មន្ត្រីជាន់ខ្ពស់ ណែនាំគ្រប់មូលដ្ឋានសុខាភិបាល ត្រៀមទទួលអ្នកជំងឺដែល ធ្លាប់ទៅព្យាបាលនៅថៃ
មន្ត្រីជាន់ខ្ពស់ ណែនាំគ្រប់មូលដ្ឋានសុខាភិបាល ត្រៀមទទួលអ្នកជំងឺដែល ធ្លាប់ទៅព្យាបាលនៅថៃ... The post មន្ត្រីជាន់ខ្ពស់ ណែនាំគ្រប់មូលដ្ឋានសុខាភិបាល ត្រៀមទទួលអ្នកជំងឺដែល ធ្លាប់ទៅព្យាបាលនៅថៃ appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាល បានណែនាំឱ្យគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ នៅទូទាំងប្រទេស ត្រូវខិតខំយកចិត្តទុកដាក់ និងត្រៀមទទួលប្រជាពលរដ្ឋដែលធ្លាប់ទៅព្យាបាលនៅប្រទេសថៃ ខណៈពេលដែលប្រទេសទាំងពីរកំពុងមានវិវាទលើបញ្ហាព្រំដែន។

លោកសាស្ត្រាចារ្យ គុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៤ មិថុនា នេះថា ក្រសួង បានណែនាំទៅតាមគ្រប់មូលដ្ឋានសុខាភិបាលរួចហើយ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំងនៅក្នុងស្រុក ទាំងប្រជាពលរដ្ឋដែលធ្លាប់ចេញទៅព្យាបាលជំងឺនៅប្រទេសថៃ។

លោកសាស្ត្រាចារ្យ បានបន្តថា បញ្ហានេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល សាស្ត្រាចារ្យ ឈាង រ៉ា លោកតែងតែណែនាំដល់មន្ត្រីសុខាភិបាលគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុតក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលចេញទៅព្យាបាលនៅប្រទេសថៃ ឬប្រទេសផ្សេងៗ ទៀត មានទំនុកចិត្តមកលើសេវារបស់យើង ហើយងាកមកទទួលសេវានៅក្នុងស្រុកវិញឱ្យកាន់តែប្រសើរឡើង។

កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមរបស់ សម្តេច ដោយបានណែនាំ ៦ ចំណុច ដល់រាជរដ្ឋាភិបាល ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនជាឯកតោភាគី។ ក្នុងចំណុចគន្លឹះទាំង ៦ នោះ ក៏បានលើកឡើងពីការបង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលនៅប្រទេសថៃមករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។

នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ការចេញទៅរកសេវាព្យាបាលជំងឺនៅប្រទេសជិតខាង និងប្រទេសដទៃទៀត មានចំនួនចន្លោះពី ២០ ម៉ឺន ទៅ ២៥ ម៉ឺននាក់ ក្នុងឆ្នាំ ២០២៣ ហើយលោកគោរពការសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ព្រោះថាចរន្ត នៃការចាកចេញពីប្រទេសមួយ ដើម្បីទៅរកសេវាព្យាបាលនៅប្រទេសផ្សេងទៀត មិនមែនកើតឡើងតែនៅកម្ពុជានោះទេ ប៉ុន្តែមាននៅក្នុងប្រទេសផ្សេងៗ សូម្បីនៅបារាំង សហរដ្ឋអាមេរិក ម៉ាឡេស៊ី វៀតណាម ថៃ ឬសិង្ហបុរី ជាដើម គ្រាន់តែថា អត្រា នៃការចេញទៅព្យាបាលនៅខាងក្រៅមានកម្រិតខុសគ្នា។ ដូច្នេះយុទ្ធសាស្ត្រដើម្បីដោះស្រាយការងារនេះ គឺយើងត្រូវប្រឹងប្រែង លើកកម្ពស់ នៃការខិតខំធ្វើយ៉ាងណាឱ្យការបម្រើផ្ដល់សេវានៅក្នុងស្រុកឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕
អត្ថបទ ៖ សំអឿន
The post មន្ត្រីជាន់ខ្ពស់ ណែនាំគ្រប់មូលដ្ឋានសុខាភិបាល ត្រៀមទទួលអ្នកជំងឺដែល ធ្លាប់ទៅព្យាបាលនៅថៃ appeared first on Kampuchea Thmey Daily.