វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 17 / 76
-
កម្ពុជា នាម
ពាក្យនេះជាឈ្មោះនៃប្រទេសខ្មែរយើង, យើងហៅប្រទេសរបស់យើងថាកម្ពុជរដ្ឋក៏បាន, ថាកម្ពុជប្រទេសក៏បាន, ថាប្រទេសកម្ពុជាក៏បាន, ថាប្រទេសខ្មែរក៏បាន, ថាខេមរប្រទេសក៏បាន, ថាខេមររដ្ឋក៏បាន។កាលណាបើកវីជាតិយើងត្រូវការប្រើក្នុងកាព្យឬក្នុងការតែងសេចក្ដីជាពាក្យរាយខ្លះ, យើងអាចហៅប្រទេសយើងបានតាមត្រូវការ, ប៉ុន្តែពាក្យប្រើក្នុងផ្លូវការយើងសរសេរយើងហៅកម្ពុជរដ្ឋឬប្រទេសកម្ពុជា; ឯជនបរទេសគេហៅតាមយើងដែរក៏មានគេហៅតាមការសន្មតិរបស់គេក៏មានដូចជាបារាំងសែសគេហៅប្រទេសយើងថា Cambodge, អង់គ្លេសហៅថា Cambodia, អ្នកបរទេសខ្លះទៀតហៅថា Cambodja, ខ្លះហៅ Kambuja។ល។
-
កម្ពុមាលា នាម
កម្រងមាស, ខ្សែមាស។
-
កម្ពុម័យ នាម
អ្វីៗដែលគេធ្វើដោយមាស, ដែលគេយកមាសធ្វើ។
-
កម្ពោជ នាម
ឈ្មោះរដ្ឋមួយក្នុងជម្ពូទ្វីប ( ឥណ្ឌាសម័យបច្ចុប្បន្ន ) ជារដ្ឋរាប់ឈ្មោះចូលក្នុងចំនួនឈ្មោះរដ្ឋទាំង២១គឺកុរុ, សក្កៈ, កោសល, មគធៈ, អង្គៈ, សិវិ, កលិង្គៈ, អវន្តិ, បញ្ចាលៈ, វជី, គន្ធារៈ, ចេតិយៈ, វង្គៈ, វិទេហៈ, កម្ពោជ, មទ្ទៈឬមទ្រៈ, ភគ្គៈ, សីហឡៈ, កស្មិរ, កាសី, បណ្ឌវៈ។រដ្ឋទាំង២១ដែលមានឈ្មោះយ៉ាងនេះចំពោះតែក្នុងបុរាណសម័យនាជម្ពូទ្វីប ( ឥណ្ឌា ), លុះចំណេរកាលតៗមកដរាបដល់សម័យបច្ចុប្បន្នក៏ក្លាយជាឈ្មោះផ្សេងៗទៅវិញដោយច្រើន, រដ្ឋខ្លះក៏ជាឈ្មោះដើមដដែលដូចក្នុងសម័យបុរាណព្រេងនាយនិងក្នុងសម័យនៃព្រះសក្យមុនីគោតមសម្មាសម្ពុទ្ធសឹងមានឈ្មោះប្រាកដក្នុងគម្គីរព្រះពុទ្ធសាសនារាល់តែគម្ពីរសាស្ត្រារបស់ខ្មែរយើង។
-
កម្ពោជិក នាម
ប្រជានិករបុរសស្ត្រីអ្នកកើតឬអ្នកនៅក្នុងប្រទេសកម្ពុជា ( ខ្មែរ )
-
កម្ពោជិកា នាម
( ម . ព . កម្ពោជិក )។
-
កម្ម នាម
អំពើ; ទោះអំពើល្អក្ដីអាក្រក់ក្ដីក៏ហៅថាកម្ម ( កម្មជាកុសល, កម្មជាអកុសល )
-
កម្មករ នាម
អ្នកធ្វើការដែលភាគច្រើនខាងហត្ថកម្មយកកម្រៃដោយមិនរាប់បញ្ចូលអ្នកបម្រើតាមផ្ទះនិងនិយោជិត
-
កម្មករជំនាញ នាម
អ្នកដែលមានឯកទេសធ្វើការនៅក្នុងរោងចក្រសហគ្រាសឬការដ្ឋានដោយមានប្រាក់ឈ្នួល
-
កម្មករនិយោជិត នាម
( ច្ប .) ជនគ្រប់ប្រភេទនិងគ្រប់សញ្ជាតិដែលចុះកិច្ចសន្យាធ្វើការយកកម្រៃក្រោមការដឹកនាំនិងគ្រប់គ្រងរបស់បុគ្គលម្នាក់ទៀតឬតំណាងជារូបវ័ន្តបុគ្គលឬនីតិបុគ្គលជាសាធារណៈឬឯកជន។
-
កម្មករបណ្ដែត នាម
អ្នកធ្វើការដែលមិនទាន់ពេញសិទ្ធិឬបណ្ដោះអាសន្នក្នុងវិស័យណាមួយ
-
កម្មការ នាម
អ្នកធ្វើការ។
-
កម្មការិនី នាម
( ម . ព . កម្មករ )។
-
កម្មការី នាម
( ម . ព . កម្មករ )។
-
កម្មក្ខ័យ នាម
ដំណើរអស់កម្ម
-
កម្មជ្ជវាត នាម
ខ្យល់កើតអំពីកម្មគឺខ្យល់ដែលបក់ក្នុងឧទរមាតាកាលប្រសូតបុត្រ។ខ្យល់នេះហើយដែលបក់នាំកូនឱ្យប្រសូតចេញចាកផ្ទៃមាតា។
-
កម្មដ្ឋាន នាម
ហេតុជាទីតម្កល់នៃបរិកម្ម
-
កម្មទេសកាល នាម
( ភាសា .) កម្មប្រើសម្រាប់សម្គាល់ពេលវេលា, ទីកន្លែង, មធ្យោបាយ, ...
-
កម្មន្ត នាម
សមត្ថភាពនៃកម្លាំងដែលធ្វើឱ្យវត្ថុផ្លាស់ទីឬមានចលនាតាមទិសដៅកម្លាំង។
-
កម្មន្តរាយ នាម
អន្តរាយនៃការងារ, ការវិនាសខូចខាតការងារ; អន្តរាយព្រោះកម្ម។
-
កម្មន្តសាល នាម
សាលនៃការងារ, រោងសម្រាប់ធ្វើការរបរផ្សេងៗ។
-
កម្មបថ នាម
ផ្លូវឬគន្លងនៃកម្មគឺដំណើររបស់អំពើអាក្រក់ឬល្អដែលសត្វលោកធ្វើដោយកាយវាចាចិត្ត; ខាងអាក្រក់ហៅថាអកុសលកម្មបថមាន១០យ៉ាង, ខាងល្អហៅថាកុសលកម្មបថមាន១០យ៉ាង។
-
កម្មបទ នាម
( ភាសា .) កម្មប្រើជាមួយកិរិយាសកម្មដើម្បីឱ្យល្បះមានវេយ្យាករណភាព។គេចែកកម្មបទជាពីរក្រុមគឺកម្មបទផ្ទាល់និងកម្មបទមិនផ្ទាល់
-
កម្មបលិពោធ នាម
ការរវល់, កង្វល់ដោយការងារ, ការជាប់ចំពាក់ដោយកិច្ចការផ្សេងៗ។
-
កម្មផល នាម
( អ . សិ .) ទ្រឹស្ដីដែលបង្ហាញពីចំណងនៃអំពើនិងផលដែលបុគ្គលបានសាងឡើង
-
កម្មពៀរ នាម
( អ . សិ .) ផលអាក្រក់ដែលបុគ្គលបានទទួលដោយសារអំពើអាក្រក់ដែលបុគ្គលនោះបានប្រព្រឹត្តពីអតីតជាតិ ( ពុទ្ធនិយម )
-
កម្មភាព នាម
( សេ . ហិ .) ភាពមានការងារធ្វើកើតឡើងក្នុងស្ថានភាពដែលមនុស្សម្នាក់គ្រប់អាយុធ្វើការមានសមត្ថភាពមានបំណងធ្វើការស្វះស្វែងរកការងារធ្វើនិងអាចរកការងារធ្វើបាន
-
កម្មភ្នាក់ងារ នាម
( ភាសា .) កម្មប្រើសម្រាប់សម្គាល់អ្នកធ្វើអំពើនៅក្នុងល្បះកម្មវាចកៈ
-
កម្មវត្ថុ នាម
រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗដើម្បីឱ្យដឹងថាជារឿងនេះរឿងនោះ
-
កម្មវាចក នាម
ឈ្មោះវាចកមួយក្នុងវេយ្យាករណ៍បាលី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។