វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 40 / 50
-
ព្រហូត នាម
ឈ្មោះឈើមួយប្រភេទស្លឹកធំក្រាស់, ស្រដៀងនឹងមង្ឃុតស្ទើរចាប់ច្រឡំ, សំបកក្រាស់ផ្លែមូលៗមានរសជូរ, គេដាំយកសំបកសម្រាប់ជ្រលក់សូត្រជាដើមយកព័ណ៌លឿងស្រអាប់
-
ព្រហួញ គុណនាមគុណកិរិយា
ដែលមានមុខជូរហួញ
-
ព្រហួម គុណកិរិយាគុណនាម
ដែលអង្គុយត្របោមក្បាលជង្គង់ឬបញ្ឈរក្បាលជង្គង់ឬក៏បង់ជំទាញចំហមាត់បន្តិចមានអាការសឺទ្រមើយឥតរាសីឬដែលអង្គុយយ៉ាងនោះថែមទាំងស្ងាបហួមៗរឿយៗផង
-
ព្រហើន គុណនាម
ដែលច្រឡោងខាម, ច្រឡើសបើស, កោងកាច, ឈ្លានពានឥតមានសេចក្ដីគោរព
-
ព្រហែត គុណនាម
ដែលមានរសជាតិឬក្លិនស្ទើរមិនប្រាកដ, មិនស៊ប់ទៅខាងណាគឺមិនប្រាកដជាប្រៃឬភ្លាវ, ជូរឬចត់, ក្រពុលឬហាងជាដើម
-
ព្រហែតមាត់ គុណនាម
( ម . ព . មាត់ព្រហែត )។
-
ព្រហ្ម នាម
សេចក្ដីចម្រើន; សេចក្ដីរីកចិត្ត; សេចក្ដីប្រសើរ; ចំណែកចិត្ត; វេទ; សីល ...។ទេវតាដែលកើតនៅព្រហ្មលោកដោយអំណាចផលនៃឈានចិត្ត
-
ព្រហ្មកាយ នាម
ពួកព្រហ្ម, ពួកព្រហ្មនីមួយៗ។
-
ព្រហ្មកាយិកទេវតា នាម
ទេវតាពួកព្រហ្មឬពួកទេវតាដែលកើតក្នុងព្រហ្មលោក។
-
ព្រហ្មកាយិកា
( ម . ព . ព្រហ្មកាយិកទេវតា )។
-
ព្រហ្មគីតិ នាម
ឈ្មោះកាព្យមួយយ៉ាងមានជើង៤គឺក្នុងមួយរបះមាន៤ឃ្លា, ត្រង់ឃ្លាទី១និងទី៣មាន៥ពាក្យ, ឃ្លាទី២និងទី៤មាន៦ពាក្យ
-
ព្រហ្មគោល នាម
ចក្រវាល, មណ្ឌលចក្រវាល។
-
ព្រហ្មចក្រ នាម
ចក្រវាល; ពុទ្ធសាសនា។
-
ព្រហ្មចរិយ នាម
បែបបទឬសណ្ដាប់ធ្នាប់របស់ព្រហ្មចារីឬព្រហ្មចារិនី; ការប្រព្រឹត្តធម៌ដ៏ប្រសើរ។តាមន័យខាងពុទ្ធសាសនាថាការឱ្យទាន, ការខ្វល់ខ្វាយឬខ្នះខ្នែងចំពោះអំពើជាកុសល, ការរក្សាសីល៥, ការចម្រើនព្រហ្មវិហារ៤, ការសម្ដែងធម៌ឬណែនាំពន្យល់ឱ្យអ្នកដទៃកាន់អំពើសុចរិត, ការវៀរចាកមេថុនធម្ម, សេចក្ដីសន្តោសចំពោះភរិយារបស់ខ្លួន, សេចក្ដីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងការកុសល, ការរក្សាឧបោសថសីលតាមកាលកំណត់, អរិយមគ្គ, ព្រះពុទ្ធសាសនាទាំងមូល, អធ្យាស្រ័យ ( ទាំង១២យ៉ាងនេះ ) ហៅថាព្រហ្មចរិយឬព្រហ្មចារ្យ ( ហៅថាព្រហ្មចរិយធម៌ក៏បាន )។
-
ព្រហ្មចរិយធម៌ នាម
( ម . ព . ព្រហ្មចរិយ )។
-
ព្រហ្មចរិយៈ នាម
( ម . ព . ព្រហ្មចរិយ )។
-
ព្រហ្មចារិនី
( ម . ព . ព្រហ្មចារី )។
-
ព្រហ្មចារី នាម
អ្នកប្រព្រឹត្តព្រហ្មចារ្យ។ពាក្យនេះ, តាមលទ្ធិព្រាហ្មណ៍សំដៅយកអ្នកដែលកំពុងហាត់រៀនវេទឬអ្នកដែលកំពុងសិក្សាលទ្ធិសាសនាឬក៏កំពុងប្រព្រឹត្តធម៌តាមបែបសាសនា; តាមលទ្ធិពុទ្ធសាសនាសំដៅយកអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ណាមួយឬសំដៅចំពោះតែអ្នកដែលវៀរមេថុនធម្មដោយដាច់ខាតយ៉ាងដូចបព្វជិតមានភិក្ខុ, សាមណេរជាដើម; តាមលទ្ធិបុរាណសំដៅយកកុមារឬកុមារីដែលនៅលីវសុទ្ធសាធ; ខាងលទ្ធិខ្មែរដែលប្រើតាមទម្លាប់ច្រើនតែសំដៅយកកុមារីជំទង់ហៅថាស្ត្រីព្រហ្មចារី; តែបើតាមបែបត្រឹមត្រូវព្រហ្មចារីសម្រាប់ហៅបុរស, ឯស្ត្រីត្រូវហៅព្រហ្មចារិនី។
-
ព្រហ្មចារ្យ នាម
( ម . ព . ប្រហ្មចរិយ )។
-
ព្រហ្មជាត នាម
ឈ្មោះក្បួនហោរមួយប្រភេទសម្រាប់មើលជតារាសីមនុស្ស
-
ព្រហ្មជាតិ នាម
( ម . ព . ព្រហ្មជាត )។
-
ព្រហ្មញ្ញ គុណនាម
ដែលជាប់ទាក់ទងដោយព្រហ្មឬដែលជារបស់ពួកព្រាហ្មណ៍
-
ព្រហ្មញ្ញសាសនា នាម
សាសនាដែលមានការជាប់ទាក់ទងដោយសេចក្ដីប្រកាន់ជឿថាមហាព្រហ្មជាអ្នកបង្កើតពពួកសត្វ ... ( សាសនារបស់ពួកព្រាហ្មណ៍ )។
-
ព្រហ្មញ្ញសាស្នា នាម
( ម . ព . ព្រហ្មញ្ញសាសនា )។
-
ព្រហ្មណ្យ គុណនាម
( ម . ព . ព្រហ្មញ្ញ )។
-
ព្រហ្មទណ្ឌ នាម
ដំបងព្រហ្ម, អាជ្ញាព្រហ្ម; អាជ្ញាជាន់ខ្ពស់។
-
ព្រហ្មទត្ត នាម
អ្នកឱ្យនូវទានដ៏ប្រពៃ; ព្រះនាមរបស់ព្រះមហាក្សត្រិយ៍មួយព្រះអង្គគ្រប់គ្រងក្រុងពារាណសីសម័យមុនពុទ្ធកាល។
-
ព្រហ្មទេយ្យ នាម
ទានឬរង្វាន់ដ៏ប្រសើរ; របស់ប្រទាន; រង្វាន់ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដល់អ្នកណាមួយដោយអ្នកនោះបានធ្វើកិច្ចការអ្វីមួយឱ្យពេញព្រះទ័យ; ក្នុងរាជ្យពីព្រេងនាយច្រើនតែប្រោសប្រទានគោ, ក្របី, ដំរី, សេះ ...; ស្រែ, ស្រុក, ខែត្រឱ្យដាច់មុខអាករទៅលើអ្នកនោះ, មិនតោងទាមជាប្រយោជន៍ឃ្លាំងហ្លួងដោយពេញទីឡើយ។
-
ព្រហ្មធម៌ នាម
ធម៌ដ៏ប្រសើរ; ព្រហ្មវិហារ; ព្រះពុទ្ធសាសនា។
-
ព្រហ្មបុត្រ នាម
ឈ្មោះទន្លេមួយពីសម័យបុរាណក្នុងប្រទេសឥណ្ឌាស្ថិតនៅភ្នំហិមាល័យ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។