វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 263 / 1268
-
ត្រក គុណនាមនាម
ជាលត្បាញដោយបន្ទោះឫស្សី, ផ្ដៅជាដើមមានខ្សែចងយួរ, សម្រាប់ដាក់ត្រីតូចៗនិងបន្លែជាដើម។
-
ត្រកង កិរិយាសព្ទនាម
ចាប់ទ្រក្រសោបលើកឡើង
-
ត្រកាល គុណនាម
ចំពើប, ប្លែក, ទើបប្រែថ្មីឬទើបមានថ្មី
-
ត្រកូល នាម
ពូជពង្ស
-
ត្រកួញ កិរិយាសព្ទ
មូរត្របាញ់ខ្សែឬចម្រៀកផ្ដៅជាដើមឱ្យណែនខ្មាញ់ជាធ្លុងមួយ
-
ត្រកួត នាម
ឧរង្គសត្វ ( សត្វល្មូន ) មួយប្រភេទមនសណ្ឋានរូបរាងដូចទន្សងរបស់នៅក្នុងព្រៃធំស៊ីបាណកសត្វជាអាហារ។សន្តានសត្វថ្លែន, បង្កួយ, ជាស, ទន្សង, ក្រពើ, ជីងចក់, តុកកែ។
-
ត្រកួន នាម
ឈ្មោះវល្លិវារិជជាតិមួយពួកទងនិងស្លឹកប្រើធ្វើជាបន្លែឬអន្លក់; ត្រកួនមានប្រយោជន៍សំខាន់មួយប្រភេទក្នុងប្រទេសឥណ្ឌូចិន
-
ត្រកួនកន្ទែក នាម
( ម . ព . កន្ទែក២)។
-
ត្រកៀត នាម
ឈ្មោះស្មៅទឹកពួកត្រាវធាងនិងគល់ប្រើជាបន្លែបាន
-
ត្រកៀតប៉ោង នាម
ឈ្មោះស្មៅទឹកពួកត្រកៀតបែបភាពដូចត្រកៀតប៉ុន្តែកាលដែលនៅតូចមានពកផ្ដួចជាប្លោកប៉ោងឡើងតទៅទើបបែកចេញជាពន្លកជាស្លឹកព្រោះហេតុនោះទើបហៅថាត្រកៀតប៉ោង; ត្រកៀតនេះមានប្រយោជន៍ច្រើនយ៉ាងណាស់គឺផ្កាមានជនខ្លះគេប្រើជាអន្លក់, ធាងគេប្រើជាបន្លែក៏បាន; ធាងនិងស្លឹកស្រស់គេប្រើជាចំណីឱ្យគោ, ក្របីស៊ី; ធាងបើកាត់ហាលថ្ងៃឱ្យស្ងួតហើយប្រើការបានច្រើនប្រភេទគឺវេញខ្សែចំណង, ខ្សែចែវ, ធ្វើអង្រឹង, ធ្វើកន្ទេល, ធ្វើសំពៀត។ល។
-
ត្រក់ នាម
ឈ្មោះរោគកើតក្នុងពោះជាដុំបណ្ដាលឱ្យពោះធំប៉ោងឡើង
-
ត្រគាក នាម
ប៉ែកអវយវៈនៃមនុស្សត្រង់ខាងក្រោមចង្កេះទាំងពីរខាង។
-
ត្រង កិរិយាសព្ទនាម
ឈ្មោះសត្វមានរូបដូចបង្កួយតែធំជាងបង្កួយ; អ្នកស្រុកខ្លះហៅថាបង្កួយត្រង។
-
ត្រងត្រាប់ កិរិយាសព្ទ
ត្រងយកតម្រាប់គឺស្ដាប់បម្រុងនឹងប្រព្រឹត្តតាមឬស្ដាប់ហើយកាន់តាម។
-
ត្រងាល គុណនាម
រលីងយង់ពីខាងមុខ ( ថ្ពែកតែត្រង់ខាងមុខ )
-
ត្រងិល គុណនាម
រលីងដោយបោចដោយក្បិលឬដែលរលីងដូចគេបោចដូចគេក្បិល
-
ត្រងើល គុណនាម
កំប៉ោក, កំប៉ោងទើលងើល
-
ត្រងោល គុណនាម
រលីង ( និយាយតែពីក្បាល )
-
ត្រង់ គុណនាមធ.នាម
ឈ្មោះពេលសន្មតដោយព្រះអាទិត្យចរមកចំពីលើគឺម៉ោង១២ថ្ងៃ។
-
ត្រចង់ គុណនាម
ស្រស់ប៉ប្រៃ, រុងរឿង
-
ត្រចើល គុណនាម
ដែលធ្លោទៅមុខ ( ដោះ )
-
ត្រចៀក នាម
អាយតនៈសម្រាប់ត្រងរងនូវសំឡេង
-
ត្រចៀកកណ្ដុរ នាម
ឈ្មោះផ្សិតដុះនឹងដើមឈើសម្បុរក្រមៅមានសណ្ឋានស្រដៀងនឹងត្រចៀកកណ្ដុរ; ចួនកាលដុះនៅដីច្រាបក៏មាន
-
ត្រចៀកកាំ នាម
ឈ្មោះសត្វស្លាបតូចមួយប្រភេទសម្បុរខ្មៅច្រើននៅតែនឹងទីតំបន់ដែលមានខ្យល់អាកាសត្រជាក់ស្រួល; នៅភ្នំនៅគុហាមាត់សមុទ្ទដោយកន្លែងផ្សេងៗសត្វត្រចៀកកាំតាំងជាលំនៅធ្វើសម្បុកពង, សម្បុកនោះហៅតាមពាក្យសៀមថារ៉័ងណុក " សម្បុកសត្វស្លាប ", ខ្មែរយើងច្រើនហៅក្លាយថានាងនក់ក៏មាន, ជាវត្ថុមានតម្លៃប្រើជាគ្រឿងត្រជាក់, ជាថ្នាំត្រជាក់។
-
ត្រចៀកក្រាញ់ នាម
តិណជាតិដុះនៅតំបន់ក្ដៅស្លឹករាងមូលមានទងវែងៗរឹមស្លឹករាងជាធ្មេញរណារមានក្លិនក្រអូបពិសេសម្យ៉ាង
-
ត្រចៀកខៀវ នាម
ជំងឺឆ្លងបង្កដោយវីរុសអាទែវីរុសស្ថិតក្នុងសន្តានអាទែរីវីរីដេកើតចំពោះជ្រូកជាពិសេសមេជ្រូកមេជ្រូកផើមនិងកូនជ្រូក
-
ត្រចៀកជ្រូក នាម
( ម . ព . ស្លឹកក្រាស់ )។
-
ត្រចៀកដំរី នាម
ឈ្មោះជីរមួយប្រភេទស្លឹកក្រាស់ហាមជ្រួញៗក្លិនហាងឆួល
-
ត្រចៀកទ្វារ នាម
ប្រដាប់ធ្វើពីលោហៈរាងសំប៉ែតពីរផ្នត់មានរន្ធមានបន្លួញញីឈ្មោលដើម្បីភ្ជាប់ទ្វារទៅនឹងមេទ្វារសម្រាប់បើកបិទ
-
ត្រចៀកធ្ងន់ គុណនាម
( សំនួន .) ដែលស្ដាប់មិនសូវឮនូវអ្វីៗដែលគេនិយាយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។