វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 99 / 204
-
សីមាពន្ធន៍ នាម
ការកម្រិតព្រំដែនឬព្រំសីមា, អ្វីៗដែលកម្រិតព្រំដែនសិទ្ធិឬមុខងារអំណាចពីរ, អ្វីៗដែលវែកញែក។
-
សីមារេខា នាម
ខ្សែសីមាពន្ធន៍, ខ្សែកំណត់ព្រំដែន។
-
សីមេលោង នាម
សីត្បាញដោយបន្ទោះផ្ដៅចាក់ជាក្រឡាបួនជ្រុងតូចៗមានសណ្ឋានមូលសម្រាប់ទាត់ដោយខ្នងជើងឱ្យឡើងខ្ពស់ត្រដែត។
-
សីរសាច់ នាម
ឈ្មោះឈើតូចមួយប្រភេទដុះចាក់ឫសសណ្ឋានជាដើមស្លឹកស្រដៀងនឹងទ្រមួច។ ( ពាក្យទេស្នាកម្រងកែវ ) : ...
-
សីរីភទ្រ នាម
សេចក្ដីចម្រើនដោយសិរីឬសិរីដ៏ចម្រើន
-
សីល នាម
វិរតិចេតនាដែលវៀរចាកអំពើអាក្រក់, ការកាន់ឬប្រព្រឹត្តល្អដោយកាយវាចា, ការមិនប្រព្រឹត្តកន្លងសិក្ខាបទឬវិនយប្បញ្ញត្តិ ( ព . ពុ .)។ការកាន់ចរិយាល្អ; ការសង្រួម; អង្គនៃចរិយា; ចរិត, ចរិយា; មារយាទល្អ; សេចក្ដីល្អ; គតិ; លក្ខណៈ; និស្ស័យ; អធ្យាស្រ័យ; សភាព; ប្រក្រតី; ទម្លាប់; សណ្ដាប់ធ្នាប់; ធម្មជាតិ; ធម្មតា។
-
សីលកថា នាម
សម្ដីនិយាយអំពីសីល, និយាយអំពីការប្រព្រឹត្តល្អ។
-
សីលក្ខន្ធ នាម
កងសីល។
-
សីលខណ្ឌ នាម
ការដាច់សីល, ដំណើរខូចការប្រព្រឹត្តល្អ។
-
សីលគន្ធ នាម
ក្លិនសីលគឺកេរ្តិ៍ឈ្មោះល្អ។
-
សីលគុណ នាម
គុណសីល។
-
សីលច្ចាគ នាម
ការលះបង់សីល, ការលះសេចក្ដីល្អចោល។
-
សីលតេជះ នាម
តេជះសីល, អំណាចការប្រព្រឹត្តល្អ។
-
សីលត្យាគ នាម
( ម . ព . សីលច្ចាគ )។
-
សីលទាយក នាម
អ្នកឱ្យសីល។
-
សីលទាយិកា នាម
( ម . ព . សីលទាយក )។
-
សីលធន នាម
សីលដែលទុកជាទ្រព្យ ( របស់សត្វលោក )។
-
សីលធម៌ នាម
សីលដែលជាធម៌ ( របស់សត្វលោក ) ឬសីលនិងធម៌; កិរិយាមារយាទ, សណ្ដាប់ធ្នាប់; ដំបូន្មានដែលនាំឱ្យចៀសវាងអំពើអាក្រក់ហើយឱ្យប្រព្រឹត្តតែអំពើល្អ
-
សីលធម្ម នាម
( ម . ព . សីលធម៌ )។
-
សីលនិធិ នាម
ការប្រព្រឹត្តល្អដែលទុកជាកំណប់ទ្រព្យ ( របស់សត្វលោក )។
-
សីលបារមី នាម
( អ . សិ .) បារមីមួយក្នុងចំណោមបារមីទាំង១០ដែលព្រះពោធិសត្វក្នុងជាតិជាព្រះភូរិទត្តនាគរាជបានបំពេញដោយការរក្សាឧបោសថសីលសូម្បីតែជីវិតក៏ហ៊ានលះបង់។
-
សីលព្វតបរាមាស នាម
ការស្ទាបស្ទង់ព្រយុងចិត្តទៅរកសីលព្វ័ត ( ព . ពុ .)។
-
សីលព្វតុបាទាន នាម
ការប្រកាន់ជឿសីលព្វ័ត ( ព . ពុ .); ប្រើជាសីលព្វតូបាទានក៏បាន។
-
សីលព្វ័ត នាម
ទម្លាប់និងវត្តប្រតិបត្តិខុសទំនងដែលអ្នកប្រព្រឹត្តជឿថាជាផ្លូវបរិសុទ្ធនាំឱ្យរួចចាកទុក្ខ ( ព . ពុ .)។
-
សីលវតី នាម
( ម . ព . សីលវន្ត )។
-
សីលវន្ត នាម
អ្នកមានសីល។
-
សីលវន្តី នាម
( ម . ព . សីលវន្ត )។
-
សីលវិជ្ជា នាម
( ទស្សនៈ .) ការសិក្សាពីអ្វីដែលត្រូវឬខុសនៅក្នុងទង្វើរបស់មនុស្សនិងជាការស្វែងរកជីវិតប្រកបដោយកុសល។សីលវិជ្ជាសិក្សាជាសំខាន់ទៅលើគោលការណ៍សីលធម៌ច្បាប់នៃការប្រព្រឹត្តឬប្រព័ន្ធផ្សេងៗដែលគួរត្រូវបានគេប្រព្រឹត្តតាមយ៉ាងហ្មត់ចត់។សីលវិជ្ជាកំណត់នូវអ្វីដែលជាការប្រព្រឹត្តល្អនិងអ្វីដែលជាការប្រព្រឹត្តមិនល្អ។សីលវិជ្ជាបង្ហាញនូវអំពើរបស់មនុស្សដែលគួរឬមិនគួរយល់ព្រមតាម។សីលវិជ្ជាផ្ដល់ឱ្យយើងនូវគំរូមួយ។ផ្អែកលើមូលដ្ឋាននេះយើងអាចដឹងថាតើអាកប្បកិរិយារបស់យើងប្រកបដោយសីលធម៌ត្រឹមត្រូវប្រកបដោយគុណធម៌និងគួរឱ្យចង់បានឬមិនគួរឱ្យចង់បាន
-
សីលវិជ្ជាជីវៈ នាម
( ទស្សនៈ .) មែកធាងមួយនៃសីលវិជ្ជាអនុវត្តដែលទាក់ទងនឹងបញ្ហាសីលធម៌ស្ដីពីជីវិតនិងមរណភាពដែលផ្ដើមចេញពីការស្រាវជ្រាវខាងជីវសាស្ត្រនិងវេជ្ជសាស្ត្រទំនើបព្រមទាំងការប្រតិបត្តិក្នុងការថែទាំសុខភាព
-
សីលវិជ្ជាអស្ដិរូប នាម
( ទស្សនៈ .) សីលវិជ្ជាមួយប្រភេទដែលសិក្សាអំពីប្រភពនិងអត្ថន័យនៃបញ្ញត្តិទស្សនវិជ្ជាសីលធម៌។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។