វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 404 / 1268
-
បាពួន នាម
ឈ្មោះប្រាសាទថ្មបុរាណមួយនៅក្នុងកំពែងនគរធំក្នុងខែត្រសៀមរាប; តាមឈ្មោះដើមថាហេមាទ្រិ “ ភ្នំមាស ”។
-
បាភ្នំ នាម
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះតាំងជាស្រុកហៅថាស្រុកបាភ្នំនៅក្នុងខែត្រព្រៃវែង។
-
បាមោក្ខ គុណនាម
ដែលជាប្រធាន, ជាមេ, ជាអ្នកនាំមុខ, ជាអ្នកនាំអាទិ៍ ( ប្រើជាប្រមុខ្យ ( ប្រមុខ ) ក៏បាន។
-
បាមោជ្ជ នាម
សេចក្ដីរីករាយ, សេចក្ដីពេញចិត្តខ្លាំង
-
បាយ នាម
ភោជនាហារដែលចម្អិនដោយអង្ករស្ងោររំងាស់ហើយសម្រិតឬសង្កត់យកទឹកចេញរួចផ្ងំឱ្យងំ
-
បាយកក នាម
បាយដែលសល់កកនៅក្នុងឆ្នាំងរំលងពេល
-
បាយក្ដាំង នាម
បាយដែលក្ដាំងជាប់នៅបាតឆ្នាំង, បាតខ្ទះមានក្លិនឈ្ងុយ។
-
បាយក្ដាំងគំទឹក នាម
( ម . ព . បាយគំទឹក )។
-
បាយក្រញិញ នាម
ឈ្មោះឈើតូចមួយប្រភេទ។
-
បាយក្រញេញ នាម
( ម . ព . បាយក្រញិញ )។
-
បាយក្រៀម នាម
បាយដែលហាលស្ងួតក្រៀម។
-
បាយក្អែក នាម
ក្ដារបណ្ដុះជារាននៅត្រង់កន្សៃទូកធំៗឬរានដែលធ្វើនៅត្រង់ពាក់កណ្ដាលដងទង់ធំៗខ្ពស់ៗ។
-
បាយខុន នាម
ឈ្មោះបទភ្លេងខ្មែរមួយមេសម្រាប់លេងក្នុងមង្គលការអាពាហ៍ពិពាហ៍, គឺលេងនៅវេលាដែលកូនប្រុសស្រីកំពុងក្រាបផ្ទឹមគ្នាឱ្យពួកញាតិចងដៃ
-
បាយខុំ នាម
ឈ្មោះល្បែងមានរន្ធ១០ក្នុងឈើមានសណ្ឋានទ្រវែងស្រដៀងនឹងពងក្រពើមានគ្រាប់៤២, ដាក់ក្នុងរន្ធហៅថាក្បាលមឿងឬក្បាលជីមឿងទាំងពីរខាងក្នុង១រន្ធដាក់គ្រាប់៥ ( ជា១០), រន្ធជាបរិវារ៨ទៀតក្នុងមួយរន្ធៗដាក់គ្រាប់បួនៗ ( ជា៣២); ពួកក្មេងដែលគ្មានឈើធ្វើក្ដារបាយខុំនោះនាំគ្នាកាយធ្វើរន្ធលេងផ្ទាល់នឹងដី
-
បាយគំទឹក នាម
បាយដែលក្ដាំងនៅជាប់នឹងបាតឆ្នាំងគេចាក់ទឹកត្រាំក្នុងឆ្នាំងឱ្យរីកជ្រាយរបើកចេញពីបាតឆ្នាំងអាចកាយយកបានដោយស្រួល។
-
បាយឆា នាម
បាយដែលឆាជាមួយគ្រឿងផ្សំលាយសាច់ស៊ុតបន្លែជាដើម
-
បាយដំណើប នាម
ឈ្មោះស្មៅដើមរឹងមានគ្រាប់ល្អិតបើត្រូវទឹកស្អិតជាប់គ្នា។
-
បាយតម្រាំ នាម
បាយដែលដាក់ត្រាំក្នុងទឹកអស់១យប់ហើយលាយបរិភោគក្នុងវេលាព្រឹករាប់ថាជាអាហារនាំឱ្យត្រជាក់ស្រួលខ្លួនតាមទម្លាប់អ្នកត្រូវការប្រើ។
-
បាយទា នាម
សេវាលជាតិមួយពួកមានពណ៌បៃតងរាងល្អិតៗដុះអណ្ដែតលីផ្ទៃទឹក។គេច្រើនដួសវាឱ្យសត្វទាឬត្រីស៊ី
-
បាយបត្តបូរ នាម
បាយបំពេញបាត្រ ( បាយរាប់បាត្រ ) ឬបាយសម្រាប់បំពេញបាត្រគឺបាយដែលទាយកគេយកបម្រុងនឹងថែមក្រែងភិក្ខុសង្ឃខ្វះខាតឆាន់មិនគ្រាន់។ហៅម្យ៉ាងថាបាយបិតបូរ " បាយសម្រាប់បំពេញផលឲ្យប្រេត " គឺបាយដែលទាយកប្រគេនភិក្ខុសង្ឃហើយឧទិ្ទសផលបុណ្យជូនទៅបុគ្គលដែលចែកឋានទៅកាន់បរលោកហើយ។
-
បាយបិណ្ឌ នាម
បាយដែលបានពីព្រះសង្ឃត្រាច់ចរបិណ្ឌបាតច្រើនថាបាយបាត្រ
-
បាយបិតបូរ នាម
( ម . ព . បាយបត្តបូរ )។
-
បាយបៀង កិរិយាសព្ទ
ពោលពាក្យបញ្ឆិតបញ្ឆៀងឬដៀមដាម, ជន្លជន្លេញឱ្យអ្នកម្ខាងដឹងឱ្យអន់ចិត្ត
-
បាយព្រលឹង នាម
បាយដំណើបដាក់ក្នុងដូងខ្ចីប្រើក្នុងការមង្គលកោរជុកជាដើមសម្រាប់ឱ្យសាមីខ្លួនអ្នកទទួលមង្គលបរិភោគដោយសន្មតថាចម្រើនព្រលឹងឱ្យមានសេចក្ដីសុខយឺនយូរ ( ធ្វើតាមលទ្ធិព្រាហ្មណ៍ )។
-
បាយម៉ាត នាម
ឈ្មោះឈើតូចមួយប្រភេទស្លឹកមានក្លិនក្រអូបប្រហើរ; មាន២ប្រភេទគឺបាយម៉ាតស្រុក, បាយម៉ាតព្រៃ។
-
បាយម៉ាន នាម
ម្សៅឬអង្ករដំណើបដែលរំងាស់ឱ្យរលួយស្អិតសម្រាប់ប្រើការលាបបិទក្រដាសជាដើម។
-
បាយលីង នាម
( ម . ព . បាយឆា )។
-
បាយសបាយក្រហម នាម
បាយសក្រហមប្រើជាគ្រឿងសំណែន
-
បាយសិង្ឃាដក៍ នាម
ឈ្មោះដុំបាយតូចៗបួនដុំដែលដាក់ទើរលើមាត់ឆ្នាំងដាំថ្នាំរំងាប់រោគប្រើជាគ្រឿងប្រសិទ្ធីថ្នាំឆ្នាំងឱ្យពូកែ ( ប្រើតាមតម្រាគ្រូថ្នាំ )។
-
បាយសិង្ឃាដក៍ហ៊ានប្រមាថកន្ទោងចំ នាម
( ព . ទ . បុ .) និយាយអំពីគេថាឱ្យមនុស្សអ្នកតូចទាបខ្សត់ខ្សោយដែលហ៊ានចូលដណ្ដឹងកូនស្រីអ្នកមានយសស័ក្ដិធំឬអ្នកមានទ្រព្យធនច្រើន, ពុំនោះដែលហ៊ានប្រទូស្ដតតាំងនឹងអ្នកទាំងនោះ, គេប្រៀបដូចជាបាយសិង្ឃាដក៍ជារបស់ថោកទាបជាងកន្ទោងចំដែលសម្រាប់ដាក់ក្នុងទីខ្ពស់ទីរុងរឿងដូច្នោះឯង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។