Orn Richard គ្រោងបន្ថែមកុំព្យូរទ័រ ២០គ្រឿង សម្រាប់ជាថ្នាក់សិក្សាក្នុងបណ្ណាល័យសាធារណៈរបស់ខ្លួន
ក្រោយបើកដំណើរការបណ្ណាល័យ គោប្រាក់ ជាង ១ខែ អ្នកផលិតមាតិកាល្បីឈ្មោះ Orn Richard គ្រោងបន្ថែមកុំព្យូរទ័រ ២០គ្រឿង The post Orn Richard គ្រោងបន្ថែមកុំព្យូរទ័រ ២០គ្រឿង សម្រាប់ជាថ្នាក់សិក្សាក្នុងបណ្ណាល័យសាធារណៈរបស់ខ្លួន appeared first on Kampuchea Thmey Daily.

ក្រោយបើកដំណើរការបណ្ណាល័យ គោប្រាក់ ជាង ១ខែ អ្នកផលិតមាតិកាល្បីឈ្មោះ Orn Richard គ្រោងបន្ថែមកុំព្យូរទ័រ ២០គ្រឿង សម្រាប់ជាថ្នាក់សិក្សាក្នុងបណ្ណាល័យសាធារណៈរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ។
តាមរយៈសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់បណ្ណាល័យ លោករៀបរាប់ថា មួយរយៈពេលនេះ ខ្លួនពិតជារវល់ខ្លាំងក្នុងការប្តូររូបរាងថ្មីរបស់បណ្ណាល័យ។ លោកបង្ហើបថា “មួយរយៈនេះរវល់ដើម្បី បណ្ណាល័យ – គោប្រាក់ ប្តូររូបរាងថ្មីជាមួយនឹងសៀវភៅសរុប ៩ ៥៥៤ក្បាល បន្ថែមការស្រាវជ្រាវ និងថ្នាក់សិក្សាកុំព្យូរទ័រ ២០គ្រឿង ក្នុងពេលឆាប់ៗ អាចមកអានបានដោយឥតគិតថ្លៃ”។

បណ្ណាល័យសាធារណៈមួយនេះ មិនត្រឹមតែអាចឱ្យយុវជននិងកុមារ ចូលអានសៀវភៅដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងមានផ្តល់កន្លែងអានសៀវភៅផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់សៀវភៅទាំងអស់ សុទ្ធតែបើកទូលាយឱ្យអ្នកចូលចិត្តអាន អាចខ្ចីយកទៅអានដោយឥតគិតថ្លៃទៀតផង។
យ៉ាងណាមិញ ដើម្បីរួមចំណែកនឹងកិច្ចការសង្គមក្នុងការលើកកម្ពស់ធនធានមនុស្ស លោកនឹងបន្ថែមថ្នាក់សិក្សាបន្ថែមជាកុំព្យូទ័រសរុប ២០គ្រឿង ដែលអាចជាជំនួយដល់ការសិក្សាស្រាវជ្រាវរបស់សាធារណជន ពិសេសយុវជននិងកុមារ។ គម្រោងនេះ ត្រូវបានសាធារណជន ពិសេសអ្នកផលិតមាតិការដូចគ្នា បង្ហាញការកោតស្ញប់ស្ញែងលោកផងដែរ។

គួររំលឹកដែរថា ក្រោយការដើរប្រមូលទិញសៀវភៅពីគ្រប់ទិសទី និងការខិតខំប្រឹងប្រែងក្នុងការគៀរគរឱ្យមានការបរិច្ចាគ បណ្ណាល័យ គោប្រាក់ បានលេចចេញជារូបរាងយ៉ាងពិតប្រាកដ កាលថ្ងៃទី២៦ ខែមេសា ដោយនាំយកនូវចំណេះដឹងដ៏ទូលំទូលាយតាមរយៈសៀវភៅដែលត្រូវបានរៀបចំពេញផ្ទៃនៃបណ្ណាល័យ។ បណ្ណាល័យនេះ មានទីតាំងស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីមន្ទីរពេទ្យគន្ធបុផ្ផាសៀមរាប ។

Orn Richard ជាអ្នកផលិតមាតិកាមួយរូប ដែលតែងចូលរួមក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដូចជាការជួយសហគមន៍មនុស្សចាស់ ការជួយជនក្រីក្រ កុមារកំព្រា មន្ទីរពេទ្យ ក៏ដូចជាសាលារៀននៅតំបន់ដាច់ស្រយាលផងដែរ។ ខណៈកាលពីខែកុម្ភៈកន្លងទៅ លោកទើបតែបានបន្ថែមផ្ទះជួល ២កន្លែង សម្រាប់ឱ្យនិស្សិតមានកន្លែងស្នាក់នៅ ព្រមទាំងទិញសម្ភារៈសិក្សា រួមនិងសម្ភារៈប្រើប្រាស់ទៅចែកជូនកុមារៗនៅទីជនបទដាច់ស្រយាលនៃខេត្តពោធិ៍សាត់៕


The post Orn Richard គ្រោងបន្ថែមកុំព្យូរទ័រ ២០គ្រឿង សម្រាប់ជាថ្នាក់សិក្សាក្នុងបណ្ណាល័យសាធារណៈរបស់ខ្លួន appeared first on Kampuchea Thmey Daily.