វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 24 / 31
-
ជោគវាសនា នាម
( ម . ព . ជោគនិងវាសនា )។
-
ជោតក នាម
អ្នករុងរឿង, អ្នកបំភ្លឺ; អ្នកទាយហេតុអាក្រក់ល្អតាមដំណើរផ្កាយ, តាមដំណើរពន្លឺផ្សេងៗឯអាកាសមានជើងព្នាយ, កេតុធ្លាក់, ជាដើម ( ហោរ )។
-
ជោតញ្ញាណោ នាម
ប្រាជ្ញាភ្លឺច្បាស់, ប្រាជ្ញាដ៏រុងរឿង។ពាក្យនេះជានាមបញ្ញត្តិរបស់សម្ដេចព្រះសង្ឃរាជជួនណាត។
-
ជោតនាការ នាម
អាការនៃសេចក្ដីរុងរឿង, អ្នកដែលមានអាការរុងរឿង។
-
ជោតិ នាម
សេចក្ដីរុងរឿង, ពន្លឺ, រស្មី, ភ្លើង ... ( ព . កា .)។
-
ជោតិក នាម
អ្នកមានសេចក្ដីរុងរឿង; អ្នកមានពន្លឺ, មានរស្មី ( មានព្រះអាទិត្យ, ព្រះចន្ទនិងពួកផ្កាយជាដើម )។ឈ្មោះមហាសេដ្ឋីម្នាក់ក្នុងពុទ្ធសម័យនៃព្រះសក្យមុនីសម្ពុទ្ធ។បុរាណរាជ្យក្នុងកម្ពុជរដ្ឋច្រើនយកពាក្យនេះមកតាំងជាងារមន្ត្រីនាយឃ្លាំងឬជាងារកិត្តិយសសម្រាប់មេជំនួញធំណាមួយក្នុងព្រះនគរ
-
ជោតិកាចារ្យ នាម
អាចារ្យ ( ហោរ, រាជបុរោហិត ) អ្នកទាយហេតុអាក្រក់ល្អតាមដំណើរពន្លឺឯអាកាសមានផ្កាយដុះកន្ទុយជាដើម។
-
ជោតិភាព នាម
ភាវៈនៃពន្លឺ, រស្មី; បែបភាពនៃពន្លឺ ...។
-
ជោតិរស នាម
ឈ្មោះកែវវិសេសមួយប្រភេទមានពន្លឺរុងរឿងអាចឱ្យសម្រេចសេចក្ដីប្រាថ្នាគ្រប់យ៉ាងបាន។
-
ជោតិសាស្ត្រ នាម
ឈ្មោះគម្ពីរឬក្បួនមួយប្រភេទនិយាយអំពីទំនាយផ្កាយនិងដំណើរពន្លឺផ្សេងៗឯអាកាស ( ក្នុងពួកវេទប៉ែកខាងហោរាសាស្ត្រ )។
-
ជោរ កិរិយាសព្ទគុណនាម
ពោរឡើង
-
ជោះ កិរិយាសព្ទ
ឆ្កឹះ, ចោះ, គោះបំបែក
-
ជៅ នាមប.
ចំបើងដែលបែននៅជជុះយកគ្រាប់ស្រូវម្ដងទៀតហើយទើបសម្រេចទៅជាចំបើងមែនទែន។
-
ជំ កិរិយាសព្ទ
( ព . បុ .) ពិគ្រោះ, ស្នើឱ្យដឹងការណ៍, ឱ្យដឹងផ្លូវច្បាប់
-
ជំងឺ នាម
ភាវៈឈឺ, សេចក្ដីឈឺចាប់, អាពាធ, រោគ
-
ជំងឺចិត្ត នាម
ការទទួលរងនូវការប៉ះទង្គិចផ្លូវចិត្តផ្លូវអារម្មណ៍ឬកិត្តិយសពីទង្វើរបស់បុគ្គលណាម្នាក់
-
ជំងឺតួឯក នាម
ទស្សនៈអាត្មានិយមដែលប្រកាន់ថាមានតែខ្លួនទេដែលល្អដាច់គេលើសគេជាអ្នកសំខាន់ឬអស្ចារ្យជាងគេ។ប្រសិនបើពុំមានវត្តមានរបស់ខ្លួនទេពុំមាននរណាផ្សេងអាចជំនួសខ្លួនបានឡើយ។
-
ជំងឺផ្លូវចិត្ត នាម
ឈ្មោះជំងីដែលធ្វើឱ្យគិតផ្ដេសផ្ដាសហើយត្រូវព្យាបាលបែបចិត្តសាស្ត្ររួមផ្សំនិងឱសថ
-
ជំងឺពាប់ នាម
ជំងឺដាបខ្លាំង។
-
ជំងឺពៀប នាម
( ព . ប្រ .) ជំងឺដែលដាបខ្លាំង។
-
ជំងឺលោកីយ៍ នាម
ជំងឺសម្រាប់សត្វក្នុងលោក; ប៉ុន្តែខ្មែរប្រើតាមទម្លាប់សំដៅសេចក្ដីថាអាសន្នរោគឬអហិវាតករោគ។
-
ជំងឺវិទ្យា នាម
ប៉ាតូវិទ្យា, វិទ្យាសាស្ត្រសិក្សាអំពីជំងឺគ្រប់ប្រភេទដើម្បីរកមូលហេតុរោគវិនិច្ឆ័យនិងវិធីព្យាបាល។
-
ជំងឺសាច់ដុំ នាម
ជំងឺគ្រប់ប្រភេទនៃប្រព័ន្ធសាច់ដុំ។
-
ជំងឺស្បើយ
ជំងឺស្រាកស្រាន្ត។
-
ជំងឺឧតុបរិណាម នាម
ជំងឺដែលកើតព្រោះដំណើរផ្លាស់រដូវ ( ហៅឧតុបរិណាមជាពាធក៏បាន )។
-
ជំងឺឱកាសនិយម នាម
ជំងឺដែលអាចជ្រៀតចូលបានតែលើមនុស្សដែលមានសុខភាពទន់ខ្សោយដូចជាជំងឺរលាកសួតជំងឺមហារីកស្បែកជាដើម
-
ជំទង់ គុណកិរិយា
( ម . ព . ចំទង់ )។
-
ជំទប់ នាម
មន្ត្រីអ្នកកាន់ការក្នុងសង្កាត់ជាអ្នកជួយទប់ទល់ចៅសង្កាត់នានាក្នុងប្រទេសកម្ពុជាមាន៣នាក់គឺជំទប់លេខ១មានឋានន្តរជាជំទប់រាជា, លេខ២ជាជំទប់សេនា, លេខ៣ជាជំទប់ភក្ដី; ហៅកាត់ខ្លីថាជំទប់លេខ១, ជំទប់លេខ២, ជំទប់លេខ៣។
-
ជំទយ កិរិយាសព្ទគុណកិរិយា
( ម . ព . ចំទយ )។
-
ជំទាញ កិរិយាសព្ទគុណកិរិយា
( ម . ព . ចំទាញ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។