របាយការណ៍៖ ៤ឆ្នាំ គម្រោង CAPFISH បានជួយលើកស្ទួយជីវភាពប្រជានេសាទចាប់តាំងពីការកែច្នៃ ដល់ការអប់រំ
សមិទ្ធផលទាំងនោះរួមមាន បណ្តុះបណ្តាលសមាជិកសហគមន៍អំពីការអភិរក្សត្រី និងព្រៃលិចទឹក, បង្កើតក្រុមកែច្នៃផលនេសាទ និងក្រុមចិញ្ចឹមឃ្មុំ, ផ្តល់សេវាទឹក The post របាយការណ៍៖ ៤ឆ្នាំ គម្រោង CAPFISH បានជួយលើកស្ទួយជីវភាពប្រជានេសាទចាប់តាំងពីការកែច្នៃ ដល់ការអប់រំ appeared first on Kampuchea Thmey Daily.

លោក ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល សង្កេតឃើញថា រាល់សកម្មភាពរបស់គម្រោង CAPFISH-Capture ដែលជាជំនួយរបស់សហភាពអឺរុប អនុវត្តដោយអង្គការអុកស្វាម គិតចាប់តាំងពីឆ្នាំ២០២១-២០២៥ ពិតជាបានជួយលើកស្ទួយការរស់នៅរបស់ប្រជានេសាទបានយ៉ាងច្រើនគួរឱ្យកោតសរសើរ រួមមានការចូលរួមផ្នែកទឹកស្អាតនិងអនាម័យ ផ្នែកអប់រំ ការចិញ្ចឹមជីវិត និងការអភិរក្សធនធានធម្មជាតិជាដើម។

នាឱកាសអញ្ជើញចូលរួមបើកសិក្ខាសាលាក្នុងពិធីបិទ គម្រោង«បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ លោក ស្រ៊ុន លឹមសុង អនុប្រធានកម្មវិធី CAPFISH-Capture នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បើតាមរបាយការណ៍អុកស្វាម ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក អង្គការអុកស្វាម និងអង្គកាជាដៃគូ បានសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន។
សមិទ្ធផលទាំងនោះរួមមាន បណ្តុះបណ្តាលសមាជិកសហគមន៍អំពីការអភិរក្សត្រី និងព្រៃលិចទឹក, បង្កើតក្រុមកែច្នៃផលនេសាទ និងក្រុមចិញ្ចឹមឃ្មុំ, ផ្តល់សេវាទឹកសុវត្ថិភាព បង្គន់អនាម័យ និងជួសជុលសាលារៀន, ផ្តល់អាហារ និងអាហារូបករណ៍ដល់សិស្ស,ជំរុញអេកូទេសចរណ៍ និងកសិកម្មឆ្លាត ការកែច្នៃសំរាមទៅជាអិដ្ឋអេកូ និងទៅជារបស់ប្រើប្រាស់ច្រើនយ៉ាង និងបានបំពាក់សូឡាតាមផ្ទះសហគមន៍នេសាទ។

លោក ស្រ៊ុន លឹមសុង បញ្ជាក់ថា៖«លទ្ធផលទាំងនេះមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួមយ៉ាងសកម្មពីសហគមន៍ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ទាំងអស់។ ទាំងនេះជាចំណូលបន្ថែមរបស់ប្រជានេសាទដែលមិនអាចខ្វះបាន»។ លោកបន្ថែមថា ការអនុវត្តគម្រោងរបស់អង្គការអុកស្វាមនេះ រដ្ឋបាលជលផលមានមោទនភាពចំពោះសមិទ្ធិផលសំខាន់ៗ ដែលសម្រេចបាន ក្នុងការរួមចំណែកអភិវឌ្ឍជលផលនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត និងការសហការរបស់អ្នកទាំងអស់គ្នា។ លោកចាត់ទុកថា សិក្ខាសាលានេះគឺជាឱកាសដ៏ល្អសម្រាប់យើងពិភាក្សា សិក្សា និងចែករំលែកបទពិសោធន៍ ដើម្បីបន្តការអភិវឌ្ឍន៍សហគមន៍នេសាទឲ្យកាន់តែប្រសើរឡើង។
ក្នុងឆ្នាំ២០២៤កន្លងមក រដ្ឋាភិបាលនៃប្រទេសកម្ពុជា ជាពិសេសរដ្ឋបាលជលផល សង្កេតឃើញថាប្រទេសកម្ពុជាទទួលបានផលនេសាទ និងវារីវប្បកម្មសម្រេចបានចំនួនជាង ៩២៧ពាន់ តោន កើនឡើង ៦១ពាន់តោន ស្មើនឹង៧% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ ផលនេសាទទឹកសាបទទួលបាន៤៦៧ពាន់តោន ផលនេសាទសមុទ្រទទួលបាន ១៣៩ពាន់តោន និងផលវារីវប្បកម្ម ៣២០ពាន់តោន។

ទន្ទឹមនេះ ការអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិជាតិ ក្រសួងទទួលបានតួលេខវិជ្ជមាន ដែលមានសត្វផ្សោតបានកើតកូនចំនួន៩ក្បាល និងស្លាប់៤ក្បាល តាមការប៉ានស្មានមានសត្វផ្សោតសរុបចំនួន ១០៤ក្បាលក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ជលផល។ ជាមួយគ្នានេះ ក៏មានវត្តមានជ្រូកទឹកជាច្រើនឡើងវិញបន្ទាប់ពីបាត់ខ្លួនជាង១០ឆ្នាំកន្លងមក ជាមួយគ្នានេះ ផ្សោតឃ្លៀច (ផ្សោតពណ៌ ផ្កាឈូក) និងផ្សោតក្បាលត្រឡោកក៏កើនឡើងច្រើនផងដែរ ប្រមាណជាង១០០ក្បាល ដែលតែងតែមានវត្តមានជាញឹកញាប់នៅតំបន់ឆ្នេរ ពិសេសខេត្តកំពតនិងកែប។

ក្រសួងកសិកម្ម បានពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ច និង អង្គការជាតិនិងអន្តរជាតិក្នុងការទប់ស្កាត់ បទល្មើសនេសាទកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ កាត់បន្ថយការនាំចូល រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ៕
The post របាយការណ៍៖ ៤ឆ្នាំ គម្រោង CAPFISH បានជួយលើកស្ទួយជីវភាពប្រជានេសាទចាប់តាំងពីការកែច្នៃ ដល់ការអប់រំ appeared first on Kampuchea Thmey Daily.