វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 196 / 204
-
ស្លាចំណិត
សាច់ផ្លែស្លាដែលឆាកដោយប្រណាកជាចំណិត។
-
ស្លាឆ្អើរ
ផ្លែស្លាខ្ចីដែលបកសំបកចេញហើយឆ្អើរឱ្យស្ងួតក្រៀម។
-
ស្លាជម នាម
កំណាត់ដើមចេកស្រស់ដែលចិតប៉ែកខាងលើបំផុតឱ្យមានរាងជ្រលមហើយមូរស្លឹកម្លូដោតកន្លាស់ខ្ទាស់បង្កោងបន្តិចជាបីជ្រុងឬជាបួនជ្រុងប្រើក្នុងពិធីរៀបព្រះពិស្ណុការជាដើម។
-
ស្លាជីប នាម
ម្លូដែលបៀកដោយកំបោរហើយមូរចង ( មានស្លាថ្នាំដាក់ជាមួយផង )។
-
ស្លាជ្វា នាម
ជ័រខាប់ស្អិតកករឹងសម្បុរខ្មៅរសល្វីងកើតអំពីការរំងាស់សំបកឈើមួយប្រភេទស្លឹកស្រដៀងនឹងពពេលសម្រាប់ប្រើការផ្សំនឹងកំបោរបៀកម្លូស៊ីស្លា, សំបកសុទ្ធមិនបាច់រំងាស់ប្រើស៊ីស្លាក៏បាន; ឈើនុ៎ះឯងក៏ហៅដើមស្លាជ្វាដែរ។
-
ស្លាឈ្មោល នាម
ឈ្មោះរុក្ខជាតិមួយប្រភេទដើមមូលតូចសណ្ឋានស្រដៀងនឹងត្រថុកតែសាច់រឹងជាងស្លឹកវែងៗជាសំណុំកញ្ចុំតែខាងលើ, កាច់ខ្នែងដាំដុះ, គេច្រើនដាំជាលម្អ។
-
ស្លាត នាម
ឈ្មោះត្រីស្រកាមួយប្រភេទរាងស្ដើងសំប៉ែត ( ពួកត្រីក្អី ) មានឆ្អឹងច្រើន។
-
ស្លាតម្ពុល នាម
ផ្លែស្លាដែលគេគរផ្អាប់ទុកយូរបន្តិចឱ្យត្រាតែរលួយសំបក។
-
ស្លាតាឱន នាម
ឈ្មោះឈើតចសារជាតិមួយប្រភេទដើមស្រដៀងនឹងស្លាតែសាច់ខាងក្រៅជាខ្លឹមរឹងច្រើនដុះក្នុងព្រៃទំនាបដងជ្រោះប្រើការធ្វើរនាបជាប់បានយូរ, មានសម្បូណ៌នៅស្រុកកំពង់សោមខែត្រកោះកុង ( ហៅត្រឹមតែតាឱនឬត្រឱនក៏បាន )។
-
ស្លាត្រឱន នាម
( ម . ព . ស្លាតាឱន )។
-
ស្លាត្រួយ នាម
កញ្ចប់ស្លឹកចេកស្រស់ខ្ទាស់កន្លាស់រាងតូចស្រួចចុងដើមស្មើគ្នាមានដាក់ម្លូស្លាខាងក្នុងសម្រាប់ប្រើក្នុងការបុណ្យទានតាមសណ្ដាប់ខ្មែរសម័យបុរាណ។
-
ស្លាថ្មាត់ នាម
ម្លូដែលបៀកបត់ញាត់បញ្ចូលមុខក្នុងស្រទាប់ ( មានស្លាថ្នាំផងដែរ )។
-
ស្លាធម៌ នាម
ប្រដាប់ធ្វើដោយកំណាត់ធាងចេកឬកូនចេកតូចមានជើងមានដោតម្លូស្លានិងផ្កាសម្រាប់ប្រើជាគ្រឿងបូជាឬជាលម្អក្នុងវេលានិមន្តព្រះភិក្ខុសង្ឃសូត្រព្រះបរិត្ត។
-
ស្លាធម៌ដូង នាម
ផ្លែដូងខ្ចីឬទុំដែលរចនាធ្វើជាស្លាធម៌។
-
ស្លាប គុណនាមនាម
អវយវៈមួយប្រភេទរបស់សត្វបក្សីសម្រាប់ទទះ, សម្រាប់ហើរ
-
ស្លាបកែវ នាម
ស្លាបធំជាងស្លាបឯទៀតដុះនៅខាងចុងចំអេងស្លាបបក្សីជាកម្លាំងឱ្យហើរបាន
-
ស្លាបចក្រ នាម
ឧបករណ៍ម្យ៉ាងមានស្លាបពីរឬច្រើនដែលវិលនៅពេលបញ្ឆេះម៉ាស៊ីនធ្វើឱ្យកាណូតឬនាវាជាដើមមានចលនាទៅមុខ
-
ស្លាបចំអេង គុណនាម
ចំហៀងស្លាបត្រង់ចំអេង។
-
ស្លាបច្រវា នាម
ស្មៅទឹកមួយប្រភេទស្លឹកស្ដើងរាងសណ្ឋានស្រដៀងនឹងស្លាបច្រវាអុំសាច់ស្រួយខ្ញោកធាងក៏ស្រួយដែរប្រើជាអន្លក់បាន
-
ស្លាបទា នាម
ស្មៅទឹកមួយប្រភេទពួកស្លាបច្រវាតែស្លឹកតូចៗជាងស្លាបច្រវាសម្បុរខៀវចាស់ប្រើជាអន្លក់បាន។
-
ស្លាបប៉ាកកា នាម
( ម . ព . ប៉ាកកា )។
-
ស្លាបប្រចៀវ នាម
( ព . ប្រ .) អវយវៈមនុស្សត្រង់កន្លែងភ្ជាប់ពីស្មាទៅខ្នង
-
ស្លាបប្រជៀវ នាម
( ម . ព . ស្លាបប្រចៀវ )។
-
ស្លាបព្រា នាម
ប្រដាប់មានសណ្ឋានជាវែកតែតូចល្មមលូកចូលក្នុងរង្វះមាត់បានសម្រាប់ប្រើការដួស, កោយ, ចូកភោជនាហារបរិភោគជាជំនួសម្រាមដៃ
-
ស្លាបព្រាចម្អាប នាម
ស្លាបព្រាធំសម្រាប់ប្រើខាងការបរិភោគចម្អាប។
-
ស្លាបព្រាបង្អែម នាម
ស្លាបព្រាតូចសម្រាប់ប្រើខាងការបរិភោគបង្អែម។
-
ស្លាបព្រិល នាម
ចម្រៀកឈើជាដើមជាបន្ទះតូចៗនៃទ្វារឬបង្អូចសម្រាប់ឱ្យខ្យល់ចូលចេញបាន
-
ស្លាបៀក នាម
ម្លូបៀក ( មានស្លាថ្នាំគ្រប់ព្រម )។
-
ស្លាប់ កិរិយាសព្ទ
អស់ខ្យល់ដង្ហើម, អស់ជីវិត; មិនធ្វើចលនាមិនដំណើរការដូចធម្មតា
-
ស្លាប់ក្រឡា កិរិយាសព្ទ
( ព . ប្រ .) អស់ផ្លូវអស់ដំណើរលែងរើតទៅទៀតបាន; ស្ថិតក្នុងស្ថានភាពទាល់ច្រក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។