វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 32 / 50
-
ពោតផ្អែម នាម
ពោតដែលគេបង្កាត់ពូជប្រភេទថ្មីមានគ្រាប់ពណ៌លឿងខ្ចីសាច់ទន់និងរសជាតិផ្អែមជាងពោតសនិងពោតក្រហម
-
ពោតពូជ នាម
គ្រាប់ពោតដែលគេសម្រាំងទុកដាំតទៅទៀត។
-
ពោតសាលី នាម
ពោតមួយប្រភេទជាពួកដំណាំឧស្សាហកម្មមានផ្លែជាចង្កោមៗដូចផ្លែរពាក់ប្រើចម្រាញ់ជាសារធាតុផ្សំផលិតស្រាបៀរ, ដើមនិងស្លឹកប្រើជាចំណីគោក្របីបាន
-
ពោធិ នាម
ការត្រាស់ដឹងលោកកុត្តរធម៌, ប្រាជ្ញាដែលព្រះសព្វញ្ញុពុទ្ធទ្រង់បានត្រាស់។
-
ពោធិកាល នាម
( ម . ព . ពុទ្ធកាល )។
-
ពោធិញាណ នាម
ប្រាជ្ញាជាគ្រឿងត្រាស់ដឹង
-
ពោធិទ្រុម នាម
ឈើឈ្មោះពោធិ ( ដើមពោធិ៍ )។
-
ពោធិបក្ខិយធម៌ នាម
ធម៌ (៣៧យ៉ាង ) ជាពួកនៃប្រាជ្ញាសម្រាប់ត្រាស់ដឹង ( ព . ពុ .)។
-
ពោធិព្រឹក្ស នាម
( ម . ព . ពោធិទ្រុម )។
-
ពោធិវ័ង្ស នាម
ឋានន្តរទីរាជាគណៈសម្រាប់ឯកថ្នាក់ខ្ពស់ក្នុងកម្ពុជប្រទេសសម្រាប់បព្វជិតជាមហាថេររូបណាមួយអ្នកចេះចាំធម៌វិន័យស្ទាត់ប្រាកដដែលព្រះករុណាជាម្ចាស់ជីវិតទ្រង់ព្រះមេត្តាប្រោសតាំង : ព្រះពោធិវ័ង្ស; ចួនកាលឡើងសមណស័ក្ដិដល់ទីសម្ដេចក៏មាន
-
ពោធិសត្វ នាម
អ្នកដែលមានចិត្តឬមានសេចក្ដីប្រាថ្នាជាប់នៅក្នុងពោធិគឺអ្នកដែលកំពុងខំប្រឹងបំពេញបារមីបម្រុងនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ; បើទុកជាភ្លាត់ជាតិទៅកើតជាតិរច្ឆានក៏គង់នៅហៅថាពោធិសត្វដែរព្រោះមានបំណងនោះជាប់នៅមិនបាត់។
-
ពោធិសម័យ នាម
( ម . ព . ពុទ្ធកាល )។
-
ពោធិសម្ភារ នាម
ការសាងសន្សំឱ្យបានសម្រេចពោធិគឺការកសាងបម្រុងឱ្យបានត្រាស់ជាព្រះពុទ្ធ
-
ពោធិ៍ នាម
ឈើដែលព្រះមហាសត្វគង់អាស្រ័យក្នុងម្លប់ទ្រង់ក៏បានត្រាស់ជាព្រះពុទ្ធ។ឈើដែលហៅថាពោធិ៍ៗសព្វថ្ងៃនេះតាមឈ្មោះដើមហៅថាអស្សត្ថឬអស្សត្ថព្រឹក្សតែដោយហេតុដែលព្រះសក្យមុនីគោតមទ្រង់បានត្រាស់ជាព្រះពុទ្ធក្នុងម្លប់នោះក៏ក្លាយឈ្មោះថាពោធិ៍ឬពោធិទ្រុម, ពោធិព្រឹក្សរៀងមក។
-
ពោធិ៍ធំ នាម
( ម . ព .) ពោធិ៍បាយ។
-
ពោធិ៍ធ្លេ នាម
( ម . ព . ពុតធ្លេ )។
-
ពោធិ៍បាយ នាម
អស្សត្ថព្រឹក្ស។ខ្មែរច្រើនហៅពោធិ៍មួយប្រភេទស្លឹកតូចៗថាពោធិ៍បាយ; ពោធិ៍ដែលមានស្លឹកធំៗច្រើនហៅថាពោធិ៍ធំ។
-
ពោធិ៍សាត់ នាម
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, នៅជាខាងកើតខែត្របាត់ដំបង។តាមពាក្យបរម្បរាពីព្រេងនាយតំណាលថាមានដើមពោធិតូចមួយរសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក, គេបានស្រង់យកទៅដាំនៅទីមួយ, ដោយហេតុនេះទើបឱ្យឈ្មោះភូមិប្រទេសនុះថាពោធិ៍រសាត់ព្រោះពាក្យថារសាត់និងសាត់នេះជាពាក្យតែមួយប្រើជួសគ្នាបាន។លុះចំណេរកាលយូរអង្វែងមកក្លាយជាពោធិ៍សាត់; សព្វថ្ងៃនេះតាំងជាទីរួមខែត្រហៅថាខែត្រពោធិ៍សាត់។
-
ពោធិ៍អស់រាជ្យ នាម
( ព . ប្រ .) ដើមពោធិ៍តាយសាក ( ចំពោះតែដើមពោធិ៍ដែលមានគេគោរព )។
-
ពោន នាម
ឈ្មោះឈើមួយប្រភេទពួកម្កាក់ផ្លែសណ្ឋានស្រដៀងនឹងម្កាក់ដែរតែស្លឹកធំៗជាង។
-
ពោនស្វា នាម
ឈ្មោះឈើមួយប្រភេទស្លឹកសណ្ឋានស្រដៀងនឹងស្ដៅប្រើជាចំណីគោ។
-
ពោប កិរិយាសព្ទ
ទ្រាលទ្រោបឬទ្រាបពីលើ; ឡើងដោយឱបផ្ទាល់ពោះផ្ទាល់ទ្រូង
-
ពោរ គុណនាម
ដែលជន់ជោរឡើង, ដែលឡើងកំពុង
-
ពោរពាស គុណនាមគុណកិរិយា
សម្បូរពោរពេញ
-
ពោរពេញ គុណនាមគុណកិរិយា
ពេញព្រៀបកំពុង។
-
ពោរយំ នាម
( ម . ព . ពោល្យំ )។
-
ពោល កិរិយាសព្ទ
និយាយ, ស្ដី, ថា, ថ្លែង, សម្ដែង
-
ពោលទោស កិរិយាសព្ទ
លើកទោសគឺនិយាយដើមឬបន្ទោសកំបាំងពីមុខ។
-
ពោលរង៉ូវ កិរិយាសព្ទ
និយាយបន្ទោសឬត្អូញឮតិចៗរឿយៗ។
-
ពោលល្ខោន កិរិយាសព្ទ
រាយបទគ្វាមមានទំនងលើកដាក់តាមឃ្លារបះឱ្យល្ខោនរាំតាម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។