អ៊ីស្រាអែល បញ្ជាក់ថា នឹងពង្រីកការវាយប្រហារលើតំបន់ហ្គាហ្សា
ហ្គាហ្សា៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួននឹងពង្រីកការវាយលុកលើដីរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា និងដណ្តើមកាន់កាប់ទឹកដីនៃតំបន់នេះបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រមុខយោធាអ៊ីស្រាអែលលោក Eyal Zamir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូពីហ្គាហ្សានៅថ្ងៃទី៤ នៃប្រតិបត្តិការ Gideon’s Chariots ដែលជាការវាយលុកលើដីដ៏ធំបំផុតរបស់អ៊ីស្រាអែល លើតំបន់ឡោមព័ទ្ធក្នុងរយៈពេលជាច្រើនខែថា “យើងនឹងពង្រីកប្រតិបត្តិការរបស់យើង បង្កើតការគ្រប់គ្រងប្រតិបត្តិការលើទឹកដីបន្ថែមទៀត និងបោសសម្អាត និងរុះរើហេដ្ឋារចនាសម្ព័ន្ធភេរវករ រហូតដល់ក្រុមហាម៉ាស់ត្រូវបានកម្ចាត់យ៉ាងដាច់អហង្ការ”។ យ៉ាងហោចណាស់មនុស្ស ៨៧នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា កាលពីថ្ងៃអង្គារនេះបើយោងតាមអាជ្ញាធរសុខភាពរបស់ដែនដី ដែលនាំឱ្យចំនួនអ្នកស្លាប់ពីការវាយលុករយៈពេល ១៩ ខែរបស់អ៊ីស្រាអែលដល់ ៥៣,៥៧៣នាក់។ យោធាអ៊ីស្រាអែលបានឲ្យដឹងថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារទីតាំងជាង ១០០ នៅក្នុងតំបន់ហ្គាហ្សា ក្នុងមួយថ្ងៃកន្លងទៅ។ នៅតំបន់ហ្គាហ្សាភាគខាងជើង គោលដៅរួមមានក្រុមសកម្មប្រយុទ្ធ កន្លែងផ្ទុកអាវុធ រចនាសម្ព័ន្ធយោធា ដែលប្រើប្រាស់ដ

ហ្គាហ្សា៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួននឹងពង្រីកការវាយលុកលើដីរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា និងដណ្តើមកាន់កាប់ទឹកដីនៃតំបន់នេះបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រមុខយោធាអ៊ីស្រាអែលលោក Eyal Zamir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូពីហ្គាហ្សានៅថ្ងៃទី៤ នៃប្រតិបត្តិការ Gideon’s Chariots ដែលជាការវាយលុកលើដីដ៏ធំបំផុតរបស់អ៊ីស្រាអែល លើតំបន់ឡោមព័ទ្ធក្នុងរយៈពេលជាច្រើនខែថា “យើងនឹងពង្រីកប្រតិបត្តិការរបស់យើង បង្កើតការគ្រប់គ្រងប្រតិបត្តិការលើទឹកដីបន្ថែមទៀត និងបោសសម្អាត និងរុះរើហេដ្ឋារចនាសម្ព័ន្ធភេរវករ រហូតដល់ក្រុមហាម៉ាស់ត្រូវបានកម្ចាត់យ៉ាងដាច់អហង្ការ”។
យ៉ាងហោចណាស់មនុស្ស ៨៧នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា កាលពីថ្ងៃអង្គារនេះបើយោងតាមអាជ្ញាធរសុខភាពរបស់ដែនដី ដែលនាំឱ្យចំនួនអ្នកស្លាប់ពីការវាយលុករយៈពេល ១៩ ខែរបស់អ៊ីស្រាអែលដល់ ៥៣,៥៧៣នាក់។
យោធាអ៊ីស្រាអែលបានឲ្យដឹងថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារទីតាំងជាង ១០០ នៅក្នុងតំបន់ហ្គាហ្សា ក្នុងមួយថ្ងៃកន្លងទៅ។ នៅតំបន់ហ្គាហ្សាភាគខាងជើង គោលដៅរួមមានក្រុមសកម្មប្រយុទ្ធ កន្លែងផ្ទុកអាវុធ រចនាសម្ព័ន្ធយោធា ដែលប្រើប្រាស់ដោយក្រុមជីហាតអ៊ីស្លាម និងហេដ្ឋារចនាសម្ព័ន្ធក្រោមដី ហើយនៅភាគខាងត្បូង ការវាយប្រហារបានផ្តោតលើក្រុមសកម្មប្រយុទ្ធ បរិវេណយោធា និងប៉ុស្តិ៍សង្កេតការណ៍។
ទន្ទឹមនឹងនេះដែរ រថយន្តចំនួន ៩៣គ្រឿងរបស់អង្គការសហប្រជាជាតិ ដែលដឹកជំនួយមនុស្សធម៌ រួមទាំងម្សៅ សម្រាប់ហាងនំប៉័ង អាហារទារក បរិក្ខារពេទ្យ និងឱសថ បានចូលដល់តំបន់ហ្គាហ្សាហើយកាលពីថ្ងៃអង្គារ តាមរយៈច្រក Kerem Shalom នេះបើយោងតាម COGAT ដែលជាអង្គភាពក្រសួងការពារជាតិអ៊ីស្រាអែលទទួលបន្ទុកកិច្ចការស៊ីវិលនៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់។
កាសែត Haaretz របស់អ៊ីស្រាអែល បានរាយការណ៍ថា ទោះបីជាយ៉ាងណាក៏ដោយ គ្មានរថយន្តដឹកទំនិញណាមួយបានទៅដល់គោលដៅដែលបានគ្រោងទុករបស់ពួកគេនោះទេ ដោយសារបញ្ហាប្រឈមផ្នែកដឹកជញ្ជូន និងសន្តិសុខ៕
ប្រែសម្រួល ឈូក បូរ៉ា