វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1173 / 1268
-
អាងខ្នាង កិរិយាសព្ទ
ស្ទាក់ស្ទើរ, រារែក, ហ៊ីងហ៊ាង; ទើសមុខទើសក្រោយ
-
អាងទន្លេ នាម
( ភូមិ .) តំបន់ភូមិសាស្ត្រដែលកំណត់ដោយព្រំប្រទល់ផ្ទៃជម្រាលទទួលទឹកភ្លៀងបង្កើតជាប្រព័ន្ធទឹកហូរដោយរាប់បញ្ចូលទាំងទឹកលើដីនិងទឹកក្រោមដី។អាងទន្លេដែលធំមានអាងទន្លេរង
-
អាងទឹក នាម
( ម . ព . អាង២)។
-
អាងឱឃៈ នាម
( ព . ប្រ .) អាងមានទីជ្រកទីស្នាក់ពឹងពាក់ពំនាក់លើអ្នកធំ ( ដូចជាត្រីអាងអន្លង់ទឹកជ្រៅ )។
-
អាច កិរិយាសព្ទ
ហ៊ាន; ប្រព្រឹត្តទៅបាន, ធ្វើបាន; មិនរួញរា, មិនរួញថយ; មិនញញើត; មិនទើសទាក់
-
អាចក្ដី សព្វនាម
( ស . ស .) ( ព . បុ .) ពាក្យជាបុរិសសព្វនាមសម្រាប់បព្វជិតប្រើជាជំនួសឈ្មោះខ្លួននិយាយទៅរកគ្រហស្ថជាសាធារណជនជាជំនួសពាក្យថា " អាត្មា " ( ដោយសេចក្ដីថា " ជាអ្នកដឹងសេចក្ដីខុសត្រូវរាក់ជ្រៅបាន " ឬថា " ជាអ្នកអាចដឹងកិច្ចការក្នុងក្ដីគឺក្នុងវត្តអារាមបាន ") អាចក្ដីបួសបាន១០វស្សាហើយប៉ុន្តែអាចក្ដីមិនចេះទេស្នាទេចេះតែសូត្រធម៌ ( សម័យសព្វថ្ងៃនេះម . ប្រ ., ប្រើតែពាក្យអាត្មាជាធម្មតា )។
-
អាចម នាម
ការលាងជម្រះឱ្យស្អាត, ឱ្យជ្រះមន្ទិលកខ្វក់
-
អាចមន នាម
ការលាងជម្រះ ( មាត់ជាដើម ) ឱ្យជ្រះមន្ទិល
-
អាចមនកិច្ច នាម
កិច្ចលាងជម្រះឱ្យជ្រះមន្ទិល ( នៃមាត់ជាដើម )
-
អាចមនៈ នាម
( ម . ព . អាចមន )។
-
អាចម៍ នាម
អាហារចាស់, អាហារចាស់ដែលបន្ទោចេញមកតាមវច្ចមគ្គ ( ឧច្ចារៈ, លាមក )
-
អាចម៍កន្លង់ នាម
( ព . ប្រ .) កម្ទេចដែលកើតអំពីខួង, ស្វាន, ខៃ, ក្ដារ ( ដោយដែកកណ្ដារ ) ជាដើមស្រដៀងឬដូចកម្ទេចដែលកន្លង់ចោះ ( ពាក្យក្រាបទូលក្សត្រិយ៍ថាមូលកន្លង់ឬកម្ទេចដែកខួងជាដើម )
-
អាចម៍កុក នាម
( ព . ប្រ .) ឈ្មោះត្រីចង្វាមានស្រកាមួយប្រភេទសម្បុរស ( ស្រដៀងនឹងអាចម៍កុក )
-
អាចម៍ក្រចក នាម
មន្ទិលឬក្អែលដែលនៅជាប់នឹងក្រចកត្រង់ខាងចុងម្រាម ( ព . គ .) ក្អែលក្រចកឬមន្ទិលក្រចក; ពាក្យក្រាបទូលក្សត្រិយ៍ថាមូលក្រចកឬមន្ទិលក្រចកក៏បាន )។
-
អាចម៍ក្របី នាម
មន្ទិលឬកំណក្អែលដែលនៅជាប់នឹងស្បែកក្បាលរបស់ទារកឬក្មេង
-
អាចម៍ក្រពើ គុណនាម
( ព . ប្រ .) ដែលក្ដាំងសោះកក្រោះឥតជីជាតិ ( ចំពោះតែដី )
-
អាចម៍ក្លៀក នាម
មន្ទិលឬក្អែលនៅជាប់នឹងក្លៀកមនុស្ស
-
អាចម៍គោ នាម
ឈ្មោះកង្កែបមួយប្រភេទមាឌតូចច្រើននៅអាស្រ័យក្នុងកំពាយអាចម៍គោ
-
អាចម៍ចំណាំង នាម
កម្ទេចដែលចេញពីដែកឈូសឬពន្លាកនៅពេលគេឈូសឬដាប់ឈើ។
-
អាចម៍ច្រមុះ នាម
សំបោរឬមន្ទិលដែលខះកកនៅក្នុងរន្ធច្រមុះ ( ព . គ .) មន្ទិលច្រមុះ; ពាក្យក្រាបទូលក្សត្រិយ៍ថាមូលច្រមុះឬមន្ទិលច្រមុះ )។
-
អាចម៍ឆ្កែ នាម
( ព . ប្រ .) សាច់កំពូកបន្តិចនៅលើចុងច្រមុះក្រពើ ( ប្រដូចនឹងដុំអាចម៍ឆ្កែ )
-
អាចម៍ឆ្ពឹស នាម
ឈ្មោះប្រទាលមួយប្រភេទមានផ្កាធុំក្លិនស្អុយខ្មោះក្នុងវេលាល្ងាចច្រើនដុះក្នុងដីភូមិ
-
អាចម៍ឆ្មា នាម
( ព . ប្រ .) ឈ្មោះអម្ពិលមួយប្រភេទផ្លែតូចៗ ( ស្រដៀងនឹងអាចម៍ឆ្មា )
-
អាចម៍ដី នាម
ដីដែលជីក, កាប់, គាស់, កកាយជាដើម
-
អាចម៍ដែក នាម
កម្ទេចដែកដែលដុតហើយវាយដំឬកាកដែកដែលរម្លាយហើយសល់ពីដែកសម្រាំង ( ពាក្យក្រាបទូលក្សត្រិយ៍ថាមូលដែក )។
-
អាចម៍ដែកឈូស នាម
កម្ទេចឈើដែលចេញពីដែកឈូសនៅពេលឈូស
-
អាចម៍ដំរី នាម
( ព . ប្រ .) ឈ្មោះខ្នុរមួយប្រភេទមានផ្លែតូចៗមូលៗ ( ប្រៀបប្រដូចនឹងសណ្ឋានដុំអាចម៍ដំរី )
-
អាចម៍ត្រចៀក នាម
មន្ទិលឬក្អែលដែលខះកកក្ដាំងនៅក្នុងរន្ធត្រចៀក
-
អាចម៍ធ្មេញ នាម
មន្ទិលដែលនៅជាប់នឹងធ្មេញ, សម្អេកធ្មេញ; ( ព . គ .) មន្ទិលធ្មេញ; ពាក្យក្រាបទូលក្សត្រិយ៍ក៏ថាមន្ទិលធ្មេញដែរ។
-
អាចម៍បន្ទោះ នាម
កម្ទេចឬចម្រៀកដែលកើតពីបិតបន្ទោះឫស្សីឬក៏ផ្ដៅជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។