វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 26 / 31
-
ត្រី គុណនាមនាម
សត្វវារិជជាត ( សត្វទឹក ) ក្នុងពួកសត្វមានទ្រនុងខ្នងដកដង្ហើមដោយសារស្រកី, ខ្លះមានស្រកាខ្លះឥតស្រកាមានឈ្មោះផ្សេងៗច្រើនជាអនេក។
-
ត្រីកូដ គុណនាម
ដែលមានកំពូល៣
-
ត្រីកោណ គុណនាម
ដែលមានជ្រុង៣, មានមុំ៣ឬមានងៀង៣
-
ត្រីកោណកែង នាម
ត្រីកោណដែលមានមុំមួយមានរង្វាស់ស្មើនឹង៩០ដឺក្រេ។
-
ត្រីកោណមាត្រ នាម
ផ្នែកមួយនៃគណិតវិទ្យាដែលសិក្សាអំពីទំនាក់ទំនងរវាងជ្រុងនិងមុំរបស់ត្រីកោណ។
-
ត្រីកោណសមបាត នាម
ត្រីកោណដែលមានជ្រុងពីរស្មើគ្នានិងមានមុំពីរស្មើគ្នា។
-
ត្រីកោណសម័ង្ស នាម
ត្រីកោណដែលជ្រុងទាំងបីមានប្រវែងស្មើគ្នា។ត្រីកោណដែលមុំក្នុងនីមួយៗស្មើនឹង៦០ដឺក្រេ។
-
ត្រីកោណសាមញ្ញ នាម
ត្រីកោណដែលជ្រុងទាំងបីរបស់វាមានប្រវែងមិនស្មើគ្នាហើយមុំក្នុងទាំងបីរបស់វាក៏មានទំហំខុសគ្នាដែរ។
-
ត្រីគុណ គុណនាម
ដែលមានចំណែក៣, ដែលចម្រើនកើនឡើងដោយចំណែក៣, ជា៣ចំណែកឬ៣ភាគ
-
ត្រីងៀតឆ្លៀតពង
( ព . ទ . បុ .) ឆ្លៀតពេល, ឆក់ឱកាសដើម្បីប្រព្រឺត្តនូវអំពើខុសឆ្គងណាមួយ
-
ត្រីងៀតអង្គរ នាម
ត្រីងៀតឬងៀតប្រាដែលនាំមកពីទន្លេសាបប៉ែកខាងខែត្រសៀមរាប។
-
ត្រីចក្រយាន នាម
ឈ្មោះយានតូចមានកង់៣មួយប្រភេទ។
-
ត្រីចក្រយានយន្ត នាម
យានមួយប្រភេទមានកង់បីសម្រាប់ដឹកទំនិញឬសម្ភារៈផ្សេងៗដោយប្រើកម្លាំងម៉ាស៊ីន។
-
ត្រីចង្វាជ្រើមពព្រើម
ត្រីចង្វាច្រើនដែលជ្រើមក្នុងទឹកមើលទៅឃើញ។
-
ត្រីទស គុណនាម
ដប់បី (១៣); ឬ១០បីដង (៣ x ១០ = ៣០)។
-
ត្រីធា នាម
ភាគបី, ខ្ទង់ឬចំណែកបី។
-
ត្រីនេត្រ គុណនាមនាម
ដែលមានភ្នែក៣, គឺមំសចក្ខុភ្នែកសាច់គឺភ្នែកមែនទែន, បញ្ញាចក្ខុភ្នែកគឺប្រាជ្ញា ( ប្រាជ្ញាទុកដូចជាភ្នែក ), ធម្មចក្ខុភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង៣នេះហៅថាត្រីនេត្រ។
-
ត្រីបញ្ឆោត នាម
ត្រីរំអិលដែលស៊ីសំគេបញ្ឆោតចាប់បានមក។
-
ត្រីបថ នាម
ទីប្រជុំនៃផ្លូវបែក៣, ផ្លូវបែក៣, ផ្លូវត្រឡែងកែង៣។
-
ត្រីប្រស់ នាម
ត្រីដែលគេប្រស់ទុក។
-
ត្រីពិធ គុណនាម
ដែលមានប្រការ៣, មាន៣ប្រការ, មាន៣យ៉ាង។
-
ត្រីពិធសម្បត្តិ នាម
សម្បត្តិមាន៣យ៉ាងគឺមនុស្សសម្បត្តិ, ទិព្វសម្បត្តិ, និព្វានសម្បត្តិ។
-
ត្រីភាគ នាម
ភាគបី, ចំណែកបី។
-
ត្រីភាគី គុណនាម
ដែលមានភាគបី, ដែលមានបីផ្នែក, ដែលមានគ្នាបីក្រុម
-
ត្រីមាត់ នាម
ត្រីបង្ហើបមាត់ឡើងពីក្នុងទឹកមានលាន់ឮសូរផង។
-
ត្រីមាស នាម
បីខែ; ប្រជុំនៃខែ៣, ចំនួន៣ខែ, ការរួមចំនួនខែត្រឹម៣
-
ត្រីមុខ នាម
ប្រធាន, ប្រមុខ, អ្នកនាំមុខ, មនុស្សបានការ, អ្នកដែលគេយកជាមុខមាត់ : ពាក្យនេះទំនងជាជាប់ទាក់ទងមកពីកូនចត្រង្គមួយប្រភេទហៅថាត្រីដែលគេត្រូវតម្រៀបនៅជួរមុខទេដឹង? ព្រោះត្រីទាំងនោះគេទុកជាសេនាទាហានអង់អាចសម្រាប់ការពារខុន ( ស្ដេច ) ហើយអ្នកលេងល្បែងនេះគេតែងចាប់កាន់រុញដើរជាដំបូងមុនកូនចត្រង្គឯទៀតៗ
-
ត្រីមូរតិ នាម
ត្រីមូរ្តិ, បញ្ញត្តិមួយដែលគេប្រើនៅក្នុងសាសនាហិណ្ឌូសំដៅទៅលើអាទិទេពបីអង្គគឺព្រះព្រហ្ម ( អ្នកបង្កើតលោក ) ព្រះវិស្ណុឬព្រះនារាយណ៍ ( អ្នកការពារនិងថែរក្សាលោក ) និងព្រះសិវៈឬព្រះឥសូរ ( អ្នកបំផ្លាញឬបង្កើតលោកឡើងវិញ ) ហើយត្រូវបានគេធ្វើបដិរូបកម្មជាប្រជុំអាទិទេព។
-
ត្រីរំអិល នាម
ត្រីដែលមានរំអិល។
-
ត្រីវិស័យ នាម
ប្រដាប់មួយប្រភេទរង្វង់មុខស្រដៀងនឹងនាឡិកាមានទ្រនិចវិលចង្អុលទៅទិសខាងជើងជានិច្ចសម្រាប់អ្នកដំណើរប្រើមើលកុំឱ្យវង្វេងច្រឡំទិស
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។