៤ ខែឆ្នាំនេះ មានកម្មករ-និយោជិតស្លាប់ និងរបួសជាង ១ ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
៤ ខែឆ្នាំនេះ មានកម្មករ-និយោជិតស្លាប់ និងរបួសជាង ១ ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍... The post ៤ ខែឆ្នាំនេះ មានកម្មករ-និយោជិតស្លាប់ និងរបួសជាង ១ ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ appeared first on Kampuchea Thmey Daily.

នៅក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ នេះ មានកម្មករ-និយោជិតស្លាប់ និងរបួសប្រមាណជាង ១ ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះ របួសធ្ងន់-ស្រាលជាង ១ ១០០ នាក់ និងស្លាប់ ៣០ នាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១០ ឧសភា នេះថា ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ ០៣១ ករណី មានជនរងគ្រោះសរុប ១ ១៤១ នាក់ ក្នុងនោះ របួសស្រាល ៧៨៨ នាក់ របួសធ្ងន់ ៣២៣ នាក់ និងស្លាប់ ៣០ នាក់ បើធៀបនឹងរយៈពេល ៤ ខែ ដូចគ្នាឆ្នាំ ២០២៤ ឃើញថា មានការកើនឡើង ២%។

លោកបណ្ឌិត បានបន្តថា មានកត្តាសំខាន់មួយចំនួនដែលជំរុញឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងនោះរួមមាន បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ (បញ្ច្រាសទិស) កត្តាមិនគោរពសិទ្ធិអាទិភាព ការបត់មិនត្រឹមត្រូវ និងកត្តាយានយន្ត។

លោកបណ្ឌិត បានបញ្ជាក់ថា ដើម្បីកាត់បន្ថយការរងហានិភ័យដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសម្រាប់កម្មករ-និយោជិត បេឡាជាតិសន្តិសុខសង្គម ដែលមានក្រុមការងារ ស.ផ.ក បាននិងកំពុងអនុវត្តសកម្មភាពរួមមានបន្តចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ និយោជិត ជាពិសេសកម្មករ-និយោជិត ដែលធ្វើដំណើរតាមម៉ូតូ ជំរុញឱ្យពាក់សុវត្ថិភាពឱ្យបានគ្រប់ៗ គ្នា។ ជំរុញការកែលម្អរថយន្តដឹកកម្មករ-និយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាពឱ្យបានឆាប់រហ័ស។ ចុះអង្កេតសិក្សាស្រាវជ្រាវរកមូលហេតុចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករ-និយោជិតឱ្យបានច្បាស់លាស់។ រៀបចំបទបង្ហាញជាមេរៀន វីដេអូណែនាំ ស្ពត និងជាសារសំឡេង សម្រាប់អប់រំ ផ្សព្វផ្សាយនៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន និងតាមរយៈបណ្តាញសង្គមនានាដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ-និយោជិត ជាពិសេសកម្មករ-និយោជិតដែលប្រើប្រាស់ម៉ូតូ កង់ និងថ្មើរជើង ឱ្យបានយល់ដឹងច្បាស់ពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ជំរុញរថយន្តប្រភេទដឹកទំនិញ និងម៉ូតូសណ្តោងរ៉ឺម៉កដែលដឹកកម្មករ-និយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ និងជំរុញរថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករ-និយោជិតឈរឱ្យផ្លាស់ប្តូរមកជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយ។

លោកបណ្ឌិត បានធ្វើការអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្ដដឹកកម្មករ-និយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ៕
អត្ថបទ ៖ សំអឿន
The post ៤ ខែឆ្នាំនេះ មានកម្មករ-និយោជិតស្លាប់ និងរបួសជាង ១ ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ appeared first on Kampuchea Thmey Daily.