វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 17 / 21
-
ភ្នែកគោរ នាម
ឆ្អឹងជាអវយវៈនៃមនុស្សមានសណ្ឋានជាពកនៅត្រង់ខាងក្រោមកជើង ( ហៅថាភ្នែកគោលក៏មាន )។
-
ភ្នែកងងឹត នាម
ភ្នែកដែលអន់ភ្លឺឬមិនសូវភ្លឺឬក៏ភ្នែកខ្វាក់ ( ពាក្យគួរសម )។
-
ភ្នែកឆ្មា នាម
ឈ្មោះកែវឬត្បូងមួយប្រភេទសម្បុរឆ្លុះស្រដៀងនឹងភ្នែកឆ្មា ( បាលីហៅមសារគល្ល " កែវឬត្បូងកើតនាភ្នំឈ្មោះមសារៈ " ( ប្រទេសឥណ្ឌា ) ឬកពរមណិ " កែវពពាល " ឬ " ត្បូងភ្នែកឆ្មា "
-
ភ្នែកជញ្ជីង នាម
ចំណុចឬកម្រិតជញ្ជីងជាគ្រឿងសម្គាល់ឱ្យដឹងទម្ងន់។
-
ភ្នែកទន់ គុណនាម
( សំនួន .) ដែលងាយនឹងយំងាយនឹងចេញទឹកភ្នែក
-
ភ្នែកព្រាប នាម
ឈ្មោះឈើព្រៃមួយប្រភេទដើមតូចៗស្លឹកមូលៗល្អិតៗ។
-
ភ្នែកមាន់ នាម
ក្រដាសព័ណ៌ផ្សេងៗដែលដាប់ជាសណ្ឋានមូលៗតូចៗស្រដៀងនឹងភ្នែកមាន់ប្រើការដាក់បន្ទំភ្ជាប់លើក្បាច់ស្ពាន់ក្រាប់។
-
ភ្នែកមុត នាម
ភ្នែកដែលប៉ិនមើលសង្កេតស្គាល់ការណ៍ពិតបានភ្លាមៗ។
-
ភ្នែកសព្រាត គុណកិរិយា
( សំនួន .) ដែលដោយមានអាការៈភិតភ័យខ្លាំងឬមានពិភាល់ក្នុងចិត្ត។
-
ភ្នែកសព្រោង
ភ្នែកបើកក្រឡើតក្រឡាប់ឃើញប្រស្រីសច្បាស់លាស់ដោយភិតភ័យជាដើម។
-
ភ្នែកស្អុយ គុណនាម
ដែលមើលអ្វីមួយមិនឃើញទោះអ្វីនោះនៅនឹងមុខក្ដី
-
ភ្នែកឫស្សី គុណនាម
( ព . ប្រ .) ដែលមានតែភ្នែកមើលឃើញប៉ុន្តែឥតដឹងឥតយល់
-
ភ្នែន នាម
បែបបទឬបែបភាពដែលពែន, កិរិយាអង្គុយពែនជើង
-
ភ្នែល គុណនាម
ដែលសម្ទែលចេញច្បាស់លាស់ ( ច្រើននិយាយតែពីពោះ )
-
ភ្នែលៗ គុណកិរិយា
ដែលបោលឬរត់បោះជើងយាងយាវឬលោតរង្វើលៗ
-
ភ្នំ នាម
ពំនូកដីឬថ្មខ្ពស់ត្រដែតផុតឡើងពីផ្ទៃដីប្រក្រតីដែលនៅជិតខាង, ខ្ពស់ត្រដែតជាងសូម្បីដំបូកយ៉ាងធំ។ពាក្យបណ្ដៅលេងថាឯកអង្គទ្រង់នាមឯកខ្ពស់អនេកទាបជាងស្មៅ ( តើគឺអ្វី? គឺភ្នំ។ត្រូវហើយ!)។
-
ភ្នំក្រវាញ នាម
ឈ្មោះស្រុកមួយក្នុងខែត្រពោធិ៍សាត់។
-
ភ្នំខ្សាច់ នាម
គំនរខ្សាច់ដែលគេជញ្ជូនយកមកចាក់គរកពូនឱ្យខ្ពស់ជាងដីធម្មតាសម្អិតសម្អាងឱ្យមានសណ្ឋានជ្រលមដូចរាងចេតិយឬដូចកូនភ្នំនៅក្នុងបរិវេណនៃព្រះវិហារឬក្រោមដើមពោធិព្រឹក្សជាដើម, តាមប្រពៃណីពីបុរាណច្រើនតែធ្វើក្នុងរដូវចូលឆ្នាំថ្មី
-
ភ្នំពេញ នាម
ឈ្មោះក្រុងជារាជធានីនៃកម្ពុជរដ្ឋស្ថិតនៅជាប់តពីត្រើយខាងឯលិចនៃទន្លេចតុម្មុខ, ហៅតាមឈ្មោះភ្នំដីមួយតូចដែលមាននៅជាគោលក្នុងនោះ។តាមព្រះរាជពង្សាវតារប្រទេសកម្ពុជាថាកាលគ . ស . ១៤៣៤ព្រះបាទពញាយ៉ាតទ្រង់ចេញចាកចោលព្រះរាជវាំងបាសាណនៅខេត្តស្រីសន្ធរមកតាំងព្រះរាជវាំងនៅទិសអាគ្នេយ៍នៃភ្នំដូនពេញនាត្រើយខាងលិចទន្លេច្រាបឈាម, កាលនោះទ្រង់បានសន្មតតាំងគោរមនាមព្រះនគរជាដំបូងថា " ក្រុងចតុម្មុខមង្គលសកលកម្ពុជាធិបតីសិរីសោធរបវរឥន្ទបត្តបុរីរដ្ឋរាជសីមាមហានគរ "; ឯឈ្មោះទន្លេច្រាមឈាមទ្រង់បានបញ្ញត្តឱ្យហៅថា " ទន្លេចតុម្មុខ " វិញ។លុះមកដល់គ . ស . ១៤៣៧នៅពេលដែលធ្វើសម្ពោធក្រុងនេះព្រមទាំងធ្វើព្រះរាជពិធីរាជាភិសេកថ្វាយព្រះនាមទ្រង់ជាថ្មីផងនោះព្រះអង្គក៏បានឱ្យសន្មតនាមក្រុងជាថ្មីម្ដងទៀតដោយថែមពាក្យ " ភ្នំដូនពេញ " មកទៀតតែឱ្យខ្លីជាងមុនថា " ក្រុងចតុម្មុខមហានគរភ្នំដូនពេញ " ដូច្នោះវិញដើម្បីកុំឱ្យបាត់ឈ្មោះនិងកេរ្តិ៍ដំណែលរបស់ដូនពេញ; តមកគេហៅកាត់ខ្លីត្រឹមតែ " ភ្នំពេញ " ដរាបមកដល់សព្វថ្ងៃ។
-
ភ្នំភ្នែង នាម
ឈ្មោះឈើរនាមមួយប្រភេទដើមតូចៗសាច់រឹងសម្បុរក្រហមប្រើធ្វើជាឧស, ផ្លែសំប៉ែតៗទំហំប្រមាណប៉ុនៗមេដៃមានរសជូរប្រើធ្វើជាម្ជូរស្លបាន។
-
ភ្នំភ្លើង នាម
ភ្នំមួយប្រភេទដែលជាលទ្ធផលនៃការប្រេះសំបកផែនដីហើយបញ្ចេញកម្អែ, ផេះ, ឧស្ម័ន, និងបំណែកសិលា
-
ភ្នំយោង នាម
បុស្បុកមានសសរខ្ពស់៤មានកំពូលព្រមទាំងគ្រឿងរចនាវិចិត្រផ្សេងៗសម្រាប់តម្កល់សពប្រជាជនធ្វើឈាបនកិច្ចពីខាងក្រោម។
-
ភ្នំស្រង់ នាម
ឈ្មោះភ្នំធំមួយក្នុងស្រុកគងពិសីខែត្រកំពង់ស្ពឺ
-
ភ្នំស្រុក នាម
ឈ្មោះស្រុកមួយឋិតនៅប៉ែកខាងជើង, នៅក្នុងអំណាចខេត្តបាត់ដំបង។
-
ភ្នំស្រូវ នាម
គំនរស្រូវដែលចាក់ធារគរក្នុងព្រះរាជពិធីបរមាឃ, មានតែក្នុងរជ្ជកាលពីបុរាណ។
-
ភ្នំស្រួច នាម
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋក្នុងទិសាភាគខាងឯលិច, សព្វថ្ងៃនេះដាក់ជាស្រុកហៅថាស្រុកភ្នំស្រួចនៅក្នុងអំណាចខែត្រកំពង់ស្ពឺ។
-
ភ្មាស គុណនាមសព្វនាម
( ព . បុ .) សព្វ, សព្វគ្រប់; ច្រើនក្រៃ
-
ភ្រមរ នាម
ភមរជាតិ។
-
ភ្រឹតក នាម
អ្នកធ្វើការឈ្នួល, កូនឈ្នួល; អ្នកបម្រើ, កម្មករ
-
ភ្រឹតិកា នាម
( ម . ព . ភ្រឹតក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។