ភ្នំខ្នងផ្សារ នឹងអភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ The post ភ្នំខ្នងផ្សារ នឹងអភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ appeared first on Kampuchea Thmey Daily.

កំពង់ស្ពឺ ៖ ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះថា តំបន់ទេសចរណ៍ភ្នំខ្នងផ្សារ នឹងអភិវឌ្ឍន៍ទៅតាមស្តង់ដារធម្មជាតិដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាធម្មជាតិ ដ៏ស្រស់ត្រកាល សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព សម្រាប់កូនចៅតជំនាន់។

ពិធីបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងសាងសង់ហេដ្ឋារចនា-សម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ នាពេលនេះ រួមមាន ផ្លូវក្រាលក្រួសក្រហម (កាលថ្មម៉ិច) ប្រវែង ៧,២ គ.ម ទទឹងប្រវែង៨ម ចាប់ពីផ្លូវលេខ៤៨.៤ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ និងបើកការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ និងការបើកការសាងសង់ផ្លូវថ្មើរជើងឡើងតំបន់ខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ ចម្ងាយប្រមាណ ៤គ.ម ដែលក្នុងនោះក្រសួងបរិស្ថាន មានគម្រោងរៀបចំកន្លែងសម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ម្លប់និងអាចអ្នកទេសចរបានសម្រាកផង និងអាចទទួលទានផងដែរ ក្នុងនោះគម្រោងរបស់ក្រសួងបរិស្ថាន និងផ្តល់ជូនដល់អ្នកទេសចរមកលេងភ្នំខ្នងផ្សារ បានពិសាទឹកស្អាត ដែលចម្រោះចេញពីទឹកធម្មជាតិ ប្រភពពីលើភ្នំ ដល់កន្លែងសម្រាក ជាមួយការដាក់ស្លាកព័ត៌មានដែលបង្ហាញពីចម្ងាយផ្លូវ និងការបញ្ចេញថាមពលរបស់អ្នកឡើងភ្នំ នៅតាមកន្លែងសម្រាកនីមួយៗឆ្ពោះទៅភ្នំខ្នងផ្សារថែមទៀត។

លោកបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ការសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃនេះ ជាឱកាសដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងពិសេសសម្រាប់ ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ភ្នំខ្នងផ្សារ។

លោកមានប្រសាសន៍បន្តថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងត្រូវផ្តល់ជូនសហគមន៍មូលដ្ឋានធ្វើការគ្រប់គ្រង ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ឱ្យទៅជាសហគ្រិន ដែលជាការប្តូរពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

ការចាប់ផ្តើមអនុវត្តគម្រោងនេះ គឺពិតជាចូលរួមបង្កើតអនាគតថ្មី ហើយប្រជាសហគមន៍មូលដ្ឋាន ក៏បានចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ បានកាន់តែប្រសើរ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាបម្រើឱ្យការទាក់ទាញទេសចរ នៃតំបន់ដែលមានសក្តានុពលគោលដៅលម្ហែបៃតង នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

ក្នុងនោះដែរក្រសួងបរិស្ថាន ក៏នឹងរៀបចំឱ្យមានចំណតយានយន្ត នៅកន្លែងដំណាក់ដានព្រះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបម្រើសេវាកម្មទេសចរណ៍ ដូចជា ហាងកាហ្វេ កន្លែងផ្តល់ព័ត៌មាន ចំណតយានយន្ត ប្រព័ន្ធអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ប្រព័ន្ធទឹកស្អាត កន្លែងបោះតង់ ផ្លូវថ្មើរជើងក្នុងព្រៃ ស្លាកសញ្ញា កន្លែងសង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តីបានសំណូមពរឱ្យប្រជាពលរដ្ឋរក្សាបាននូវភាពស្អាត ដែលខ្មែរយើងមានតាំងពីយូរលង់មក ក្នុងនោះភាពស្អាតនៅក្នុងចិត្ត ដែលស្មោះត្រង់ មានការផ្តល់សេវាល្អ រួសរាយរាក់ទាក់ និងមានតម្លៃសមរម្យ។ លើសពីនេះមានភាពស្អាតក្រៅខ្លួន ដែលយើងរក្សាបានអនាម័យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សំអាតមូលដ្ឋាន ធ្វើឱ្យផ្ទះរបស់យើងស្អាត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនថែមទៀត និងភាពស្អាតលើឆាកអន្តរជាតិ ធ្វើឱ្យកម្ពុជាមានកិត្តិយសឧត្តុងឧត្តម ដែលអ្នកទេសចរបានផ្សព្វផ្សាយពីតំបន់សក្តានុពលទេសចរណ៍ និងការវិនិយោគ ដល់អន្តរជាតិ៕
កែសម្រួលដោយ ៖ នាគព័ន្ធ










The post ភ្នំខ្នងផ្សារ នឹងអភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ appeared first on Kampuchea Thmey Daily.