ម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំរំពឹងថានឹងមានទីផ្សារល្អ ខណៈចិនបើកឱ្យនាំចេញ
លោក ញ៉ែម ប៊ុនថា ម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំ ដាក់ក្ដីរំពឹងថានឹងមានទីផ្សារល្អ ខណៈប្រទេសចិនបើកឱ្យមានការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន... The post ម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំរំពឹងថានឹងមានទីផ្សារល្អ ខណៈចិនបើកឱ្យនាំចេញ appeared first on Kampuchea Thmey Daily.

លោក ញ៉ែម ប៊ុនថា ម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំ ដាក់ក្ដីរំពឹងថានឹងមានទីផ្សារល្អ ខណៈប្រទេសចិនបើកឱ្យមានការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិនដែលជាការបើកផ្លូវថ្មីមួយទៀតសម្រាប់ផលិតផលកម្ពុជា។

លោក ញ៉ែម ប៊ុនថា ថ្លែងប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះថា សព្វថ្ងៃអាជីវកម្មចិញ្ចឹម និងផលិតទឹកត្រចៀកកាំ ហាក់មានទីផ្សារមិនសូវល្អ ដូចកាលពីឆ្នាំ២០០៩ ដែលកាលនោះ ផលិតផលទាំងនេះ អាចលក់បានក្នុងតម្លៃខ្ពស់ ខណៈពុំសូវមានអ្នកចិញ្ចឹមច្រើនដូចសព្វថ្ងៃ។

ម្ចាស់អាជីវកម្មរូបនេះ បានឱ្យដឹងទៀតដែរថា សព្វថ្ងៃអាជីវកម្មចិញ្ចឹមសត្វច្រៀកកាំរបស់លោក ត្រូវបានបែងចែកចេញទៅ៣ដំណាក់កាល៖ ទី១ ការលក់សំបុកត្រចៀកកាំ ទី២ ការផ្គត់ផ្គង់ផលិតផលពាក់កណ្ដាលសម្រេច និងទី៣គឺ ការផលិតទឹកត្រចៀកកាំសម្រាប់លក់ ដែលគេតែនិយមហៅថា បង្អែម ឬស៊ុបត្រចៀកកាំ។

លោក ញ៉ែម ប៊ុនថា បានបញ្ជាក់ទៀតដែរថា៖ ប្រសិនបើទៅថ្ងៃខាងមុខ ប្រទេសកម្ពុជាអាចនឹងនាំសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិនដូចការគ្រោងទុកពិតមែននោះ អ្នកចិញ្ចឹមត្រចៀកកាំទាំងអស់អាចនឹងមានទីផ្សារល្អឡើងវិញ ផងដែរ។ ជាក់ស្ដែង បច្ចុប្បន្នសំបុកត្រចៀកកាំ អាចលក់ចេញបានត្រឹម១គីឡូ ៤០០ដុល្លារ ខណៈកាលពីមុន សំបុកត្រចៀកកាំ ១គីឡូ អាចលក់ចេញបានចន្លោះពី ១២០០ដុល្លារ ទៅ១៥០០ដុល្លារ។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជាបានលើកឡើងកាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ថា កាលដែលប្រទេសកម្ពុជា និងប្រទេសចិនបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ជាជំហានមួយធំ ក្នុងការបើកផ្លូវឱ្យសំបុកត្រចៀកកាំកម្ពុជាអាចនាំទៅចិនបាន។

លោក ស៊ុយ កុកធាន បញ្ជាក់ថា៖ «យើងត្រូវសិក្សាពីនីតិវិធីមួយចំនួនទៀត អញ្ចឹងហើយបានជាខាងសមាគម ក៏ដូចជាអ្នកអភិរក្សត្រចៀកកាំ អ្នកដែលធ្វើការកែច្នៃ និងនាំចេញហ្នឹង ទៅជជែកពិភាក្សាជាមួយអ្នកជំនាញរបស់ក្រសួងកសិកម្ម ដើម្បីបញ្ជាក់ថា តើនីតិវិធីដែលយើងត្រូវធ្វើបន្តបន្ទាប់ទៀតនោះ មានលក្ខណៈយ៉ាងម៉េច»។
លោក ស៊ុយ កុកធាន បញ្ជាក់ថា ទោះជាយ៉ាងណានេះជាជំហានដ៏ជោគជ័យ ដែលកសិកររង់ចាំយូរហើយ។

បើតាមលោក ស៊ុយ កុកធាន ទីផ្សារសំបុកត្រចៀកកាំនៅកម្ពុជានៅមានសក្ដានុពល ដោយសារតែ ចិន តៃវ៉ាន់ ហុងកុង និងសិង្ហបុរី ជាពិសេសប្រទេសចិន គឺជាប្រទេសដែលមានចំណងមិត្តភាពធំ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មច្រើនជាមួយកម្ពុជា ដូច្នេះសំបុកត្រចៀកកាំមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទៅប្រទេសចិន។
តម្លៃសំបុកត្រចៀកកាំបច្ចុប្បន្ន ៣០០ ទៅ ៤៥០ ដុល្លារ សម្រាប់សំបុកមិនទាន់កែច្នៃ ប៉ុន្តែបើកែច្នៃហើយចន្លោះពី ៩០០ ទៅ ១៥០០ ក្នុងមួយគីឡូក្រាម។

គួរឱ្យដឹងថា ផលិតកម្មសំបុកត្រចៀកកាំផលិតនៅកម្ពុជា ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា៖ ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែសក្ដានុពលសម្រាប់ការវិនិយោគបន្ត បច្ចុប្បន្ន បានប្ដូរមកខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះវិហារវិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាងសង់ច្រើនលើសលប់។
តាមការប៉ាន់ស្មាន កម្ពុជាមានសមត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ៕
អត្ថបទ ៖ សួស សិត
The post ម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំរំពឹងថានឹងមានទីផ្សារល្អ ខណៈចិនបើកឱ្យនាំចេញ appeared first on Kampuchea Thmey Daily.