយោលដៃ
-
បង់បោយរលាស់ដៃ
បង់បោយកម្រើកចុងដៃខ្វិចៗឬធ្លោយៗខ្ជាកៗ។
-
បង់ម្សៀត គុណកិរិយាគុណនាម
បង់ប្រយោជន៍, អសារឥតការ, ដែលគួរតែចោល
-
បង់រុំ នាម
បន្ទះស្បៃលោហធាតុឬប្លាស្ទិកទន់ប្រើក្នុងវេជ្ជសាស្ត្រសម្រាប់រុំព័ទ្ធសរីរាង្គណាមួយដែលរងរបួស។
-
បង់រំលស់ កិរិយាសព្ទ
( ម . ព . រម្លស់ )។
-
បង់សៀត គុណកិរិយាគុណនាម
ដែលអសារឥតការ, ដែលបោះបង់ចោល
-
បង់សំណាញ់ កិរិយាសព្ទ
លោតគ្រវែងខ្លួនប្រហែលដូចគេបង់សំណាញ់
-
បង្ក កិរិយាសព្ទ
ធ្វើឱ្យកកើតឡើង
-
បង្កក កិរិយាសព្ទ
ធ្វើឱ្យកក
-
បង្កក់ កិរិយាសព្ទ
ធ្វើឱ្យមានជោគជ័យ, ឱ្យមានស្រីសួស្ដី, ឱ្យសម្រេចប្រយោជន៍តាមបំណង, ឱ្យកក់ក្ដៅពេញចិត្តមានសង្ឃឹម។
-
បង្កក់ចង្រៃ កិរិយាសព្ទ
រៀបពិធីរម្ងាប់ចង្រៃដោយមានហេតុពីភាល់ភ័យបារម្ភថាមុខជានឹងមានអពមង្គលចូលមកឱ្យទុក្ខទោសពុំខាន។
-
បង្កក់ឆ្មប កិរិយាសព្ទ
រៀបពិធីមង្គលឱ្យឈ្មោះកូនខ្ចីព្រមទាំងជូនរង្វាន់ដល់ឆ្មបផង ( ព . ខ្ព .) ឬ ( រ . ស .) ហៅនាមគ្គហណមង្គល ) " មង្គលកំណត់នាម, មង្គលឱ្យឈ្មោះ "); មង្គលនេះគេធ្វើក្នុងកាលដែលកូនកើតហើយបាន៣ថ្ងៃឬ៧ថ្ងៃក៏មាន។
-
បង្កក់ប្រសិទ្ធ កិរិយាសព្ទ
បង្កក់តាមក្បួនតម្រាបុរាណឱ្យសិរីសួស្ដីដោយមានអាចារ្យចាស់ទុំជាអ្នកធ្វើពិធីឱ្យ
-
បង្កក់ប្រសិទ្ធិ កិរិយាសព្ទ
រៀបហោមពិធីបូជាប្រសិទ្ធីដើម្បីឱ្យមានស្រីសួស្ដីជោគជ័យតេជះឱ្យបានសម្រេចប្រយោជន៍សមតាមបំណងដែលផ្គងឡើងក្នុងចិត្ត ( ធ្វើតាមទម្លាប់ជំនឿ )។
-
បង្កង នាម
សត្វអដ្ឋិចម្មជាតិពួកមួយមានជើងវែងៗមានតង្កៀប, មានព្រុយត្រង់ពោះ, ក្បាលស្រួច, មានពុកមាត់វែងរឹងហៅថាពុកបង្កង, ជាសត្វកើតនៅក្នុងទឹកសាបក៏មាននៅក្នុងទឹកប្រៃក៏មាន, មានរូបសណ្ឋានផ្សេងៗគ្នា។
-
បង្កង់ នាម
បន្ទះឈើឬបន្ទះឫស្សីជាគ្រឿងគ្រឹហាប្រើដាក់ពីលើផ្លានសម្រាប់ទ្រដៃរណែង។
-
បង្កបង្កើត កិរិយាសព្ទ
ធ្វើឱ្យកកើតឡើង។
-
បង្កបង្កើនផល កិរិយាសព្ទ
ធ្វើកសិកម្ម, ធ្វើស្រែចម្ការដាំដំណាំផ្សេងៗ
-
បង្កប់ កិរិយាសព្ទនាម
ធ្វើឱ្យកប់, ដាក់កំបាំងកុំឱ្យឃើញ
-
បង្ករឿង
បង្កហេតុ។
-
បង្កាច់ កិរិយាសព្ទ
ពោលពាក្យកាច់មួលឱ្យខុសពីដំណើរពិត។
-
បង្កាច់បង្កិន កិរិយាសព្ទ
និយាយកាច់កិនឱ្យខុសពីដំណើរពិត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។