វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 53 / 60
-
ម៉ុម គុណនាមនាម
ក្រមុំ, នាងក្រមុំ; ពាក្យថ្នមឬទំយើសម្រាប់ហៅស្ត្រីជាទីស្រឡាញ់
-
ម៉ូក ឧទានសព្ទ
សូរឮដោយគោះឬវាយអ្វីៗដែលណែនស្រួយ ( ថាតាមទម្លាប់ដែលឮ )។
-
ម៉ូង ឧទានសព្ទ
សូរគងតូច
-
ម៉ូងគ្រុំ នាម
ឈ្មោះភ្លេងបុរាណមួយវង់មានស្គរធំមួយ ( ស្គរនោះមានធ្លុះបន្តិច ), មានគងមួយវង់, មានស្រឡៃតូចមួយ, មានគងធំ ( គងមូង ) មួយ, មានឫស្សីកំបែកមួយកំណាត់មានអ្នកភ្លេងតែត្រឹម៣នាក់គឺម្នាក់វាយគងវង់, ម្នាក់ផ្លុំស្រឡៃតូច, ម្នាក់ទៀតវាយស្គរធំផងវាយគងធំផងវាយឫស្សីកំបែកផង ( វាយគោះឱ្យមានសូរស័ព្ទរណ្ដំ ); ខ្មែរប្រើភ្លេងនេះចំពោះតែក្នុងពិធីបុណ្យតម្កល់សពឬបុណ្យឈាបនកិច្ច
-
ម៉ូដឹម នាម
( ប . ព .) ឧបករណ៍អេឡិចត្រូនិកដែលអាចឱ្យបញ្ជូនទិន្នន័យឬផ្លាស់ប្ដូរព័ត៌មានតាមរយៈខ្សែទូរសព្ទពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀត។
-
ម៉ូដែល នាម
គំរូ, សំណាក
-
ម៉ូឌុល នាម
( ភូមិ .) ធារមធ្យមប្រចាំឆ្នាំរបស់ផ្លូវទឹកមួយ
-
ម៉ូណូកូទីលេដុង គុណនាម
រុក្ខជាតិមានគ្រាប់ដែលមានកូទីលេដុងមួយ។
-
ម៉ូត នាម
បែប, ទម្រង់សម្រាប់របៀបរចនាសម្លៀកបំពាក់, សក់, ផ្ទះជាដើម។ជួនសរសេរជា « ម៉ូដ » ក៏មាន
-
ម៉ូតូ នាម
យានមានកង់ពីរដែលដើរដោយកម្លាំងម៉ាស៊ីន
-
ម៉ូតូចោរ នាម
ម៉ូតូដែលត្រូវបានគេលួចឬប្លន់យកមកលក់បន្ត។
-
ម៉ូតូឌុប នាម
( ព . សា .) មធ្យោបាយដឹកជញ្ជូនដោយម៉ូតូយកថ្លៃឈ្នួល
-
ម៉ូទ័រ នាម
ប្រដាប់អូសនិងទាញដោយចរន្តអគ្គិសនី; ឧបករណ៍សម្រាប់បំប្លែងថាមពលអគ្គិសនីឱ្យទៅជាថាមពលមេកានិក
-
ម៉ូយ នាម
( ព . សា .) អតិថិជន, អ្នកទិញទំនិញឬប្រើសេវាជាប្រចាំ
-
ម៉េច គុណកិរិយា
ម្ដេច ( ព . សា .)។ពាក្យសម្រាប់សួរគ្នាដោយឆ្ងល់, ដោយចង់ដឹង
-
ម៉េតប្រាយ នាម
លែបខាយ, ល្បិចល្បង, សម្ដីមានក្នុងមានក្រៅ, ពាក្យលូកលើសើក្រោម
-
ម៉េត្រូ នាម
ប្រព័ន្ធផ្លូវរថភ្លើងនៅក្រោមដី, រថភ្លើងដើរដោយចរន្តអគ្គិសនីដែលរត់លើប្រព័ន្ធផ្លូវក្រោមដីនេះ។
-
ម៉ែ នាមឧទានសព្ទ
ម្ដាយ។ហៅម្ដាយមីងថាម៉ែមីងឬហៅជីដូនថាម៉ែយាយក៏មាន។បុរាណច្រើនហៅស្ត្រីដទៃដែលមានវ័យស្មើនឹងមាតាថាម៉ែ ( រាប់ថាជាពាក្យគោរព )។
-
ម៉ែត្រ នាម
ឈ្មោះរង្វាស់បារាំងសែសប្រវែងដប់ដេស៊ីម៉ែត្រឬមួយរយសង់ទីម៉ែត្រឬក៏មួយពាន់មិល្លីម៉ែត្រ, ជារង្វាស់ដែលក្នុងសម័យសព្វថ្ងៃនេះខ្មែរចេះប្រើពេញទាំងកម្ពុជរដ្ឋ, បើធៀបនឹងរង្វាស់របស់ខ្មែរពីដើមត្រូវគ្នានឹងប្រវែងពីរហត្ថជាងឈើដែលហៅថាហត្ថខ្នាត ( ពីរហត្ថខ្នាត ), ធៀបនឹងហត្ថមនុស្សប្រក្រតីសព្វថ្ងៃនេះច្រើនតែពីរហត្ថមួយទះឬលើសខ្វះពីនោះបន្តិចបន្តួច ( ម៉ែត្រសរសេរកាត់ថាម .)។
-
ម៉ែត្រការ៉េ នាម
ម៉ែត្រទ្វេគុណមានទំហំទីបួនជ្រុងស្មើភាគ ( ម .២); កុំប្រើពាក្យម៉ែត្រក្រឡាព្រោះជាពាក្យគន្លាស់ពុំសមរម្យ, ត្រូវប្រើពាក្យម៉ែត្រទ្វេគុណឬម៉ែត្រការ៉េ ( តាមបារាំង ) វិញក៏បាន។
-
ម៉ែត្រគុប នាម
ម៉ែត្រត្រីគុណមានកម្ពស់មួយម៉ែត្របួនជ្រុងស្មើភាគ ( ម .៣)។
-
ម៉ែឪ នាម
មាតាបិតាអាណាព្យាបាលអ្នកដែលជាតំណាងម្ដាយឪពុក, ( ព . ប្រ .) មេកោយអ្នកដឹកនាំ
-
ម៉ៃ កិរិយាសព្ទ
ចាប់មន្ទិលឬចាប់ពិភាល់ទៅរកដោយដៅស្មាន
-
ម៉ៃដាក់ កិរិយាសព្ទ
ចាប់ពិភាល់ចំពោះត្រង់។
-
ម៉ៃសាក់ នាម
ឈ្មោះឈើធំមួយប្រភេទមានសាច់ជាប់ប្រើការធន់បានយូរជាឈើមានប្រយោជន៍សំខាន់ក្នុងការឈើ។តាមដោយធ្លាប់បានដឹងថាម៉ៃសាក់មាន៣ប្រភេទមានសាច់និងសម្បុរផ្សេងៗពីគ្នាគឺម៉ៃសាក់ដែក, ម៉ៃសាក់មាស, ម៉ៃសាក់អាចម៍ក្របី។
-
ម៉ៃស័ក នាម
( ម . ព . ម៉ៃសាក់ )។
-
ម៉ៃអាថៃ កិរិយាសព្ទ
ចាប់មន្ទិលដោយស្មានព្រោះបានឮឬបានដឹងរហាក់រហៀង។
-
ម៉ោង នាម
ឈ្មោះមាត្រារាប់វេលាមួយជុំទ្រនិចវែងនៃនាឡិកាគឺវេលា៦០នាទី (៦០មិនុត )
-
ម៉ោងកំណត់ នាម
ចំនួនម៉ោងនៃការងារដែលត្រូវបានកំណត់ក្នុងមួយថ្ងៃឬមួយសប្ដាហ៍
-
ម៉ោងចេញលេង នាម
វិស្សមោកាស, ពេលវេលាសម្រាកនៅចន្លោះម៉ោងសិក្សា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។