វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 74 / 204
-
សាធនភាព នាម
( សេ . ហិ .) ភាពដែលអាចសងបំណុលបានទាំងអស់តាមកាលកំណត់។
-
សាធនីយ៍ គុណនាម
( សេ . ហិ .) ដែលអាចទូទាត់សងរាល់បំណុលតាមកាលកំណត់។
-
សាធនៈ នាម
ពាក្យដែលសម្រេចមកអំពីកិរិយាសព្ទឬអំពីគុណសព្ទដោយមានវិគ្រោះជាទីតាំងចេញមកជានាមនាម, ខាងបាលីដូចជាទ្វីហាទីហិជនេហិសហកម្មំកាតុំសីលមស្សាតិ > សហការី " ជនអ្នកមានកិរិយាធ្វើនូវកិច្ចការជាមួយនឹងជនទាំងឡាយតាំងពីពីរនាក់ឡើងទៅជាប្រក្រតីហៅថាសហការី ", បើស្ត្រីហៅថាសហការិណីឬសហការិនី, ប្រែសម្រួលសេចក្ដីថា " អ្នកធ្វើការជាមួយគ្នា "; ទានំទេតីតិ > ទាយក " អ្នកឱ្យទានអ្នកឱ្យនូវអំណោយ ", បើស្ត្រីជាទាយិកា។សហការីឬសហការិណី; ទាយក, ទាយិកានេះជាសាធនៈឬជាកិតនាមព្រោះមានវិគ្រោះជាទីតាំងប្រមូលបង្កើតបានជានាមនាមខាងភាសាបាលី។ឯខាងភាសាខ្មែរក៏មានពាក្យជាសាធនៈនេះច្រើនណាស់, ពោលដោយសង្ខេប, កិរិយាសព្ទដែលចេញមកជានាមនាមដូចជាកំណាត់ < អ្វីដែលគេកាត់ ( កាត់ > កំណាត់ ); បំណង < គំនិតដែលគេនឹកប៉ង ( ប៉ង > បំណង ); ចង់ > ចំណង់; ចេះ > ចំណេះ; អរ > អំណរ។ល។គុណនាមចេញមកជានាមនាមដូចជាខ្ពស់ > កម្ពស់; តូច > តំណូច; ធំ > ទំហំ; ទាប > ទំនាប។ល។នាមនាមមានប៉ុណ្ណេះជាដើមនេះហៅថាសាធនៈឬហៅថាកិតនាមក៏បាន។ត្រូវប្រើថាខ្ញុំមានបំណង, ខ្ញុំមានអំណរ ... កុំប្រើថាខ្ញុំមានសេចក្ដីបំណង, ខ្ញុំមានសេចក្ដីអំណរដូច្នេះឡើយព្រោះបំណង, អំណរជាសាធនឬជាកិតនាមស្រេចទៅហើយ។ល។
-
សាធារណការ នាម
ការជាសាធារណៈ, ការដែលត្រូវតែធ្វើទួទៅមិនចេះអស់មិនចេះហើយ។ហៅដោយសន្មតិសំដៅការលើកថ្នល់, សង់ស្ពាន, សង់ផ្ទះជាដើមរបស់រាជការ។
-
សាធារណជន នាម
ប្រជាជនទួទៅ, ជនទាំងពួង។
-
សាធារណដ្ឋាន នាម
ទីដែលទៅមកឬប្រើប្រាស់បានទាំងអស់គ្នា។
-
សាធារណទាន នាម
ទានដែលឱ្យដល់ជនទួទៅមិនរើសមុខ ( ព . ផ្ទ .) អសាធារណទានឬបុគ្គលិកទាន )។
-
សាធារណទ្រព្យ នាម
ទ្រព្យសាមញ្ញ, របស់រាយ។
-
សាធារណនាម នាម
( ព . វ .) នាមនាមដែលនៅទួទៅទៀតបាន ( សាមញ្ញនាម )។
-
សាធារណប្រយោជន៍ នាម
ប្រយោជន៍សម្រាប់សាធារណជន។
-
សាធារណមតិ នាម
មតិឬយោបល់របស់សាធារណជន
-
សាធារណរដ្ឋ នាម
រដ្ឋដែលបណ្ដារាស្ត្រជ្រើសរើសតំណាងរបស់ខ្លួនហើយចាត់តាំងឱ្យកាន់កាប់ការផែនដីដូចជាប្រទេសបារាំងសែសជាដើម
-
សាធារណសុខ នាម
សេចក្ដីសុខរបស់ប្រជាជនទួទៅ។
-
សាធារណស្ថាន នាម
( ម . ព . សាធារណដ្ឋាន )។
-
សាធារណៈ គុណនាម
ដែលទួទៅ; ដែលទុកជាកណ្ដាល, ដែលប្រើបានទាំងអស់គ្នា, ដែលមិនចំពោះមួយៗ; សាមញ្ញ, ដែលរាប់រយរាប់ពាន់។
-
សាធុ គុណនាមនាម
ល្អ, ប្រពៃ; ត្រូវ, ត្រឹមត្រូវ; ស្រួល, ស្រួលបួល; ដែលឱ្យសម្រេចផលឬសម្រេចប្រយោជន៍; ដែលពិត, មែន; ...។
-
សាធុកម្ម នាម
អំពើល្អ, បុណ្យ, កុសល។
-
សាធុការ នាម
ការបញ្ចេញវាចាថាសាធុ!
-
សាធុការពរ នាម
សាធុការនិងពរឬពាក្យពរដែលលាយដោយសម្ដីថាសាធុ! ផង
-
សាធុការសព្ទ នាម
សូរសព្ទសាធុការ។
-
សាធុការិនី នាម
( ម . ព . សាធុការី )។
-
សាធុការី នាម
អ្នកបញ្ចេញវាចាថាសាធុ! ឬអ្នកដែលច្រើនប្រើសម្ដីថាសាធុ!។
-
សាធុកីឡា នាម
ការលេងសាធុ, ល្បែងសាធុ, ការរីករាយសប្បាយដោយបញ្ចេញវាចាថាសាធុ! គឺការបញ្ចេញវាចាថាសាធុ! ព្រមៗគ្នាឮខ្លាំងៗរឿយៗក្នុងវេលាកំពុងដើរហែព្រះពុទ្ធរូបឬដើរប្រទក្សិណឧបោសថាគារជាដើមដែលមានមនុស្សម្នាក់ស្រែកថាអនុមោទនាលោកអឺយ! ( អ្ហឺយ ) អ្នកទាំងអស់ទទួលព្រមគ្នាថាសាធុ! ឬទទួលបីដងថាសាធុ! សាធុ! សាធុ! ព្រមៗគ្នាឮខ្លាំងៗ។
-
សាធុក្រីឌា នាម
( ម . ព . សាធុកីឡា )។
-
សាធុក្រឹត គុណនាម
ដែលបានធ្វើឬផ្ទៀងផ្ទាត់ត្រឹមត្រូវហើយ
-
សាធុក្រឹត្យ នាម
ក្រឹត្យត្រឹមត្រូវ។
-
សាធុគត គុណនាមនាម
ដែលឋិតនៅក្នុងអំពើល្អ; អ្នកត្រឹមត្រូវ។
-
សាធុគតា គុណនាមនាម
( ម . ព . សាធុគត )។
-
សាធុជន នាម
ជនអ្នកត្រឹមត្រូវ, មនុស្សអ្នកកាន់អំពើល្អ។
-
សាធុជាត គុណនាម
ល្អ; ដែលត្រឹមត្រូវ, ដែលសម្រេចត្រឹមត្រូវហើយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។