វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 21 / 81
-
រនោល នាម
ដំណើរមានគ័ភ៌នៃមេដំរី, ច្រើននិយាយថាមេដំរីកាត់រនោលគឺមេដំរីផើម ( ព . បុ .)។
-
រនះ គុណកិរិយានាម
( ម . ព . ននះ )។
-
រនះរនាត គុណកិរិយា
( ម . ព . ននះនរនាទ )។
-
រន្តិភាព នាម
ភាវៈនៃសេចក្ដីសុខ, ដំណើរបានសុខ; ដំណើរលេងសប្បាយ
-
រន្ថាន់ គុណកិរិយាគុណនាម
ដែលមានអាការញាប់ខ្ជាន់ៗ
-
រន្ទា នាម
ដើមឫស្សី, លំពង់ឈើឬចម្រៀកឈើធំៗដែលចងប្រគងលើគ្នាជាគ្រឿងទប់គ្រឿងជាន់ធ្វើការក្នុងទីខ្ពស់
-
រន្ទាកាំជ្រួច នាម
រន្ទាតូចបួនជ្រុងខ្ពស់ស្រោងសម្រាប់ដាក់បាច់កាំជ្រួចចងតាមថ្នាក់, ហៅដោយសរុបថាកាំជ្រួចរន្ទា។
-
រន្ទាកិល នាម
រន្ទាតូចមានសណ្ឋានស្រដៀងនឹងជណ្ដើរភ្លោះឬសណ្ឋានជាជ្រោងឬក៏បួនជ្រុងលើករំកិលបាន។
-
រន្ទាល គុណនាម
ដែលមានសម្បុរច្រាល, ដែលភ្លឺច្រាល
-
រន្ទាលច្រាលឆ្អៅ គុណនាម
ដែលមានពន្លឺរន្ទាលក្រហមឆ្អៅខ្លាំង។
-
រន្ទឺ គុណកិរិយាគុណនាម
ដែលលេចឮសាយសុសដោយបញ្ចេញសម្ដីកំញើញ, កម្ទរ, ព្យូហ៍ឱ្យភ័យឱ្យញញើត
-
រន្ទេប នាម
សត្វបក្សីមួយប្រភេទមាត្រតូចរាងច្រឡោសម្បុរខ្មៅចុងកន្ទុយឆែកសំឡេងស្រួយ, ជាសត្វរកស៊ីឆាបឆក់សត្វល្អិតជាអាហារ។
-
រន្ទេបតាយសាក នាម
រូបរន្ទេបស្លាប់ឯង ( ឥតគេពិឃាត ) ដែលគេរើសយកមកហាលថ្ងៃឱ្យក្រៀមហើយរុំអំបោះខ្មុកម្រ័ក្សណ៍រក្សាទុកដោយជឿថាជាមង្គលគ្រឿងការពារមិនឱ្យភ្លើងឆេះផ្ទះបាន ( សម្រាប់ជនជាកោតុហលមង្គលិក " ជនអ្នកជឿមង្គលភ្ញាក់ផ្អើល "។
-
រន្ទះ នាម
សូរសព្ទដែលលាន់ឮខ្លាំង
-
រន្ទះទឹក នាម
រន្ទះដែលស្រូបឆក់ដោយកម្លាំងទឹកច្រើនជាងភ្លើង។
-
រន្ទះបាញ់ក្បាលក្រាញ់ នាម
រន្ទះសូរស្រាលៗរឿយៗដែលមានក្នុងខែខាងចុងវស្សានរដូវនៃចន្ទគតិ ( វេលាកំពុងមានអាកាសធ្ងន់ ), ច្រើនមានតែក្នុងឆ្នាំណាដែលមានភ្លៀងស្រួល; តាមពាក្យបរម្បរាថាបាញ់សំដៅក្បាលពួកត្រីក្រាញ់ ...។
-
រន្ទះភ្លើង នាម
រន្ទះដែលស្រូបឆក់ដោយកម្លាំងភ្លើងច្រើនជាងទឹក; តែងឃើញបាញ់ត្រូវត្រង់ដើមឈើឆេះចេញជាភ្លើង ..., ចួនកាលគ្រាន់តែធំក្លិនឆ្ងៀម ( រមែងមានរឿយៗស្ទើរតែរាល់ឆ្នាំ )។
-
រន្ទះមាត់ នាម
( ព . ប្រ .) សូរសំឡេងចេញពីមាត់ដែលស្រែកសន្ធាប់ខ្លាំងប្រៀបប្រដូចនឹងរន្ទះបាញ់
-
រន្ធ នាម
រូង, ប្រហោង; រូងទាល់
-
រន្ធកសត្ត នាម
សត្វដែលអាស្រ័យនៅក្នុងរន្ធឬក្នុងរូង
-
រន្ធគវេសិនី នាម
( ម . ព . រន្ធគវេសី )។
-
រន្ធគវេសី នាម
អ្នកដែលស្វែងរកទោសរបស់អ្នកដទៃជានិច្ចគឺអ្នកដែលហៃខាងការស៊ើបសង្កេតរកទោសកំហុសគេដើម្បីនឹងចាប់ទោសផ្ដួន្ទាធ្វើគេឱ្យវិនាស។
-
រន្ធត់ កិរិយាសព្ទ
ភ័យស្លុត
-
រន្ធប្រស្រី នាម
( ម . ព . កូនក្រមុំ )។
-
រន្ធផើយ នាម
ប៉ែកខាងចុងរន្ធក្នុងដីមានសណ្ឋានសេវឡើងលើធ្លុះក្រហេវបន្តិចឬមិនធ្លុះទេគ្រាន់តែស្ដើងស្ទើរនឹងធ្លុះក៏មានសម្រាប់ឱ្យមានខ្យល់អាកាសដើរស្រួលឬសម្រាប់ដោះខ្លួនចេញក្នុងកាលដែលមានភ័យអាសន្ន ( របស់សត្វរន្ធវាសីពួកខ្លះ )
-
រន្ធវាស នាម
ការនៅក្នុងរូង, ក្នុងប្រហោង។
-
រន្ធវាសិនី នាម
( ម . ព . រន្ធវាសី )។
-
រន្ធវាសី នាម
សត្វដែលមានរន្ធជាលំនៅ
-
រន្ធហុយ នាម
( ម . ព . រន្ធផើយ )។
-
រន្ធហេវ នាម
រន្ធដែលមានប្រហោងតូចបែកសៀវក្រហេវ ( សម្រាប់សត្វម្ចាស់រន្ធគេចលាក់ខ្លួនពួនបំបាំង )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។