អាជ្ញាធរខេត្តពោធិ៍សាត់ត្រៀមឡាន១៧០គ្រឿងជម្លៀសពលរដ្ឋ ក្នុងករណីកើតហេតុការណ៍តាមព្រំដែន

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ ដោយរៀបចំកម្លាំងនិងរថយន្តត្រៀមជម្លៀស The post អាជ្ញាធរខេត្តពោធិ៍សាត់ត្រៀមឡាន១៧០គ្រឿងជម្លៀសពលរដ្ឋ ក្នុងករណីកើតហេតុការណ៍តាមព្រំដែន appeared first on Kampuchea Thmey Daily.

អាជ្ញាធរខេត្តពោធិ៍សាត់ត្រៀមឡាន១៧០គ្រឿងជម្លៀសពលរដ្ឋ ក្នុងករណីកើតហេតុការណ៍តាមព្រំដែន

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ ដោយរៀបចំកម្លាំងនិងរថយន្តត្រៀមជម្លៀសប្រជាពលរដ្ឋនៅតាមព្រំដែនទៅកាន់ទីតាំងមានសុវត្ថិភាព ក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងដោយយថាហេតុ។

បើតាមលោក ខូយ រីដា កម្លាំងជួរមុខបានត្រៀមលក្ខណៈជាស្រេចក្នុងការការពារបូរណភាពទឹកដី ហើយសម្រាប់ខេត្តពោធិ៍សាត់ គឺអាជ្ញាធរបានត្រៀមកម្លាំង និងរថយន្តប្រមាណ១៧០គ្រឿង រួចរាល់ក្នុងការជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋប្រមាណ ៣ពាន់នាក់ ស្មើ ៨០០គ្រួសារ ក្នុងករណីចាំបាច់។ ចំពោះចរន្តអគ្គីសនី ប្រព័ន្ធអ៊ីនធឺរណែត ក្នុងស្រុកវាលវែង លោកអភិបាលខេត្ត អះអាងថា ពុំមានតភ្ជាប់ពីប្រទេសថៃទេ គឺប្រើប្រភពក្នុងខេត្តទាំងអស់។

ការត្រៀមលក្ខណៈរួចស្រេចរបស់អាជ្ញាធរខេត្តពោធិ៍សាត់នាពេលនេះ គឺអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ជុំវិញវិធានការឆ្លើយតបនឹងសភាពការណ៍ដ៏តានតឹងតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសភាពព្រហើនរបស់យោធាថៃ ដែលបន្តសកម្មភាពតាមទំនើងចិត្ត ក្នុងនោះក៏មានទាំងការគំរាមបណ្ដេញចេញនូវពលករខ្មែរមកកម្ពុជាវិញ។ 

ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋមនៅតំបន់ព្រំដែន ក៏ដូចជាការត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត និងការជម្លៀសពលរដ្ឋពីតំបន់ព្រំដែន៕

The post អាជ្ញាធរខេត្តពោធិ៍សាត់ត្រៀមឡាន១៧០គ្រឿងជម្លៀសពលរដ្ឋ ក្នុងករណីកើតហេតុការណ៍តាមព្រំដែន appeared first on Kampuchea Thmey Daily.