វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 17 / 60
-
មហាចក្រពត្តិ នាម
ស្ដេចចក្រពត្តិធំ; ហៅថាមហាចក្រពត្តិរាជឬហៅខ្លីត្រឹមតែមហាចក្រក៏មាន, គេច្រើននិយាយថាសម្បត្តិមហាចក្រ។
-
មហាចោរ នាម
ចោរធំ។
-
មហាជន នាម
ជនច្រើន, ពួកមនុស្សច្រើន, ប្រជាជន។
-
មហាជាតក៍ នាម
ជាតកធំ; ឈ្មោះគម្ពីរជាតកមួយខាងពុទ្ធសាសនាសម្ដែងរឿងរ៉ាវព្រះវេស្សន្តរ ...; ពួកពុទ្ធសាសនិកជនរាប់អានណាស់, ច្រើននិមន្តភិក្ខុសាមណេរទេស្នាតាមកាលរដូវរៀងរាល់ឆ្នាំមិនសូវដែលខាន ( ហៅថាមហាជាតិឬមហាវេស្សន្តរជាតកក៏បាន )។
-
មហាត នាម
មនុស្សពូជសូទ្រៈពួកពលរក្សាដំរី, សេះ, គោ, ក្របីព្រះរាជទ្រព្យក្នុងបុរាណសម័យ; ជាមនុស្សព្រហើនដោយអាងរាជានុភាព, ច្រើនបណ្ដាយដំរី, សេះឬគោក្របីឱ្យចូលលុកលុយស៊ីដំណាំអ្នកស្រុកមិនសូវក្រែងរអែងចិត្តគេ
-
មហាតថៃ នាម
( ម . ព . មហាផ្ទៃ )។
-
មហាតលិក នាម
ខ្ញុំរាជការមានមុខងារគាល់បម្រើព្រះរាជា
-
មហាត្មា នាម
( ម . ព . មហាត្ម័ន )។
-
មហាត្ម័ន នាម
ចិត្តដ៏ប្រសើរ, ចិត្តទូលាយ, ចិត្តឱបអរសាទរ។
-
មហាត្រកាល នាម
ឈ្មោះចេកមួយប្រភេទផ្លែធំៗសំបកក្រាស់, សាច់ជ្រាយ, ផ្លែទុំមានរសផ្អែមត្រជាក់
-
មហាត្រកូល នាម
ត្រកូលធំ, ពូជវង្សខ្ពង់ខ្ពស់។
-
មហាត្រសោល នាម
( សព្ទអារក្ស ) ចេក។
-
មហាថេរ នាម
ថេរៈធំ, ព្រះថេរៈធំ; បើភិក្ខុនីជាមហាថេរី " ថេរីធំ "។
-
មហាថៃ នាម
( ម . ព . មហាតថៃ )។
-
មហាថ្លៃ នាម
( ម . ព . មហាត្រកាល )។
-
មហាទក្សា នាម
ឈ្មោះក្បួនហោរមួយបែបនិយាយពីថ្ងៃកំណើតមនុស្សជាដើម។
-
មហាទាន នាម
ទានធំ ( អំណោយធំ )
-
មហាទុក្ខ នាម
ទុក្ខធំ, ទុក្ខខ្លាំង។
-
មហាទុគ៌ត នាម
( ម . ព . មហាទុរគត )។
-
មហាទុរគត នាម
អ្នកដែលក្រីក្រលំបាកខ្លាំង។
-
មហាទុរភិក្ស នាម
ដំណើរអត់ឃ្លានខ្លាំង, គ្រាអំណត់ខ្លាំង។
-
មហាទុរ្ភិក្ស នាម
( ម . ព . មហាទុរភិក្ស )។
-
មហាទូលាយ នាម
ទូលាយពន់ពេក។
-
មហាទេព នាម
ឋានន្តរមន្ត្រីទីចាងហ្វាងឆ្វេងក្រុមព្រះរាជមន្ទីរ ( រឿនហ្លួង ) ក្នុងព្រះបរមរាជវាំងនៃកម្ពុជរដ្ឋ
-
មហាទ្វីប នាម
ទ្វីបធំ; តាមលទ្ធិពុទ្ធសាសនាថាមាហាទ្វីបមាន៤គឺបុព្វវិទេហៈឬបូព៌វិទេហទ្វីប, ជម្ពូទ្វីប, អបរគោយានទ្វីប, ឧត្តរកុរុទ្វីប; តាមលទ្ធិបុរាណប្រាប់ចំនួននិងឈ្មោះផ្សេងៗគ្នាខុសពីបែបនេះក៏មាន; តាមលទ្ធិសព្វថ្ងៃនេះថាមហាទ្វីបចាស់គឺទ្វីបដែលគេស្គាល់ជាក់មកយូរហើយមាន៣គឺទ្វីបអាស៊ី, . ទ្វីបអឺរុប, ទ្វីបអាហ្វ្រិគ; មហាទ្វីបថ្មីគឺទ្វីបដែលគេទើបនឹងស្គាល់ក្នុងសម័យខាងក្រោយមកមាន២ទៀតគឺទ្វីបអាមេរិគ, ទ្វីបអូស្យានី; រួមមហាទ្វីបទាំងចាស់ទាំងថ្មីជា៥ហៅថាមហាទ្វីបប្រាំភាគ។
-
មហាធានី នាម
ក្រុងធំ, មហានគរ។
-
មហានគរ នាម
នគរធំ, ក្រុងធំ
-
មហានទី នាម
ស្ទឹងឬទន្លេធំ។
-
មហានរក នាម
នរកធំ។
-
មហានាគ នាម
នាគធំ; ដំរីធំ ...។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។