វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 16 / 21
-
ភ្ញាក់ដំណឹង
ភ្ញាក់ជឿដំណឹងដែលប្លែកតែមិនពិត។
-
ភ្ញាក់ប៉ុនគេចោល
ភ្ញាក់ព្រើតដូចគេចោលដុំអ្វីមួយប៉ះត្រូវខ្លួន។
-
ភ្ញាក់ផ្អើល
ភ្ញាក់ដោយរអើលព្រោះដឹងហេតុដោយមិនជាក់ឬព្រោះជឿដោយស្មានៗមិនប្រាកដ។
-
ភ្ញាក់រឭក
នឹកឃើញសេចក្ដីខុសត្រូវរឿយៗមិនភ្លេច។
-
ភ្ញាក់ស្មារតី
មានស្មារតីរឭកឃើញការពិត។
-
ភ្ញាស់ កិរិយាសព្ទ
ធ្វើឱ្យញាស់
-
ភ្ញាស់វិជ្ជា កិរិយាសព្ទ
( ព . ប្រ .) ខំប្រឹងរៀនឱ្យមានវិជ្ជាលូតលាស់ចម្រើនឬជួយឧបត្ថម្ភឱ្យអ្នករៀនមានវិជ្ជាលូតលាស់ចម្រើន។ល។
-
ភ្ញី នាម
ឈ្មោះក្បាច់រចនាដែលគូរឬឆ្លាក់ប្រទាក់ពាក់ព័ន្ធគ្នា; ភ្ញីក្លាយក្បាច់ភ្ញីដែលលាយច្រើនបែបចម្រុះគ្នា; ភ្ញីទេសក្បាច់ភ្ញីដែលធ្វើជារូបដើម, ទង, ស្លឹក, ផ្កា, ផ្លែ, ភ្ញីភ្លើងក្បាច់ភ្ញីដែលប្រទាក់លើគ្នាឈរច្រូងមានសណ្ឋានស្រដៀងនឹងអណ្ដាតភ្លើង; ភ្ញីវល្លិក្បាច់ភ្ញីដែលមានសណ្ឋានជាវល្លិវារប្រទាក់គ្នា។
-
ភ្ញីទៀន នាម
ឈ្មោះគ្រឿងអុជជាលម្អមានដងដាំបញ្ឈរមានបន្ទោះឫស្សីមូលៗវែងៗជាងគ្នាតាមលំដាប់ថ្នាក់រុំរំសេវលាយស្ពាន់ធ័រត្រង់ខាងចុងដោយក្រដាសស្ដើងសាច់ស្វិតដោតគល់ភ្ជាប់នឹងដងជាជួរដោយសង្កាត់ៗតាមថ្នាក់ក្រសោបរួបក្ដោបខាងចុងដោយឆ្នួនសម្រាប់អុជនៅវេលាយប់ក្នុងឱកាសធ្វើបុណ្យនីមួយៗ
-
ភ្ញីផ្កា
ផ្កាកម្រងនិងផ្ការាយផ្សេងៗ, ច្រើននិយាយថាទៀនធូបភ្ញីផ្កា ( គ្រឿងបូជា )។
-
ភ្ញៀវ នាម
អ្នកទីទៃក្រៅពីគ្នាឯងក្នុងផ្ទះឬក្នុងបន្ទុកជាមួយដែលគេមករក, មកសួរនាំ, មកលេងឬអ្នកដែលម្ចាស់ផ្ទះឬម្ចាស់បន្ទុកជាមួយ, ម្ចាស់ការ, ម្ចាស់ពិធីអញ្ជើញ, ហៅរកឱ្យគេមក
-
ភ្ញៀវកំដរ នាម
ភ្ញៀវដែលមកកំដរក្នុងពេលមានធុរៈ។
-
ភ្ញៀវជាន់ក នាម
ភ្ញៀវដែលឥតហៅរកសោះស្រាប់តែមកឯងៗច្រើនហួសពេកស៊ីចុកស្ញែស្ញុកស្ទើរទប់ទល់មិនឈ្នះ។
-
ភ្ញៀវពន្លឺ នាម
ភ្ញៀវដែលជួយមកបំភ្លឺហេតុការណ៍អ្វីមួយឬតាមធម្មតាគឺភ្ញៀវទាំងពួង។
-
ភ្ញោច កិរិយាសព្ទ
ធ្វើឱ្យញោច, ដាស់
-
ភ្នក កិរិយាសព្ទ
ផ្ដួចគំនិតនឹកដល់, ផ្អូកនឹកដល់, ចាប់ភ្លឹកនឹកដល់
-
ភ្នក់ នាម
គំនរឧសឬសំរាមដែលដុតឱ្យឆេះងំរង្គំយូរដោយសង្កត់នឹងអង្កាមឬកម្ទេច, ស្មៅ, ចំណាំងជាដើមដែលស្រស់ឬដែលលាយដោយដីដើម្បីឱ្យហុយផ្សែងកម្ចាត់មូសជាដើម
-
ភ្នាក់ងារ នាម
បង្អែកការងារ, អ្នកព្រនាក់ការងារគឺអ្នកជាជំនួយការបន្ទាប់អធិបតី, អ្នកកាន់ការរងផ្ទាល់អំពីអធិបតីក្នុងមុខក្រសួងនីមួយៗ
-
ភ្នាក់ងារសម្ងាត់ នាម
អ្នកយកការណ៍ឬអ្នកស៊ើបអង្កេតដោយលាក់មុខមិនបង្ហាញអត្តសញ្ញាណឱ្យគេដឹង
-
ភ្នាក់ដៃ នាម
បង្អែកសម្រាប់គងដៃ
-
ភ្នាន នាម
( ព . បុ .) បំណង
-
ភ្នាល់ កិរិយាសព្ទ
តាំងប្រឡងគ្នាដោយមានក្រយាតំណាំង
-
ភ្នាស នាម
ស្បែកឬវត្ថុដែលពាស
-
ភ្នាសក្នុងស្បូន នាម
អង់ដូម៉ែត្រ, ស្រទាប់ជាលិកាដែលពាសផ្ទៃខាងក្នុងបំផុតនៃស្បូននិងដៃស្បូន។
-
ភ្នាំ នាម
កឬគល់ច្រវា ( ច្រវាអុំ )
-
ភ្នើន នាម
ញញួរធំសម្រាប់វាយប៉ាតដែកដោយដៃទាំងពីរ
-
ភ្នេន នាម
ល្បត់ខ្លួនពស់ដែលពេនមានសណ្ឋានដូចជាចង្វាយ
-
ភ្នែក នាម
ចក្ខុគឺអាយតនៈមួយប្រភេទរបស់មនុស្ស, សតសម្រាប់មើលរូប, ឃើញរូប។
-
ភ្នែកក្រហម នាម
ជំងឺមួយប្រភេទបណ្ដាលមកពីមីក្រុបចំណាំងពន្លឺខ្លាំងឬអង្គធាតុក្រៅចូលក្នុងភ្នែកដែលបង្កឱ្យរលាកភ្នាសក្នុងត្របកភ្នែកនិងគ្រាប់ភ្នែកលើកលែងតែកែវភ្នែក
-
ភ្នែកក្រួច នាម
ឈ្មោះក្រឡាមួយបែបត្បាញដោយបន្ទោះមានសណ្ឋានមូលៗ ( ដូចយ៉ាងក្រឡាកៅអីផ្ដៅ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។