វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 23 / 50
-
ពុកចង្កា នាម
រោមដែលដុះត្រង់ចង្កា
-
ពុកឆ្មា នាម
ឈ្មោះឈើតូចមួយប្រភេទផ្កាជាសំណុំសណ្ឋានស្រដៀងនឹងពុកមាត់ឆ្មា។
-
ពុកឆ្អឹង នាម
ជំងឺមួយប្រភេទដែលកើតឡើងដោយសារកង្វះសារធាតុរ៉ែនិងការថយចុះនៃបណ្ដាញប្រព័ន្ធប្រូតេអ៊ីនរបស់ឆ្អឹងបណ្ដាលឱ្យមានការឈឺចុកចាប់ការខូចទម្រង់ដើមនៃឆ្អឹងនិងធ្វើឱ្យឆ្អឹងងាយបាក់
-
ពុកបង្កង នាម
ឈ្មោះស្មៅមួយប្រភេទមានសណ្ឋានស្រដៀងនឹងពុកបង្កង។
-
ពុកមាត់ នាម
រោមដែលដុះនៅក្បែររឹមបបូរមាត់ខាងលើ
-
ពុករលួយ គុណនាម
ពុកផងរលួយផង, ដែលរលួយខូច ( ជាទូទៅសម្រាប់រុក្ខជាតិ )
-
ពុង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យពោះថាមានពោះពុងគឺមានផ្ទៃពោះ ( ព . សា .) សម្រាប់និយាយដោយលំអុតលំឱន )។ប្រើផ្សេងទៅទៀតក៏បាន
-
ពុត នាម
ដំណើរបាំងទោសខ្លួន; ដំណើររបិញរបុញ, កិច្ចកលមាយា, ការក្លែងបង្វែងដំណើរឱ្យឃ្លាតចាកសេចក្ដីពិតដូចយ៉ាងមិនឈឺក្លែងធ្វើឈឺជាដើម
-
ពុតត្បុត នាម
ពុតរបិញរបុញច្រើនបែបច្រើនយ៉ាង។
-
ពុតធ្លេ នាម
ឈ្មោះប្រទាលមួយប្រភេទមានដើម, ស្លឹក, ផ្កាស្រដៀងនឹងចេកទេស។
-
ពុតព្នាយ
ពុតខូចវៀចវរចចេសរបិញរបុញ
-
ពុតព្យសន៍
សម្លាប់ពុតក្លែងធ្វើហាក់ដូចជាមិនឃើញឬមិនដឹងមិនឮមិនយកចិត្តទុកដាក់ដើម្បីឱ្យគេទុកចិត្តភ្លេចខ្លួន, ដោយបម្រុងនឹងដោះគេចខ្លួនឱ្យរួចពីកណ្ដាប់ដៃគេឬនឹងរករឿងរកហេតុគេ
-
ពុតលំញង នាម
ឈ្មោះត្រប់មួយប្រភេទគឺត្រប់ដែលអ្នកស្រុកខ្លះហៅត្រប់លំញងនុះឯង
-
ពុទ្ធ នាម
លោកអ្នកត្រាស់ដឹងធម៌ដែលកំបាំងដូចយ៉ាងអរិយសច្ច៤ជាដើមរហូតដល់មគ្គផលនិព្វាន, ឬលោកអ្នកភ្ញាក់រឭកគឺមានសតិសម្បជញ្ញៈសព្វកាល, ឬលោកអ្នករីកពេញទីដូចជាផ្កាឈូកដែលរីកគ្រប់ស្រទាប់គឺមានព្រះហឫទ័យរីកដោយអំណាចនៃបរិសុទ្ធិព្រោះកម្ចាត់កិលេសអស់ហើយ ( ព្រះសម្មាសម្ពុទ្ធ )
-
ពុទ្ធកាល នាម
កាលឬសម័យគឺគ្រាដែលព្រះពុទ្ធទ្រង់គង់ព្រះជន្មនៅ; ហៅថាពោធិកាលឬពោធិសម័យក៏បាន។ពោធិកាលនៃព្រះសក្យមុនីសព្វញ្ញុពុទ្ធមាន៤៥ឆ្នាំ, ចែកជា៣សង្កាត់គឺ១រាប់ពីត្រឹមឆ្នាំដែលព្រះអង្គបានត្រាស់មកដល់ឆ្នាំទី១៥ហៅថាបឋមពោធិកាល; ២រាប់ពីឆ្នាំទី១៦ដល់ឆ្នាំទី៣០ហៅថាមជ្ឈិមពោធិកាល; ៣រាប់ពីត្រឹមឆ្នាំទី៣១ដល់ឆ្នាំទី៤៥ហៅថាបច្ចិមពោធិកាល; ទ្រង់ចូលបរិនិព្វានក្នុងឆ្នាំទី៤៥នេះ; បូករួមព្រះជន្មពីកាលដែលទ្រង់មិនទាន់បានត្រាស់ជាព្រះពុទ្ធនៅឡើយចំនួន៣៥ឆ្នាំផ្សំមកផងត្រូវជា៨០ឆ្នាំគត់។
-
ពុទ្ធកិច្ច នាម
កិច្ចរបស់ព្រះពុទ្ធគឺការរវល់សម្រាប់ព្រះសព្វញ្ញុពុទ្ធមានស្ដេចយាងចេញបិណ្ឌបាតពីព្រលឹមនិងទ្រង់ត្រាស់សម្ដែងធម៌ប្រទានពុទ្ធបរិស័ទជាដើម; ពុទ្ធកិច្ចមាន៥យ៉ាង១បុរេភត្តកិច្ចកិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលមុនភត្តគឺតាំងពីពេលអរុណរះទៅដល់នឹងពេលថ្ងៃត្រង់។២បច្ឆាភត្តកិច្ចកិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលខាងក្រោយភត្តគឺតាំងពីថ្ងៃបែរពីត្រង់ទៅទល់នឹងល្ងាច ( ព្រលប់ )។៣បុរិមយាមកិច្ចកិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងដើមនៃរាត្រីគឺតាំងពីពេលព្រលប់ទៅទល់នឹងពេលកណ្ដាលអធ្រាត្រ។៤មជ្ឈិមយាមកិច្ចកិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមកណ្ដាលនៃរាត្រីគឺពេលកណ្ដាលអធ្រាត្រ។៥បច្ឆិមយាមកិច្ចកិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងចុងនៃរាត្រីគឺតាំងពីពេលបន្ទាប់អំពីកណ្ដាលអធ្រាត្រទៅទល់នឹងពេលអរុណរះ។
-
ពុទ្ធក្រឹត្យ នាម
( ម . ព . ពុទ្ធកិច្ច )។
-
ពុទ្ធគារវតា នាម
សេចក្ដីគោរពចំពោះព្រះពុទ្ធ។
-
ពុទ្ធគុណ នាម
គុណព្រះពុទ្ធ។
-
ពុទ្ធឃោសាចារ្យ នាម
( ម . ព . ពុទ្ធឃោសៈ )។
-
ពុទ្ធឃោសៈ នាម
នាមព្រះមហាថេរ១អង្គជាអ្នកប្រាជ្ញធំកើតនៅប្រទេសឥណ្ឌាប៉ែកកណ្ដាលក្នុងសតវត្សរ៍ទី១០នៃពុទ្ធសករាជ, បានឆ្លងទៅនៅឯលង្កាទ្វីបក្នុងសតវត្សរ៍នោះគឺក្នុងកាលពុទ្ធសករាជ៩៥៦ឆ្នាំ, រួបរួមគំនិតគ្នាជាមួយនឹងពួកលោកអ្នកប្រាជ្ញក្នុងលង្កាទ្វីប, បានប្រែគម្ពីរអដ្ឋកថាព្រះត្រៃបិដកអំពីភាសាសីហឡៈមកជាមគធភាសាចប់គ្រប់គ្រាន់, ព្រមទាំងបានតែងគម្ពីរឯទៀតមានគម្ពីរវិសុទ្ធិមគ្គនិងអដ្ឋកថាធម្មបទជាដើមទុកជាប្រយោជន៍ដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា, មានជាប់តរៀងមកដល់សម័យសព្វថ្ងៃនេះ។ព្រះមហាក្សត្រិយ៍ទាំងឡាយក្នុងកម្ពុជប្រទេសបានយកនាមព្រះមហាថេរអង្គនេះមកតាំងជាសមណស័ក្ដិទីរាជាគណៈសម្រាប់មហាថេររូបណាមួយដែលចេះព្រះត្រៃបិដកមុតមាំ, ដោយទ្រង់ពេញព្រះរាជហ្ឫទ័យផងហៅថាព្រះពុទ្ធឃោសាចារ្យមានជាប់រៀងដរាបមកដល់សព្វថ្ងៃនេះ។
-
ពុទ្ធង្កូរ នាម
ពន្លកព្រះពុទ្ធគឺព្រះពោធិសត្វដែលបម្រុងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលជាប្រាកដ ( ព . ទេ .) ឬ ( ព . កា .)
-
ពុទ្ធចក្រ នាម
អំណាចព្រះពុទ្ធសាសនាដែលដឹកនាំពុទ្ធសាសនិកឱ្យជឿនលឿនទៅកាន់សេចក្ដីបរិសុទ្ធហាក់ដូចជារទេះមានកង់ជាគ្រឿងវិលនាំទៅ ( ជាគូគ្នានឹងអាណាចក្រ )។
-
ពុទ្ធចារិក នាម
ទីដែលព្រះពុទ្ធទ្រង់ស្ដេចទៅឬស្ដេចមក។
-
ពុទ្ធជាត នាម
ឈ្មោះឈើមួយប្រភេទសណ្ឋានជាវល្លិដើមរឹងស្លឹកស្រដៀងនឹងស្លឹកដើមឆ្អឹងពស់ផ្កាល្អិតៗសម្បុរសក្លិនក្រអូបឆ្អិត, ជាឈើសម្រាប់ដាំក្នុងសួនឬជិតផ្ទះលំនៅ
-
ពុទ្ធជិនោរស នាម
ពាក្យសម្រាប់ហៅបព្វជិតអ្នកប្រតិបត្តិត្រឹមត្រូវតាមពុទ្ធោវាទដោយប្រៀបថាដូចជាបុត្របង្កើតរបស់ព្រះអង្គ; ហៅថាពុទ្ធបុត្រក៏បាន ( ព . ទេ .)។
-
ពុទ្ធញាណ នាម
ញាណរបស់ព្រះពុទ្ធ។
-
ពុទ្ធដីកា នាម
ព្រះបន្ទូលព្រះពុទ្ធ, សំដៅចំពោះពុទ្ធវចនៈគឺបាលីដែលជាគោលដើមនៃព្រះពុទ្ធសាសនា
-
ពុទ្ធដំណើរ នាម
ដំណើរព្រះពុទ្ធគឺការសម្រេចឥរិយាបថដើររបស់ព្រះពុទ្ធ
-
ពុទ្ធតម្រាស់ នាម
វាចាដែលព្រះពុទ្ធទ្រង់ត្រាស់គឺសម្ដីដែលព្រះអង្គទ្រង់ពោលទៅរកបុគ្គលណាមួយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។