អាជ្ញាធរមីន ប្រកាសស្រុកស្រែអំបិល ជាស្រុកអស់គ្រាប់មីន
ការបោសសម្អាតមីននេះ មិនត្រឹមតែបានជួយសង្រ្គោះអាយុជីវិតប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យពល... The post អាជ្ញាធរមីន ប្រកាសស្រុកស្រែអំបិល ជាស្រុកអស់គ្រាប់មីន appeared first on Kampuchea Thmey Daily.

អាជ្ញាធរមីន បានប្រកាសថា ស្រុកស្រែអំបិល ខេត្តកោះកុង អស់គ្រាប់មីនហើយ ដោយពលរដ្ឋលែងបារម្ភពីការគំរាមកំហែងបន្តទៀត និងអាចរស់នៅប្រកបដោយក្តីសុខសាន្ត និងធ្វើកសិកម្មបានពេញលេញទៅថ្ងៃមុខ។

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ស្រុកស្រែអំបិល ជាស្រុកទី៣ហើយនៅក្នុងខេត្តកោះកុង ដែលត្រូវបានប្រកាសថា អស់គ្រាប់មីន បន្ទាប់ពីស្រុកគិរីសាគរ និងស្រុកបូទុមសាគរ ក្រោមជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលប្រទេសឥណ្ឌាមកកាន់កម្ពុជា។

លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃអាជ្ញាធរមីន បានឱ្យុដឹងនៅក្នុងពិធីអបអរសាទរប្រកាសស្រុកស្រែអំបិល អស់គ្រាប់មីន យ៉ាងដូច្នេះថា ស្ថានទូតឥណ្ឌាបានសម្រចជ្រើសយកខេត្តកោះកុង ជាផែនការអាទិភាពរបស់ខ្លួនក្នុងការរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតស្ថិតក្នុងខេត្តកោះកុង ដោយកំពុងធ្វើការបោសសម្អាតនៅស្រុកមណ្ឌលសីមា។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ការបោសសម្អាតមីននេះ មិនត្រឹមតែបានជួយសង្រ្គោះអាយុជីវិតប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យពលរដ្ឋចៀសផុតពីការគំរាមកំហែងដោយសារគ្រាប់មីន និងទទួលបាននូវជីវភាពរស់នៅកាន់តែល្អប្រសើរតាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាពសេចក្តីសុខសាន្ត។

បើតាមលោក លី ធុជ ការប្រកាសស្រុកស្រែអំបិលអស់មីននៅពេលនេះ តាមរយៈការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះជំនួយរបស់រដ្ឋាភិបាលឥណ្ឌា បានជ្រើសយកខេត្តកោះកុងដែលមានប្រជាពលរដ្ឋជាង១០ម៉ឺននាក់ទទួលផលប្រយោជន៍ពីគម្រោងនេះ ក្រោមផែនការអាទិភាពរបស់ខ្លួន។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង មើលឃើញថា ស្រុកស្រែអំបិល អស់គ្រាប់មីន ជាសញ្ញាវិជ្ជមានមួយបន្ថែមទៀតលើការងារសន្តិសុខសណ្តាប់ធ្នាប់ និងសក្តានុពលរបស់ខេត្តដែលទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិអន្តរជាតិមកកម្សាន្ត អ្នកវិនិយោគមកបណ្តាប់ទុនបង្កើតរោងចក្រសហគ្រាស ជាបន្តបន្ទាប់។ ពិសេសបានធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើនជីវភាពប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក និងផ្តល់ដីដែលមានសុវត្ថិភាពធ្វើកសិកម្មជាដើម។

ក្នុងនាមរដ្ឋបាលខេត្តកោះកុង លោក ស្រេង ហុង មានសុទិដ្ឋិនិយមថា ការប្រកាសស្រុកស្រែអំបិល ជាស្រុកអស់មីន នឹងធ្វើឱ្យពលរដ្ឋអាចប្រើប្រាស់ដីធ្លីរបស់ខ្លួនសម្រាប់ការងារបង្កបង្កើនផលកសិកម្មអោយអស់ពីលទ្ធភាព ប្រកបដោយសុវត្ថិភាព លុបបំបាត់ភាពភ័យខ្លាច ការគំរាមកំហែងផ្សេងៗ ដែលអាចបង្កឡើងដោយសារគ្រាប់មីនដែលកប់ក្នុងដី។លោកអភិបាលរងខេត្ត ក៏អំពាវនាវដល់ពលរដ្ឋទាំងអស់ ពិសេសអតីតយុទ្ធជនដែលបានដឹង និងស្គាល់ទីតាំងកប់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត ដែលការស្រាវជ្រាវកន្លងមកអាចមិនទាន់គ្រប់ជ្រុងជ្រោយ ឬខ្វះប្រភពព័ត៌មានសូមពលរដ្ឋជួយសហការផ្តល់ព័ត៌មានអំពីទីតាំងទាំងនោះដែលអាជ្ញាធរដែនដី កងកម្លាំងបោសសម្អាតមីន ដើម្បីការងារជំនាញរៀបចំផែនការស្រាវជ្រាវ ផ្ទៀងផ្ទាត់ទិន្នន័យ និងបោសសម្អាតបានទាន់ពេលវេលា។

គួរជម្រាបថា ក្នុងឆ្នាំ២០២៥ តាមរយៈគម្រោងជំនួយរបស់ឥណ្ឌា បន្ទាប់ពីប្រកាសស្រុកបុទុមសាគរអស់មីន។ ស្រុកចំនួន៣ ទៀតរួមមានស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង ត្រៀមនឹងប្រកាសជាស្រុកអស់មីនផងដែរ»។
លោក Vanlalvawna Bawitlung បានចាត់ទុកការប្រកាសស្រុកបុទុមសាគរអស់មីន មិនត្រឹមតែសម្រាប់ខេត្តកោះកុងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាទាំងមូល ដើម្បីឆ្ពោះទៅកាន់អនាគតមួយដែលអស់មីន និងមានសុវត្ថិភាព។ ខេត្តកោះកុងទាំងមូល នឹងកាន់តែទាក់ទាញការវិនិយោគបន្ថែមទៀត តាមរយៈការទទួលបាន និងការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនា និងកម្សាន្ត ក្នុងតំបន់ធម្មជាតិខេត្តកោះកុង កាន់តែច្រើន៕
អត្ថបទ៖ សិរីវឌ្ឍនៈ
The post អាជ្ញាធរមីន ប្រកាសស្រុកស្រែអំបិល ជាស្រុកអស់គ្រាប់មីន appeared first on Kampuchea Thmey Daily.