វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 7 / 21
-
ភារកិច្ច នាម
កិច្ចការដែលត្រូវធ្វើឬត្រូវបំពេញ
-
ភារត នាម
ឈ្មោះរឿងនិទានមួយមានសេចក្ដីពិស្ដារវែងឆ្ងាយក្នុងប្រទេសឥណ្ឌាពីព្រេងនាយទាក់ទងដោយពូជវង្សមហាក្សត្រទ្រង់ព្រះនាមភារតៈ; ខ្មែរក្នុងសម័យបុរាណរាប់អានគោរពថាជារឿងស័ក្ដិសិទ្ធិ ( ហៅថាមហាភារតៈក៏បាន )។
-
ភារតយុទ្ធ នាម
ចម្បាំងភារតៈ, រឿងចម្បាំងភារតៈ ( ហៅថាមហាភារតយុទ្ធក៏បាន )។
-
ភារតៈ នាម
( ម . ព . ភារត )។
-
ភារធារី នាម
មន្ត្រីជាជំទប់នៃឯកអគ្គរាជទូតឬឯកអគ្គរដ្ឋទូតមាននាទីបំពេញមុខការក្នុងអង្គទូតជាជំនួសក្នុងករណីដែលឯកអគ្គរាជទូតឬឯកអគ្គរដ្ឋទូតមិននៅ, មន្ត្រីក្នុងអង្គទូតដែលទទួលភារៈកាន់កាប់កិច្ចការជាជំនួសឯកអគ្គរាជទូតឬឯកអគ្គរដ្ឋទូត។
-
ភារា នាម
រាជធានី, ក្រុង; ប្រើក្លាយមកពីពារាដែលជាពាក្យហៅក្រុងពារាណសីដោយសង្ខេបសម្រាប់ប្រើសម្រួលចួនក្នុងកាព្យ, លុះយូរៗមកក៏ក្លាយសេចក្ដីថាក្រុង ( ច្រើនប្រើក្នុងពាក្យកាព្យរឿងជាតក )។
-
ភារិយការ នាម
ការងារធ្ងន់, ការងារដោយបង្ខិតបង្ខំ, ការងារលំបាក។
-
ភារៈ នាម
ទម្ងន់, របស់ធ្ងន់; បន្ទុក, គ្រឿងផ្ទុក; កិច្ចការធ្ងន់; កិច្ចធុរៈរវល់
-
ភាវ គុណនាមនាម
ភាព; ( សរសេរជាភាវៈច្បាស់លាស់ជាង )
-
ភាវនា នាម
ការចម្រើន, ការនឹកចំពោះត្រង់អារម្មណ៍ដ៏ល្អតែមួយដដែលៗឱ្យច្រើនៗគឺនឹកហើយនឹកទៀតរឿយៗជាអនេក, ការរំពឹងស្មឹងស្មាធិ៍
-
ភាវនូបនិស្ស័យ នាម
ឧបនិស័្សយដែលកើតអំពីភាវនាគឺចំណុចចិត្តឬសេចក្ដីពេញចិត្តដែលជាប់ជាស្នាមជាលំអានមកអំពីការបានធ្វើភាវនា។
-
ភាវរូប នាម
រូបតាមភាពគឺរូបដែលមានលក្ខណៈសណ្ឋានផ្សេងគ្នាឱ្យចំណាំបានយ៉ាងដូចរូបបុរសស្ត្រីជាដើម ( រូបបុរសស្ត្រីហៅឥត្ថីភាវរូប, បុរិសភាវរូប )។
-
ភាវៈ នាម
( ម . ព . ភាវ )។
-
ភាវៈរស់ នាម
ភាវៈទាំងឡាយណាដែលមានជីវិតដូចជាផ្សិតរុក្ខជាតិនិងសត្វជាដើម
-
ភាសា នាម
សម្ដី, ពាក្យ
-
ភាសាជាតិ នាម
ភាសាដែលជាអត្តសញ្ញាណរបស់ជាតិសាសន៍ណាមួយ
-
ភាសាបរទេស នាម
ភាសាដែលទីទៃពីភាសាជាតិឬមានប្រភពមកពីប្រទេសផ្សេងៗ
-
ភាសាបរិវត្តកៈ នាម
អ្នកប្រែភាសា, អ្នកបកភាសាគឺអ្នកដែលចេះស្ដាប់ភាសាបានទាំងពីរខាងហើយបកប្រែពីសម្ដីអ្នកម្ខាងទៅជាសម្ដីអ្នកម្ខាង។
-
ភាសាបរិវត្តន៍ នាម
ការប្រែភាសាគឺការនិយាយឬសរសេរប្រែពីភាសាមួយជាភាសាមួយផ្សេង។
-
ភាសាបរិវត្តិកា នាម
( ម . ព . ភាសាបរិវត្តកៈ )។
-
ភាសាមេ នាម
ភាសាដែលផ្ដល់កំណើតដល់ភាសាផ្សេងៗទៀត
-
ភាសាវិទូ នាម
អ្នកប្រាជ្ញឬអ្នកដែលមានជំនាញជ្រៅជ្រះខាងភាសាវិទ្យា
-
ភាសាសាស្ត្រ នាម
ក្បួនពោលអំពីភាសានិយាយ។របៀប, វិធីនៃភាសា។
-
ភាសិត គុណនាមនាម
សម្ដី, ពាក្យ។
-
ភាស៊ី នាម
ពន្ធទំនិញគឺពន្ធដែលរាជការត្រូវហូតយកអំពីអ្នកលក់ទំនិញឬអ្នកនាំទំនិញចេញចូល។ក្នុងកម្ពុជរដ្ឋប្រើពាក្យនេះចំពោះតែពន្ធដែលហូតយករាល់ថ្ងៃអំពីអ្នកលក់ដូរនៅទីផ្សារនីមួយៗដែលមានបញ្ញត្តិឱ្យទារយក; ច្រើននិយាយថាភស៊ី ( ភៈស៊ី ) ឬផាស៊ី។
-
ភាំង កិរិយាសព្ទ
គាំងឬលង់ស្មារតី, ស្រឡាំងកាំង។
-
ភិក្ខវោ ឧទានសព្ទ
ភិក្ខុទាំងឡាយ! ( ម្នាលភិក្ខុទាំងឡាយ!); ព្រះពុទ្ធតម្រាស់ត្រាស់ហៅពួកភិក្ខុឱ្យចូលមកជួបជុំឬឱ្យត្រងត្រាប់ស្ដាប់ព្រះបន្ទូលព្រះអង្គក្នុងហេតុការណ៍អ្វីមួយដែលព្រះអង្គនឹងសម្ដែងប្រាប់។ភិក្ខុទាំងឡាយទទួលព្រះបន្ទូលព្រះអង្គថាភទន្តេ! " សូមទ្រង់ព្រះចម្រើន!" ឬតាមទម្លាប់ប្រែថា " បពិត្រព្រះអង្គទ្រង់ចម្រើន!" ឬក៏ថា " សូមទ្រង់ព្រះមេត្តាប្រោស!" ( ពាក្យសម្រាប់ប្រើក្នុងការប្រែបាលី, ក្នុងការតែងសេចក្ដីធម៌វិន័យឬសម្ដែងធម៌ )។។
-
ភិក្ខា នាម
ការសូម, ការសូមទាន។ ( សំ . ភិក្សា ) បាយ, ភោជនាហារ។
-
ភិក្ខាចរ នាម
អ្នកដើរសូមទាន ( ស្មូម )។
-
ភិក្ខាចរិយា នាម
ការដើរសូម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។