វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 51 / 109
-
បុព្វន្នជាតិ នាម
ពូជធារឬស្បៀងដែលគេត្រូវបរិភោគមុនបានខាងឯធញ្ញជាតិមានស្រូវខ្សាយជាដើមដែលជារបស់ត្រូវគេបរិភោគមុន ( ស្បៀងសម្រាប់ស៊ីមុន )។
-
បុព្វន្នាបរន្ន
របស់ដែលត្រូវស៊ីមុននិងរបស់ដែលត្រូវស៊ីក្រោយ។
-
បុព្វបទ នាម
និបាតសព្ទឬអក្សរដែលដាក់ភ្ជាប់ពីខាងដើមនៃសព្ទឯទៀត, ជាជំនួយសព្ទនុះឱ្យមានសេចក្ដីប្រាដកដោយឡែកឬបំបែរសេចក្ដីឱ្យឃ្លាតផ្សេងពីប្រក្រតីដើម; ខាងភាសាសំស្ក្រឹតនិងបាលីដូចជាឧប " ជិត, បន្ទាប់, រង " + រាជ " ស្ដេច " > ឧបរាជ " ស្ដេចបន្ទាប់គឺស្ដេចទី២បន្ទាប់ស្ដេចទ្រង់រាជ្យ "; បរា " សោះសូន្យ; ..." + ជយ " ជម្នះ " > បរាជយ " ការចាញ់, ដំណើរចាញ់គេ "; ឧបនិងបរាហៅថាបុព្វបទ។ល។ខាងភាសាខ្មែរយើងច្រើនប្រើតួអក្សរជាបុព្វបទ, ប្រើមួយតួក៏មានពីរតួក៏មាន, ដូចជាទាស់ទែង, ទ្រេតទ្រោតដាក់អក្សរទ ( បុព្វបទ ) ថែមមកជាទទាស់ទទែង; ទទ្រេតទទ្រោត; ខូច, ឈប់, ដុះ, ធូរ, បោលដាក់អក្សរបង, បញ, បណ, បន, បំ ( បុព្វបទ ) ថែមមកជាបង្ខូច, បញ្ឈប់, បណ្ដុះ, បន្ធូរ, បំបោស; បុព្វបទទាំងនេះបំបែកសេចក្ដីរបស់សព្ទឱ្យឃ្លាតប្លែកពីប្រក្រតីដើម។
-
បុព្វបយោគ នាម
សេចក្ដីព្យាយាមដើមគឺព្យាយាមដែលផ្ដើមនឹងធ្វើអំពើ, នឹងចាត់ការឬធ្វើការអ្វីៗ។
-
បុព្វបុរស នាម
បុរសជាខាងដើមវង្ស។
-
បុព្វបេតបុគ្គល នាម
បុគ្គលដែលចេញចាកទៅកាន់បរលោកមុន, គឺអ្នកដែលធ្វើមរណកាលទៅហើយ។
-
បុព្វបេតពលី នាម
ការធ្វើពលិការចំពោះបុព្វប្រេត; តាមលទ្ធិខាងពុទ្ធសាសនាប្រើវិធីធ្វើទក្ខិណានុប្បទានឧទ្ទិសចំណែកបុណ្យជូនទៅ; លទ្ធិខ្លះក្រៅពីពុទ្ធសាសនាប្រើវិធីសែនព្រេនជូន។
-
បុព្វប្រយោគ នាម
( ម . ព . បុព្វបយោគ )។
-
បុព្វប្រេត នាម
អ្នកដែលទៅកាន់បរលោកហើយគឺអ្នកដែលធ្វើមរណកាលទៅកាន់ភពខាងមុខហើយ ( ញាតិដែលស្លាប់បាត់ទៅហើយ )
-
បុព្វភាគ នាម
ចំណែកខាងដើមឬប៉ែកខាងដើម។
-
បុព្វភាគបដិបត្តិ នាម
ប្រតិបត្តិជាចំណែកខាងដើមគឺការប្រព្រឹត្តកាន់សីលឱ្យបរិសុទ្ធនិងការគោរពកោតក្រែងបូជាចំពោះបុគ្គលដែលគួរគោរពមានមាតាបិតាជាដើម ( ហៅថាបុព្វភាគបដិបទាឬបុព្វភាគប្រតិប័ទដូច្នេះវិញក៏បាន )។
-
បុព្វភាគបដិបទា នាម
ដូចគ្នានឹងបុព្វភាគបដិបត្តិ។
-
បុព្វភាគប្រតិបត្តិ នាម
( ម . ព . បុព្វភាគបដិបត្តិ )។
-
បុព្វភាគប្រតិប័ទ នាម
( ម . ព . បុព្វភាគបដិបទា )។
-
បុព្វយោគ នាម
ការប្រកបក្នុងខាងដើម, ព្យាយាមក្នុងកាលមុន។
-
បុព្វលក្ខខណ្ឌ នាម
លក្ខខណ្ឌចាំបាច់ដែលត្រូវមានជាមុនសម្រាប់ធានាដល់ដំណើរការចាប់ផ្ដើមការកើនឡើងនិងការរីកលូតលាស់នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។បុព្វលក្ខខណ្ឌនេះមានសន្តិភាពស្ថិរភាពនយោបាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពសង្គម៘
-
បុព្វលាភ នាម
ការបានក្នុងកាលមុន, លាភខាងដើម, លាភដំបូង។
-
បុព្វវាសនា នាម
សាសនវិជ្ជាដែលអះអាងថាព្រឹត្តិការណ៍ទាំងអស់នៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗពោលគឺអ្វីៗដែលបានកើតឡើងកំពុងកើតឡើងឬនឹងកើតឡើងត្រូវបានកំណត់ជាមុនដោយអាទិទេពនិងមិនអាចកែប្រែបាន។ការកំណត់ថាតើព្រលឹងរបស់មនុស្សម្នាក់ៗនឹងឡើងទៅឋានសួគ៌ឬធ្លាក់ទៅឋាននរកត្រូវបានសម្រេចដោយឆន្ទៈរបស់អាទិទេពតាំងពីមនុស្សនោះកើតមកម្ល៉េះដោយមិនអាស្រ័យលើការប្រព្រឹត្តរបស់គេឡើយ។
-
បុព្វវិទេហទ្វីប នាម
( ម . ព . បុព្វវិទេហៈ )។
-
បុព្វវិទេហៈ នាម
ឈ្មោះទ្វីបធំមួយរាប់បញ្ចូលក្នុងមហាទ្វីបទាំង៤ ( តាមភូមិសាស្ត្របុរាណ ); ខ្មែរយើងហៅថាបូព៌វិទេហទ្វីប។
-
បុព្វសិទ្ធិ នាម
ផលប្រយោជន៍ឬអំណាចពិសេសដែលវរជនខ្លះត្រូវបានត្រូវមានតាមមុខតំណែង
-
បុព្វសិទ្ធិការទូត នាម
សិទ្ធិទាំងឡាយដែលរដ្ឋម្ចាស់ផ្ទះផ្ដល់ជូនសកម្មភាពការងាររបស់បេសកកម្មការទូតទាំងនោះដើម្បីដោះស្រាយបំបាត់ភាពសាំញ៉ាំរដ្ឋបាលទូទៅនៅក្នុងរដ្ឋម្ចាស់ផ្ទះ
-
បុព្វហេតុ នាម
ហេតុដើម, ដំណើរដើមគឺហេតុឬដំណើរដែលបណ្ដាលឡើងជាមុនឬដែលផ្ដើមឡើងជាមុន។
-
បុព្វាចារ្យ នាម
អាចារ្យមុន, គ្រូដើមគឺមាតានិងបិតា។មាតាបិតាបានជាហៅថាបុព្វាចារ្យព្រោះជាគ្រូបង្ហាត់បង្រៀនកូនឱ្យចេះនិយាយស្ដីនិងសណ្ដាប់ធ្នាប់របៀបរបបព្រមទាំងកិច្ចការទាំងពួងផងជាមុនជាងគ្រូទាំងអស់ដែលកូនត្រូវរៀនចំណេះវិជ្ជាផ្សេងៗ។
-
បុព្វាបរបទ នាម
បទដែលភ្ជាប់ខាងដើមនិងខាងចុងនៃសព្ទដទៃដើម្បីញ៉ាំងសព្ទនោះៗឱ្យមានន័យខុសពីមុនបានដល់ឧបស័គ្គនិងបច្ច័យ។
-
បុព្វាសាឍ នាម
ខែអាសាឍមុនគឺខែអាសាឍទី១ ( សម្រាប់ប្រើតែក្នុងឆ្នាំដែលលើកខែអាសាឍពីរដងតាមចន្ទគតិ ) ជាគូគ្នានឹងឧត្តរាសាឍ; ខ្មែរយើងច្រើនហៅខែអាសាឍមុនថាបឋមាសាឍឬប្រថមាសាឍ, ហៅខែអាសាឍក្រោយថាទុតិយាសាឍឬទ្វិតីយាសាឍ។
-
បុព្វេ គុណនាម
មុន, ពីដើម, ពីព្រេងនាយ។
-
បុព្វេនិវាសានុស្សតិញ្ញាណ នាម
ញាណដែលនឹកឃើញកំណើតក្នុងកាលពីដើមគឺប្រាជ្ញាដែលរឭកឃើញតាំងពីមួយជាតិមុនបន្ទាប់ជាតិនេះរៀងឡើងទៅ ... ( ចំពោះតែញាណបុគ្គលអ្នកបានសម្រេចគុណវិសេសមានព្រះសព្វញ្ញុពុទ្ធជាដើម )។
-
បុព្វេសន្និវាស នាម
ដំណើរធ្លាប់នៅរួមគ្នាពីក្នុងជាតិមុនគឺធ្លាប់ជាស្វាមីភរិយានៅរួមកិច្ចការសុខទុក្ខជាមួយគ្នាពីក្នុងជាតិមុនមក
-
បុព្វោ នាម
ខ្ទុះ; ខ្មែរយើងប្រើជា ( រ . ស .) ថាព្រះបុព្វោ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។