ក្រុមអ្នកតវ៉ានៅស៊ែប៊ីនឹងធ្វើដំណើរ៩០គីឡូម៉ែត្រ បង្កើនការដាក់សម្ពាធលោក Vucic
ក្នុងខួប៣ខែនៃការបាក់រលំពិដានស្ថានីយរថភ្លើងនៅទីក្រុង Novi Sad ដែលបណ្តាលឲ្យមនុស្ស១៥នាក់ ក្រុមអ្នកតវ៉ាបានរៀបចំក្បួនតវ៉ាកាន់តែមានទ្រង់ទ្រាយធំ... The post ក្រុមអ្នកតវ៉ានៅស៊ែប៊ីនឹងធ្វើដំណើរ៩០គីឡូម៉ែត្រ បង្កើនការដាក់សម្ពាធលោក Vucic appeared first on Kampuchea Thmey Daily.

ក្នុងខួប៣ខែនៃការបាក់រលំពិដានស្ថានីយរថភ្លើងនៅទីក្រុង Novi Sad នៅស៊ែប៊ី ដែលបណ្តាលឲ្យមនុស្ស១៥នាក់បានស្លាប់ក្នុងហេតុការណ៍នោះ ក្រុមអ្នកតវ៉ាបានរៀបចំក្បួនតវ៉ាដោយដើរចម្ងាយផ្លូវ៩០គីឡូម៉ែត្រ និងមិនទទួលការការសម្បទានរបស់ប្រធានាធិបតី Aleksandar Vucic នោះទេ។

ការផ្សាយរបស់សារព័ត៌មាន TVP World មានមូលដ្ឋាននៅប្រទេសប៉ូឡូញ បានឲ្យដឹងថា ក្រុមអ្នកតវ៉ានៅទីក្រុង Novi Sad ភាគខាងជើងនៃប្រទេសស៊ែប៊ី បានស្វាគមន៍អ្នកតវ៉ាផ្សេងទៀតដែលបានធ្វើដំណើរពីរដ្ឋធានី Belgrade កាលពីថ្ងៃសុក្រ មុនពេលបាតុកម្មដ៏ធំរយៈពេលបីខែ
កាលថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី Aleksandar Vucic បានប្រើប្រាស់សិទ្ធិលើកលែងការចោទប្រកាន់ដល់អ្នកចូលរួមតវ៉ាដែលត្រូវបានចាប់ខ្លួនចំនួន១៣នាក់ ក្នុងនោះមាននិស្សិត នាយកសាលវិទ្យាល័យ ព្រឹទ្ធបុរសមហាវិទ្យាល័យ ជាដើម ដើម្បីបន្ធូរបន្ថយភាពតានតឹងកាន់តែខ្លាំង។
កាលកថ្ងៃអង្គារដើមសប្តាហ៍នេះ នាយករដ្ឋមន្ត្រីស៊ែប៊ី លោក Milos Vucevic បានប្រកាសលាលែងពីអំណាចដោយសារតែសម្ពាធនៃការទាមទារនោះកាន់តែកញ្ជ្រោលឡើង។ មានសេចក្តីរាយការណ៍ខ្លះបង្ហាញថា សមាជិករដ្ឋាភិបាលខ្លះក៏បានចូលរួមតវ៉ា ដោយការមិនទៅបំពេញការងាររបស់ខ្លួន។
ដោយសារផែនការតវ៉ាមានដំណើរផ្លូវឆ្ងាយ ក្រុមអ្នកតវ៉ាបានអបអរអ្នកជិះកង់ និងអ្នកបើកបរដែលបានមកចូលរួមក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី Aleksandar Vucic។
យោងតាមការដកស្រង់សម្តីផ្ទាល់របស់ TVP World អ្នកតវ៉ាចូលរួមតវ៉ាឈ្មោះ Veljko Ristic បាននិយាយថា «ក្នុងនាមជាប្រទេសមួយ យើងត្រូវរក្សាការតាំងចិត្ត និងជំរុញឱ្យអាជ្ញាធរ និងរដ្ឋទទួលខុសត្រូវខាងសីលធម៌ និងនាំខ្លួនពួកគេឱ្យមានសណ្តាប់ធ្នាប់»។
មនុស្ស១៤នាក់បានស្លាប់នៅក្នុងការបាក់ដួលរលំនៅស្ថានីយរថភ្លើង Novi Sad កាលពីថ្ងៃទី១ខែវិច្ឆិកា ខណៈដែលក្រោយមកទៀតបានស្លាប់ដោយសាររបួសរបស់ពួកគេ។ ក្រុមអ្នកតវ៉ានិយាយថា អំពើពុករលួយរបស់រដ្ឋាភិបាលនិងការត្រួតពិនិត្យមិនល្អនាំឱ្យមានមហន្តរាយនេះកើតឡើង។
ក្រុមអ្នកតវ៉ា គណបក្សប្រឆាំង និងក្រុមសិទ្ធិមនុស្សក៏បានចោទប្រកាន់លោក Vucic និងគណបក្សជឿនលឿនស៊ែប៊ី (SNS) របស់ប្រធានាធិបតីពីបទសូកប៉ាន់អ្នកបោះឆ្នោត អំពើហិង្សាប្រឆាំងនឹងគូប្រជែង ការរារាំងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មដែលបានរៀបចំ។ ប៉ុន្តែតាមសេចក្តីរាយការណ៍ ប្រធានាធិបតី និងគណបក្សSNS បានបដិសេធ។

ប្រធានាធិបតី Aleksandar Vucic បានកាន់អំណាចអស់រយៈពេល១៥ឆ្នាំ តាំងពីឆ្នាំ២០១០មក ហើយលោកមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពួទីន រដ្ឋាភិបាលហុងគ្រីដែលតែងតែប្រឆាំងគោលជំហរអឺរ៉ុប និងជាពិសេស ទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយរដ្ឋាភិបាលចិន។
ការដួលរលំបាក់ពិដានស្ថានីយរថភ្លើងនោះ ក៏ត្រូវបានភ្ជាប់ទៅនឹងគម្រោងជុសជុលដែលក្រុមអ្នកតវ៉ាចោទថា ក្រុមហ៊ុនចិនជាអ្នកធ្វើ ដែលគ្មានគុណភាព ព្រោះខ្វះការត្រួតពិនិត្យនិងមានអំពើពុករលួយ។ ប៉ុន្តែ ប្រធានាធិបតីស៊ែប៊ី ចោទបស្ចឹមប្រទេសនៅពីក្រោយការតវ៉ា ហើយថា ការតវ៉ានោះជាផ្នែកនៃយុទ្ធសាស្រ្ត «បដិវត្តន៍ពណ៌» ដើម្បីទម្លាក់រដ្ឋាភិបាលលោក៕
ដោយ រ៉ាន់ រើយ
The post ក្រុមអ្នកតវ៉ានៅស៊ែប៊ីនឹងធ្វើដំណើរ៩០គីឡូម៉ែត្រ បង្កើនការដាក់សម្ពាធលោក Vucic appeared first on Kampuchea Thmey Daily.