វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 405 / 1268
-
បាយសី នាម
កំណាត់ដើមចេកមានដោតជើងដាក់បញ្ឈរមានរមូរស្លឹកចេកសណ្ឋានម្រាមដៃដោតជាថ្នាក់ៗមាន៣ថ្នាក់ឬ៥ថ្នាក់, ៧ថ្នាក់, ៩ថ្នាក់មានដោតផ្កាលាយចម្រុះ, មានដាក់បាយព្រលឹងឬលាជដែលហៅថាបាយសីគឺបាយស្រីឬបាយសិរីតម្កល់ត្រង់ខាងលើកំពូល, បែបនេះហៅថាបាយសីធំ។
-
បាយសីប៉ាកឆាម នាម
មានបាយសីមួយបែបទៀតគេមូរស្លឹកចេកសណ្ឋានម្រាមដៃដោតខ្ទាស់ភ្ជាប់គ្នាដាក់គងលើមាត់ចាន, ហៅថាបាយសីប៉ាកឆាមបាយសីទាំងនេះសម្រាប់ដាក់តាំងជាគ្រឿងបូជាឬជាលំអក្នុងពិធីជាមង្គលផ្សេងៗ ( ប្រើតាមសណ្ដាប់ស្រុកចំពោះតែអ្នកដែលត្រូវការចង់ធ្វើ )។
-
បាយសំណុំ នាម
បាយដែលវេចខ្ចប់ដោយស្លឹកចេកស្រស់ជាដើម។
-
បាយសំណែន នាម
បាយចំណីដែលសែន។
-
បាយស្រា នាម
បាយដែលគេដាំសម្រាប់បិតស្រា
-
បាយស្រី នាម
ឈ្មោះគ្រឿងមង្គលការអាពាហ៍ពិពាហ៍មានរបៀបដាក់បាយនិងភោជនាហារច្រើនមុខក្នុងតៀបទាំងគូឆ្វេងស្ដាំមានអ្នកកាន់ដាវរាំបើកគ្របតៀបទាំងនោះក្នុងវេលាដែលកូនប្រុសស្រីកំពុងក្រាបផ្ទឹមគ្នាចងដៃសម្រេចមង្គលការ
-
បាយហុយៗ នាម
បាយក្ដៅៗដែលនៅមានផ្សែងហុយ។
-
បាយឡបាយឡុក នាម
( ម . ព . បាយឡុកបាយឡ )។
-
បាយឡី នាម
កឹងឬតូបធ្វើនៅកន្សៃទូកថ្វែឬទូកស្លាប៉ម។
-
បាយឡុកបាយឡ នាម
ឈ្មោះល្បែងសម្រាប់ក្មេងតូចៗលេងដណ្ដាំស្ល
-
បាយអ នាម
ចំណុះធាតុ២យ៉ាងគឺកំបោរ, ខ្សាច់លាយនឹងទឹកសម្រាប់បូកការដែលធ្វើដោយឥដ្ឋ។
-
បាយអគោម័យ នាម
បាយអដែលយកអាចម៍គោស្រស់លាយនឹងដីដំបូកនឹងចំបើងបូកជញ្ជាំងប្រដឹសឬលញ់លានបែនបោកស្រូវ។
-
បាយាប នាម
អារក្សទឹកសម្រាប់ពួកនេសាទមច្ឆជាតិគោរព
-
បាយាស នាម
ឈ្មោះបាយចម្អិនលាយនឹងទឹកដោះគោព្រមទាំងគ្រឿងផ្សំមានតម្លៃផ្សេងៗ; មាន២យ៉ាងគឺសោទកបាយាសបាយាសមានទឹក ( បាយាសទឹក ), និរុទកបាយាសបាយាសឥតទឹក ( បាយាសគោក )។ ( ច្រើនប្រើនៅប្រទេសឥណ្ឌាសម័យបុរាណ )។
-
បាយ័ន នាម
ឈ្មោះប្រាសាទថ្មបុរាណមួយក្នុងកំពែងនគរធំនៅក្នុងខែត្រសៀមរាប។
-
បារ កិរិយាសព្ទនាម
( ម . ព . បានីយដ្ឋានក្នុងបានីយ )។
-
បារគូ នាម
អ្នកដល់នូវត្រើយនៃវិទ្យា ( ព្រាហ្មណ៍អ្នករៀនចេះចប់ត្រៃវេទ ); អ្នកដល់នូវត្រើយគឺព្រះនិព្វាន ( ព្រះអរហន្ត )។ពាក្យនេះខ្មែរយើងប្រើជាសម្ដីហៅពួកព្រាហ្មណ៍អ្នកធ្វើរាជការក្នុងព្រះបរមរាជវាំងមានមុខក្រសួងខាងការចាំរក្សាថែទាំព្រះខ័នរាជ្យនិងទេវរូបផ្សេងៗ, ជាអ្នកសម្រេចកិច្ចដែលជាលទ្ធិព្រាហ្មណ៍តាមរាជប្រពៃណីនៃព្រះមហាក្សត្រិយ៍រៀងរាល់ព្រះអង្គក្នុងកម្ពុជរដ្ឋតាំងពីព្រេងនាយដរាបមកដល់សព្វថ្ងៃនេះ
-
បារគូបុរោហិត នាម
បារគូជារាជបុរោហិតឬជារាជគ្រូក្នុងរជ្ជកាលបុរាណព្រេងនាយ។
-
បារត នាម
ធាតុរាវមួយប្រភេទសម្បុរស្រដៀងនឹងសំណ, កាលបើត្រូវកម្ដៅក៏ក្លាយបាត់ក្លិននិងរសជាតិដើមមួយរំពេច; ហៅក្លាយជាបរតឬបរទក៏មាន។
-
បារទ នាម
( ម . ព . បារត )។
-
បារមី នាម
គុណជាតិដ៏ល្អដែលបុគ្គលគួរបំពេញ។
-
បារម្ភ នាម
ដំណើរនឹកថប់ឬនឹកព្រួយជាមុន
-
បារាជិក នាម
ឈ្មោះអាបត្តិពួកមួយមានទោសធ្ងន់បំផុតសម្រាប់ភិក្ខុឬភិក្ខុនីក្នុងព្រះពុទ្ធសាសនា ( ព . វិ .)។
-
បារាជិកាបត្តិ នាម
អាបត្តិបារាជិកជាទោសធ្ងន់របស់ភិក្ខុគឺអាបត្តិដែលធ្វើឱ្យភិក្ខុចាញ់ក្នុងព្រះពុទ្ធសាសនាមិនអាចនឹងបួសក្នុងជាតិនេះបានទៀតទេ។
-
បារាយ គុណកិរិយាគុណនាម
ដែលទួទៅ, ដែលសាយសុសសព្វទៅ; ខ្មែរយើងប្រើបានចំពោះតែភ្ជាប់ជាមួយនឹងពាក្យអាស្រូវ
-
បារាយណ៍ នាម
ដំណើរទួទៅ, ពន្លឺ ...។
-
បារាយណ៍ទឹកថ្លា នាម
ឈ្មោះបឹងធំមួយវាលត្លេវស្រឡះស្អាតធេងឥតមានស្មៅឬចកត្រឹបអ្វីឡើយមានទឹកថ្លាឈ្វេងជាប់ជានិច្ច, ឋិតនៅខាងឯលិចនគរធំក្នុងខែត្រសៀមរាប; បឹងនេះកាលពីដើមគេហៅថាបារាយណ៍ខាងលិចព្រោះមានបារាយណ៍មួយទៀតនៅខាងកើតនគរធំជាទំនាបរាក់មិនដក់ទឹកទេគេហៅថាបារាយណ៍ខាងកើតឬហៅម្យ៉ាងទៀតថាតដាក ( សំ . តដាក, តឌាក, តាដាក; បា . តឡាក " ស្រះធំឬបឹងធំ "); លុះតយូរមកដល់សព្វថ្ងៃនេះហៅក្លាយជាប៉ដាកឬប្រដាក។
-
បារាស គុណនាម
ឈ្លើយគឺ ( សត្វ ) ដែលទើបនឹងទាក់ឬចាប់បានមកផ្លាងមិនទាន់សាំងនៅឡើយ
-
បារាំ នាម
រោងលាតមានដំបូលស្មើប្រក់ពាសផ្ទាំងសំពត់ឬស្លឹកឈើប្រើជារបាំងកម្ដៅថ្ងៃឬសន្សើមសម្រាប់ជ្រកបណ្ដោះអាសន្នក្នុងវេលាធ្វើបុណ្យឬធ្វើមង្គលការជាដើម។
-
បារាំកំពូល នាម
ភ្នំយោង៤ជ្រុង ( ឬកាច់ជ្រុងក៏មានខ្លះ ) ពាសសំពត់ស, មានថ្នាក់ជាជាន់ៗ ( តាំងពី៣ជាន់ទៅដល់៩ជាន់, ប្រើតាមបណ្ដាស័ក្ដិនៃបុគ្គល ) មានរំភាយគ្រប់ថ្នាក់, មានកំពូល, ប្រើជារបស់រុងរឿងថ្លៃថ្លាក្នុងការតម្កល់សពធ្វើឈាបនកិច្ច។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។