អ្នកធាក់ស៊ីក្លូវជិត ៤០០ នាក់ ទទួលបានអំណោយពីលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី

នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ចែកជូនដល់​បងប្អូន... The post អ្នកធាក់ស៊ីក្លូវជិត ៤០០ នាក់ ទទួលបានអំណោយពីលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី appeared first on Kampuchea Thmey Daily.

អ្នកធាក់ស៊ីក្លូវជិត ៤០០ នាក់ ទទួលបានអំណោយពីលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី

លោកជំទាវបណ្ឌិត ទី១ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយ​ឬទ្ធិនារីកម្ពុជា​អបដំណើដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធាន​ក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងលោកស្រី នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ចែកជូនដល់​បងប្អូន ដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន៣៨៨នាក់ នៅក្នុងបរិវេន​សាលា​រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ការផ្តល់នូវអំណោយមនុស្សធម៏ទាំងនេះ គឺមិនប្រកាន់និន្នា​ការ​នយោបាយអ្វីទាំងអស់។ ការបង្កើតឱ្យមានមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) គឺដើម្បីអភិរក្សស៊ីក្លូ​ឱ្យ​​នៅគង់​វង់​​និងដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនអ្នកធាក់ស៊ីក្លូផងដែរ។

គិតមកដល់ពេលនេះបងប្អូនដែលជាសមាជិកស៊ីក្លូទាំងអស់មានចំនួន៣៨៨នាក់ ពួកគាត់​តែង​ទទួលបានថវិកាជាប្រចាំចំនួន៧០០០រៀលក្នុង១ថ្ងៃ ដែលអាចបើកបាន៣ដង ក្នុង១ដង៧​ម៉ឺនរៀល​ ជាមួយនឹងផ្តល់ជូនប័ណ្ណសមធម៌(ប. ស. ស) ដើម្បីឲ្យបងប្អូន អាចទៅពិនិត្យ​ក៏ដូច​ជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។

បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខ​នឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូល​និធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នូវបានផ្តល់​អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត។

ជាក់ស្តែងសំរាប់ពេលនេះ បងប្អូនដែលជាសមាជិកស៊ីក្លូ ទាំង៣៨៨នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ចំនួន ៣៥គីឡូក្រាម មី ចំនួន ១កេស ទឹកសុទ្ធ ចំនួន ២កេសទឹកស៊ីអ៊ីវ ចំនួន ១យួរ (៦ដប) ប្រេងឆា ចំនួន ១ដប ទឹកក្រូច ចំនួន ១កេស ថ្នាំពេទ្យ ចំនួន ១កញ្ចប់ អាវក្រណាត់ ចំនួន១ ខោ ចំនួន១ ក្រមា ចំនួន១ ច្រាសដុសធ្មេញ ចំនួន១ ថ្នាំដុសធ្មេញ ចំនួន ១ សាប៊ូលាងដៃ ចំនួន ១ សាប៊ូកក់សក់ ចំនួន ១ សាប៊ូបោកខោអាវ ចំនួន ១ធុង អាវភ្លៀង ចំនួន១ ថវិកា ចំនួន​១០​ម៉ឺនរៀល និងអាហារថ្ងៃត្រង់ ចំនួន១ប្រអប់។

លោកជំទាវបណ្ឌិត ទី១ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសនោះ បានមានប្រសាសន៍​លើកឡើងថា៖ ការបង្កើតឱ្យមានកម្មវិធីមនុស្សធម៏និងការចូលរួមពីសប្បុរសជននេះ គឺបានបង្ហាញឱ្យឃើញពីក្តីស្រលាញ់ចំពោះលោកតា លោកអ៊ុអ្នកធាក់ស៊ីក្លូនៅកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានបង្កើតឱ្យមានមូលនិធិនេះ តាំងពីថ្ងៃទី​១៨មករាឆ្នាំ២០១៨ មកម្លេះ ហើយឱ្យតែមានបុណ្យជាតិធំៗ ដូចជាចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងផ្តល់អំណោយ ជូនពួកគាត់ជានិច្ច។

លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ នៅខែកញ្ញា២០២៥ខាងមុខនេះ ពោលគឺនាឱកាសបុណ្យ ដាក់បិណ្ឌ ភ្ជុំបិណ្ឌ លោកជំទាវ, លោក ឃួង ស្រេង នឹង​អញ្ជើញបងប្អូន​អ្នកធាក់ស៊ីក្លូទាំង៣៨៨នាក់ ទៅដាក់បិណ្ឌជាមួយគ្នា ដើម្បីបានទទួលបានកុសលផលបុណ្យ​រួមគ្នា៕

អត្ថបទ៖ ស្រីរ័ត្ន

The post អ្នកធាក់ស៊ីក្លូវជិត ៤០០ នាក់ ទទួលបានអំណោយពីលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី appeared first on Kampuchea Thmey Daily.