វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 185 / 204
-
ស្រលិត នាម
ឈ្មោះវល្លិឡើងទ្រើងមួយប្រភេទផ្កាជាចង្កោមៗក្លិនក្រអូបឈ្ងុយឆ្ងាញ់, ផ្លែទ្រវែងជមចុងដើមវេលាទុំស្ងួតបែកជាប៉ុយជាប់នឹងគ្រាប់។
-
ស្រលឹង នាម
( ម . ព . ស្រឡឹង )។
-
ស្រលឹប គុណនាម
ស្លឹប, ដែលយុលទាបណាស់គ្របចុះមកក្រោម ( សម័យឥឡូវច្រើនប្រើស្រឡឹបជាង )
-
ស្រលឺកឺ គុណនាម
( ម . ព . ស្រឡឺកឺ )។
-
ស្រលុង កិរិយាសព្ទ
លង់ស្លុតស្មារតីចុះជ្រៅសន្លឹមដោយមានជម្ងឺធ្ងន់ ( ច្រើនតែបណ្ដាលអំពីជំងឺគ្រុនក្ដៅខ្លាំង )
-
ស្រលូង គុណនាម
ជ្រៅសន្លឹមឬចោត, ខ្ពស់សម្លឹងចុះក្រោមឃើញសន្លឹមគួរឱ្យខ្លាចស្រៀវសាច់ងងឹតមុខ ( សម័យឥឡូវច្រើនប្រើស្រឡូងជាង )
-
ស្រលួត គុណនាម
ត្រង់ភ្លឹងឥតរំពត់ឥតពកឥតគន្លាក់
-
ស្រលួតណិល
ស្រលួតធេង, ស្រលួតស្អាត។
-
ស្រលួតស្រឡះ
ស្រលួតខ្ពស់ស្រឡះ។
-
ស្រលួន ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្រឡះថាស្រឡះស្រលួន។
-
ស្រលើ គុណនាម
( ម . ព . ស្រឡើ )។
-
ស្រលើកើ គុណនាម
( ម . ព . ស្រឡើកើ )។
-
ស្រលៀង គុណនាមនាម
ដែលល្អៀងម្ខាងឬត្របាំងបះម្ខាង ( ចំពោះតែភ្នែក )
-
ស្រលៀងស្រឡើ
ស្រលៀងផងស្រឡើផង, ស្រលៀងងើយស្រងើ។
-
ស្រលេញ កិរិយាសព្ទ
( ម . ព . ស្រលាញ់ )។
-
ស្រលេត កិរិយាសព្ទគុណកិរិយាគុណនាមនាម
ដំណើរដេកលក់មួយភាំង, ល្បក់តូច ( សព្វថ្ងៃនេះច្រើនប្រើស្រឡេតជាង )
-
ស្រលេវ គុណនាម
( ម . ព . ស្រឡេវ )។
-
ស្រលែវ គុណនាម
ស្លែវ
-
ស្រលះ គុណនាមគុណកិរិយា
( ម . ព . ស្រឡះ )។
-
ស្រល់ នាម
ឈ្មោះឈើមួយប្រភេទស្លឹកល្អិតៗរឹងៗមានច្រើនបែបមានស្រល់កន្ទុយដំរី, ស្រល់ក្រហមជាដើម។
-
ស្រវន្តី នាម
( ម . ព . សវន្តី )។
-
ស្រវា កិរិយាសព្ទ
លូកដៃទៅចាប់យកអ្វីៗដោយប្រញាប់, ក្រសាវយកដោយម្នីម្នា
-
ស្រវាក់ស្រវាន់ គុណកិរិយាគុណនាម
ស្រពេចស្រពិល, ដែលមិនជាក់លាក់
-
ស្រវាវេច
ក្រសាវវេចដោយម្នីម្នា។
-
ស្រវាស្រទេញ កិរិយាសព្ទគុណកិរិយា
ខំប្រឹងខ្លាំង, សង្វាតខ្លាំង, ខ្មីឃ្មាតសង្វាតពេញកម្លាំង, ប្រើជាគុ . កិ . ក៏បាន
-
ស្រវាឱប
ក្រសាវឱបដោយប្រញាប់។
-
ស្រវាំង គុណនាម
ដែលភ្លឺមិនច្បាស់ព្រោះចាំងពន្លឺថ្ងៃជាដើម ( ចំពោះតែភ្នែក )
-
ស្រវឹង កិរិយាសព្ទ
ប្រែស្មារតីឬងោង, ភ័ន្ត, វង្វេងស្មារតីខុសពីប្រក្រតីដោយសេពសុរាជាដើម
-
ស្រវឹងកាម
( ព . ប្រ .) វក់ចិត្តទៅរកកាម។
-
ស្រវឹងគំនិត
ភ័ន្តគំនិតដោយយល់ថាខ្លួនមិនទាន់ចាស់, មិនទាន់មានរោគ, មិនទាន់ស្លាប់ទេ ( ព . ពុ .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។