Brad Pitt ថា Pax Thien ទៅជាមនុស្សលែងស្ដាប់បង្គាប់ ដោយសារតែ Angelina
តារាសម្ដែងប្រុសក៏បានស្តីបន្ទោស Angelina Jolie ចំពោះស្ថានភាពបច្ចុប្បន្ននៃកូនប្រុសដែលមានដើម... The post Brad Pitt ថា Pax Thien ទៅជាមនុស្សលែងស្ដាប់បង្គាប់ ដោយសារតែ Angelina appeared first on Kampuchea Thmey Daily.

យោងតាមប្រភព Brad Pitt ជឿជាក់ថាទំនាក់ទំនងរបស់គាត់ជាមួយកូនចឹញ្ចឹម Pax Thien គឺមិនអាចត្រលប់មកផ្សះផ្សាគ្នាបានវិញទេ។ តារាសម្ដែងប្រុសក៏បានស្តីបន្ទោស Angelina Jolie ចំពោះស្ថានភាពបច្ចុប្បន្ននៃកូនប្រុសដែលមានដើមកំណើតវៀតណាម។

នៅចុងខែឧសភា Pax Thien ត្រូវបានគេប្រទះឃើញដើរចេញពីសណ្ឋាគារមួយក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ក្នុងស្ថានភាពមិននឹងនរ ដោយភ្នែកស្រពាប់ស្រពោន ស្នាមញញឹមតិចៗ និងរាងកាយមិនស្ថិតស្ថេរ ទាមទារការគាំទ្រពីមិត្តភក្តិ។ បន្ទាប់មកពួកគេបានទៅក្លឹបកម្សាន្ត Deja Vu នៅ Hollywood Hills ហើយបាននៅកម្សាន្តរហូតដល់ម៉ោង ២:៣០ ទៀបភ្លឺ ឃ្លិបមួយនោះត្រូវបានពណ៌នាដោយប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប និងអាមេរិកថា ជារឿងដ៏គួរភ្ញាក់ផ្អើលបំផុត។
ទន្ទឹមពេលដែល Pax Thien និងឪពុកម្តាយចិញ្ចឹមមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ ប្រភពជិតស្និទ្ធនឹង Brad Pitt បានបញ្ជាក់ប្រាប់ Daily Mail ថា តារាសម្តែងកើតនៅឆ្នាំ ១៩៦៣ មិនចង់ចូលរួមក្នុងឧប្បត្តិហេតុដែលទាក់ទងនឹងកូនប្រុសចិញ្ចឹមរបស់គាត់ ដែលមានដើមកំណើតវៀតណាមទេ។
ប្រភពដដែលបាននិយាយថា គាត់មិនខ្វល់ពីអ្វីដែល Pax ធ្វើឬមិនធ្វើនោះទេ។ សកម្មភាពរបស់ក្មេងជំទង់គឺជាការឆ្លុះបញ្ចាំងថាគាត់ជានរណា។ Brad ពិតជាមើលឃើញទំនាក់ទំនងរបស់គាត់ជាមួយ Pax ដែលមិនអាចជួសជុលបាន។
យោងតាមប្រភពខាងក្នុងបានបញ្ចាក់ឲ្យដឹងទៀតថា តួសម្តែងក្នុងភាពយន្ត F1 បានស្តីបន្ទោស Angelina ចំពោះសកម្មភាពបះបោររបស់ Pax Thien ។
ប្រភពបានសង្កត់ធ្ងន់ថា Brad ជឿថា អ្វីក៏ដោយដែលកូនរបស់គាត់កំពុងជួបប្រទះនៅពេលនេះ គឺជាលទ្ធផលផ្ទាល់នៃរបៀបដែលពួកគេធំឡើង។ ពួកគេមានអាយុគ្រប់គ្រាន់ក្នុងការសម្រេចចិត្តរបស់ពួកគេឥឡូវនេះ។ ប្រសិនបើជម្រើសទាំងនោះរួមបញ្ចូលរឿងអាស្រូវ ពួកគេត្រូវតែទទួលខុសត្រូវចំពោះខ្លួនឯង។ Brad នឹងនៅទីនោះដើម្បីផ្តល់ដំបូន្មាន ប៉ុន្តែគាត់មិនអាចធ្វើវាបានទេ នៅពេលដែលគាត់មិនអាចមានទំនាក់ទំនងជាមួយពួកគេនៅពេលនេះ ។
ប្រភពបានបន្ថែមថា តារាសម្ដែងប្រុសវ័យ៦១ឆ្នាំ មិនមានគម្រោងទាក់ទងកូនចិញ្ចឹមរបស់គាត់ណាមួយឡើយ។ គាត់គិតថា Pax Thien និង Maddox ទាំងពីរបានច្បាស់លាស់អំពីអារម្មណ៍របស់ពួកគេ ហើយគាត់មិនមានអ្វីត្រូវនិយាយទៀតអំពីអ្នកទាំងពីរនោះទេ។ យ៉ាងណា ចំពោះកូនៗផ្សេងទៀត តារាដែលឈ្នះពានរង្វាន់ Oscar ត្រូវបានគេនិយាយថា នៅតែសង្ឃឹមថាថ្ងៃណាមួយពួកគេនឹងត្រលប់មកវិញ ហើយពេលវេលានោះនឹងព្យាបាលរបួស។
លើសពីនេះ សមាជិកម្នាក់នៃគ្រួសារ Pitt ក្នុងរដ្ឋ Missouri បានចែករំលែកថា Jane ម្តាយរបស់ Brad Pitt ក៏ចង់ឲ្យក្មេងៗផ្លាស់ប្តូរគំនិត និងទំនាក់ទំនងឡើងវិញផងដែរ។ ជាពិសេស កូនៗរបស់ Jolie និង Pitt មិនមានគ្រួសារផ្សេងទៀតទេ ដោយសារ Angelina ឃ្លាតឆ្ងាយពីបងប្រុស គ្មានក្មួយស្រី ឬក្មួយប្រុស។ ម្តាយរបស់នាងបានស្លាប់ ហើយនាងមានទំនាក់ទំនងលំបាកជាមួយឪពុក។ ផ្ទុយទៅវិញ គ្រួសារ Pitt គឺពោរពេញដោយក្តីស្រលាញ់ និងភាពស្និទ្ធស្នាល។ កូនៗរបស់ Brad មានបងប្អូនជីដូនមួយចំនួន ៣០ នាក់ដែលពួកគេស្និទ្ធស្នាល។ ពួកគេអាចទៅលេងលំហែកាយនៅឆ្នេរសមុទ្រ ឬនៅផ្ទះជាមួយគ្នាបាន។ មិនបានទាក់ទងគ្នាជាច្រើនឆ្នាំមកហើយ។
ទោះជាយ៉ាងណាក៏ដោយ ភាគីរបស់ Angelina បានសម្តែងការមិនពេញចិត្តចំពោះការចែករំលែកថ្មីៗនេះពីសាច់ញាតិរបស់ Brad Pitt ។ ប្រភពជិតស្និទ្ធនឹងតារាស្រីកើតឆ្នាំ ១៩៧៥ បានរិះគន់ថា Brad នៅតែដើរតួជាជនរងគ្រោះ។ ទំនាក់ទំនងដែលខូចខាតជាមួយកូនៗគឺជាលទ្ធផលផ្ទាល់នៃរបៀបដែលគាត់ប្រព្រឹត្តចំពោះពួកគេ។ គាត់គួរតែឈប់ស្តីបន្ទោសអ្នកដទៃ។ ប្រសិនបើគាត់ចង់កសាងទំនាក់ទំនងរបស់គាត់ជាមួយកូន គាត់គួរតែទទួលស្គាល់សកម្មភាពរបស់គាត់ហើយកែកំហុសរបស់គាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Taylor Swift ដាក់ពាក្យបណ្តឹង ក្រោយបុរសម្នាក់តាមយាយីនាងជាច្រើនឆ្នាំ
The post Brad Pitt ថា Pax Thien ទៅជាមនុស្សលែងស្ដាប់បង្គាប់ ដោយសារតែ Angelina appeared first on Kampuchea Thmey Daily.