ប្រជាកសិករដាំពោតក្នុងខេត្តត្បូងឃ្មុំ បានបង្កបង្កើនផលជិត៧ពាន់ហិកតា
បច្ចុប្បន្ន ក្នុងខេត្តត្បូងឃ្មុំ មានពូជពោតប្រមាណ ១០ពូជ ត្រូវបានប្រជាកសិករប្រើប្រាស់... The post ប្រជាកសិករដាំពោតក្នុងខេត្តត្បូងឃ្មុំ បានបង្កបង្កើនផលជិត៧ពាន់ហិកតា appeared first on Kampuchea Thmey Daily.

ស្រុកចំនួន៣ ក្នុងចំណោម៧ស្រុក/ក្រុង នៃខេត្តត្បូងឃ្មុំ បានដាំពោតក្រហម និងពោតស លើផ្ទៃដីទំហំជិត ៧ពាន់ហិកតា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលពោតស មានស្រុកចំនួន៣ស្រុក គឺមានស្រុកក្រូចឆ្មា ផ្ទៃដីទំហំ១១០ហិកតា ។ ស្រុកពញាក្រែក លើផ្ទៃដីទំហំ១៥ហិកតា។ និងស្រុកត្បូងឃ្មុំ លើផ្ទៃដីទំហំ១៤០ហិកតា ។ សរុបទាំង៣ស្រុកមានផ្ទៃដីដាំពោតស ចំនួន២៦៥ហិកតា។ ចំណែកការបង្កបង្កើនផលពោតក្រហមមានចំនួន២ស្រុក គឺស្រុកក្រូចឆ្មា មានផ្ទៃដី៤២៧០ហិកតា និងស្រុកត្បូងឃ្មុំមានផ្ទៃដីទំហំ ២៣៥០ហិកតា សរុប៦៦២០ហិកតា។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន ក្នុងខេត្តត្បូងឃ្មុំ មានពូជពោតប្រមាណ ១០ពូជ ត្រូវបានប្រជាកសិករប្រើប្រាស់ ដែលបានផ្តល់ទិន្នផល និងគុណភាពផ្សេងៗគ្នា និងឆ្លើយតម្រូវការរបស់ទីផ្សារដូចគ្នា។ រីឯបរិមាណផលសរុបវិញក្នុងមួយឆ្នាំៗសម្រេចបានចំនួនប្រមាណ ៥៦ ៧៥០តោន គិតគ្រាប់ពោតស្ងួត។

តាមរយៈការផ្សព្វផ្សាយបច្ចេកទេសដាំដុះពីមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងអ្នកបច្ចេកទេសរបស់បណ្តាក្រុមហ៊ុនលក់ពូជពោត ប្រជាកសិករនៅខេត្តត្បូងឃ្មុំបានធ្វើការផ្លាស់ប្តូរទម្លាប់ពីការដាំដុះតាមបែបប្រពៃណី មកទទួលយកការដាំដុះតាមបច្ចេកទេសថ្មី ដូចជាការជ្រើសរើសពូជ ការប្រើប្រាស់ប្រព័ន្ធទុយោបាចសាចដែលប្រើប្រាស់ទឹកតិច ការប្រើប្រាស់ជីទ្រាប់បាត ការប្រើប្រាស់ជីបំប៉ន ការប្រើប្រាស់ថ្នាំកសិកម្ម ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យបរិមាណផលពោតមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕
អត្ថបទ៖ សាន វិឡែម

The post ប្រជាកសិករដាំពោតក្នុងខេត្តត្បូងឃ្មុំ បានបង្កបង្កើនផលជិត៧ពាន់ហិកតា appeared first on Kampuchea Thmey Daily.