TASS ៖ អ៊ីរ៉ង់ត្រៀមខ្លួនទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្រោយ៣ថ្ងៃនៃការផ្ទុះអាវុធ
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នេះកើតឡើង១ថ្ងៃ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគី លោក វ៉្លាឌីមៀរ ពូទីន និយាយគ្នាតាមទូរស័ព្ទ... The post TASS ៖ អ៊ីរ៉ង់ត្រៀមខ្លួនទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្រោយ៣ថ្ងៃនៃការផ្ទុះអាវុធ appeared first on Kampuchea Thmey Daily.

ក្រោយ៣ថ្ងៃនៃការផ្លោងដាក់គ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដែលត្រូវបានគេចោទថា សហរដ្ឋអាមេរិកជួយអ៊ីស្រាអែលក្នុងការវាយប្រហារ ប៉ុន្តែហាក់ធ្វើពើមិនជាប់ពាក់ព័ន្ធ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ចេញមកអះអាងពីការត្រៀមខ្លួនទទួលយកលក្ខខណ្ឌកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលខ្លួនបានចរចា៥លើករួចមកហើយ។
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នេះកើតឡើង១ថ្ងៃ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីរ៉ង់ ដោយអាមេរិកទាមទារ លោកពូទីន បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និង ការផ្ទុះអាវុធនៅអ៊ីរ៉ង់គួរបញ្ចប់ដូចគ្នា។

ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង ត្រូវបានប្រកាសថា សំដៅលើហេដ្ឋារចនាសម្ព័ុន្ធចម្រាញ់ធាតុអ៊ុយរ៉ាញ៉ូមដែលនឹងផលិតអាវុធមហាប្រល័យនុយក្លេអ៊ែរ ដែលអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកយល់ថា ជាការគំរាមកំហែងដល់សន្តិសុខរបស់ពួកគេ។
ទីភ្នាក់ងារសារព័ត៌មានរុស្សី TASS បានផ្សាយនៅរសៀលថ្ងៃទី១៥មិថុនានេះថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចព្រមព្រៀងធានាពីការគ្មានអាវុធនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ដោយសម្ភាសរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក លោក Abbas Araghchi ក៏ប៉ុន្តែអឺរ៉ង់នឹងមិនទទួលយកនូវលក្ខខណ្ឌទាំងឡាយណាដែលបិទសិទ្ធិអ៊ីរ៉ង់ក្នុងការទទួលបានសិទ្ធិស្របច្បាប់ក្នុងដំណើរការថាមពលនុយក្លេអ៊ែរនោះទេ។
តាមសេចក្តីរាយការណ៍នោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយក្នុងគោលបំណងទប់ស្កាត់ការទទួលបានអាវុធនុយក្លេអ៊ែរ ប៉ុន្តែនឹងមិនទទួលយកលក្ខខណ្ឌដែលកំណត់សិទ្ធិស្របច្បាប់របស់សាធារណរដ្ឋក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរដោយសន្តិវិធីនោះទេ។
លោករដ្ឋមន្ត្រី Abbas Araghchi ត្រូវបានស្រង់សម្តីដូចបាននិយាយថា៖«យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចព្រមព្រៀងណាមួយដែលមានគោលបំណងទប់ស្កាត់អ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើគោលបំណងនៃកិច្ចព្រមព្រៀងនេះគឺដើម្បីដកហូតសិទ្ធិស្របច្បាប់របស់ខ្លួន [ដើម្បីបង្កើតអាតូមដោយសន្តិវិធី] នោះយើងមិនទាន់ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀងបែបនេះទេ»។
លោក Araqchi បានបន្ថែមថា នៅក្នុងជុំទីប្រាំមួយនៃការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ទីក្រុងតេអេរ៉ង់ នឹងបង្ហាញសំណើររបស់ខ្លួន។ យោងតាមរដ្ឋមន្ត្រី ការបរទេស វាអាចបើកចំហមធ្យោបាយឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបាននឹងកំពុងធ្វើការចរចាសម្របសម្រួលដោយប្រទេសអូម៉ង់ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ចាប់តាំងពីខែមេសា។ បន្ទាប់ពីការប៉ុនប៉ងជាច្រើនដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីមួយ ការចរចាបានឈានដល់ភាពជាប់គាំងជុំវិញការខ្វែងគំនិតគ្នាលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ ជុំទីប្រាំមួយត្រូវបានកំណត់ពេលសម្រាប់ថ្ងៃទី១៥ខែមិថុនានៅប្រទេសអូម៉ង់ ប៉ុន្តែបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់វាត្រូវបានលុបចោល។
ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល កាលព្រឹកព្រលឹមថ្ងៃសុក្រដោយផ្លោងលើកទីតាំងដែលសង្ស័យថា អ៊ីរ៉ង់តំឡើងសម្ភារៈចម្រាញ់ធាតុអ៊ុយរ៉ាញ៉ូម ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានអឺរ៉ង់ឲ្យទទួយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុនអ្វីៗត្រូវបាត់បង់ទាំងស្រុង។
ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មេបញ្ជាការកំពូលអឺរ៉ង់យ៉ាងហោច៣រូបត្រូវបានសម្លាប់ ហើយអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរយ៉ាងហោច៦រូបត្រូវបានសម្លាប់។ ក្នុងការវាយប្រហារ៣ថ្ងៃកន្លងមកនេះ យ៉ាងហោចណាស់មនុស្សជិត១០០នាក់ត្រូវបានសម្លាប់ និងជាង៣០០នាក់រងរបួសនៅខាងភាគីអ៊ីរ៉ង់។
ចំណែកភាគីអ៊ីស្រាអែល ក៏រងការវាយប្រហារស្រោចមីស៊ីលបាលិស្ទិកពីភាគីអឺរ៉ង់ដោយសម្លាប់មនុស្សជាង១០នាក់ និងជាង២០០នាករងរបួស ដែលសុទ្ធសឹងជាជនស៊ីវិល៕
មេដឹកនាំអន្តរជាតិជាច្រើន អំពាវនាវឲ្យភាគីអ៊ីស្រាអែល និងអ៊ីរ៉ង់បង្កើនការអត់ធ្មត់ឲ្យដល់កំពូល និងងាកទៅរកការចរចាតាមមធ្យោបាយការទូតវិញ៕
ដោយ រ៉ាន់ រើយ

The post TASS ៖ អ៊ីរ៉ង់ត្រៀមខ្លួនទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្រោយ៣ថ្ងៃនៃការផ្ទុះអាវុធ appeared first on Kampuchea Thmey Daily.