ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ភ្លើងឆេះព្រៃរយៈពេល៥ថ្ងៃ ធ្វើឲ្យគុណភាពខ្យល់នៅក្នុងខេត្ត Rayong ភាគខាងកើតប្រទេសថៃ កាន់តែធ្លាក់ចុះដល់កម្រិតយ៉ាប់យ៉ឺន ហើយមានក្តីកង្វល់ខ្លាំងបំផុត... The post ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់ appeared first on Kampuchea Thmey Daily.

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ភ្លើងឆេះព្រៃរយៈពេល៥ថ្ងៃ ធ្វើឲ្យគុណភាពខ្យល់នៅក្នុងខេត្ត Rayong ភាគខាងកើតប្រទេសថៃ កាន់តែធ្លាក់ចុះដល់កម្រិតយ៉ាប់យ៉ឺន ហើយមានក្តីកង្វល់ខ្លាំងបំផុតចំពោះសុខភាព មិនមែនត្រឹមតែខេត្តនេះទេ ពោលគឺប៉ះពាល់ដល់ខេត្តផ្សេងៗទៀតផងដែរ។

(រូបថត៖ Bangkok Post)

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃសៅរ៍ទី២៥ខែមករាឆ្នាំ២០២៥, អគ្គិភ័យនៅតំបន់ភ្នំ Khao Chom Hae បានរាលដាលលើផ្ទៃដីជាង ៣ ១៩៧ហិកតា ដោយដុតកម្ទេចព្រៃអស់ប្រមាណ៣០% ខណៈស្រុក៣ ប៉ះពាល់ខ្លាំងបំផុតគឺ Nikhom Phatthana, Ban Chang និង Muang ហើយដ្បិតតែមានការខិតខំទប់ស្កាត់និងពន្លត់ពីសំណាក់កងអគ្គិភ័យក៏ដោយ ប៉ុន្តែមិនអាចយកឈ្នះភ្លើងបានទេ ព្រោះកម្លាំងខ្យល់បក់ខ្លាំងធ្វើឲ្យភ្លើងរាលដាលខ្លាំង។

ភ្លើងឆេះព្រៃនេះ បានបណ្តាលឲ្យកំហាប់ភាគល្អិត PM2.5 នៅខេត្ត Rayong កាន់តែធ្ងន់ធ្ងរ ឈានដល់នាំឲ្យកើតជំងឺផ្លូវដង្ហើម ខណៈអាជ្ញាធរណែនាំឲ្យពលរដ្ឋពាក់ម៉ាស និងចៀសវាងសកម្មភាពក្រៅផ្ទះ។

គិតត្រឹមម៉ោង៤រសៀលថ្ងៃសៅរ៍, PM2.5 ជាមធ្យមក្នុងរយៈពេល២៤ម៉ោងនៅខេត្ត Rayong គឺមានកម្រិត ៨០មីក្រូក្រាមក្នុងមួយម៉ែត្រគូបពោលគឺវាលើសកម្រិតសុវត្ថិភាព ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប ទៅហើយ។

រឿងនេះកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ្នកក្រុងបាងកកប្រមាណ ២.៤លាននាក់ ត្រូវអាឡ័កស៊ីនិងកើតជំងឺផ្លូវដង្ហើម ខណៈក្នុងនោះមានពាក់កណ្តាលដែលត្រូវទីពេទ្យ ម្តងក្នុងមួយខែ ដោយសារខ្យល់ពុល។

តួលេខនេះ ត្រូវបានចងក្រងក្នុងរបាយការណ៍របស់ មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn នៃប្រទេសថៃ ដោយក្នុងនោះមានបញ្ជាក់ថា បញ្ហាខ្យល់ពុល PM2.5 ឡើងខ្ពស់ ក៏បង្កការខាតបង់ដល់សេដ្ឋកិច្ចទីក្រុងបាងកក បើគិតជាទំហំទឹកប្រាក់ស្មើនឹង ៣ពាន់លានបាតក្នុងមួយខែផងដែរ ព្រោះមនុស្សត្រូវការចំណាយប្រាក់ដើម្បីពិនិត្យនិងព្យាបាលសុខភាព ហើយមានអ្នកទេសចរជាច្រើន បានលុបចោលដំណើរកម្សាន្ត ប៉ះពាល់ខ្លាំងបំផុត ចំពោះវិស័យទេសចរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកក្រុងបាងកក ២.៤លាននាក់ ត្រូវអាឡ័កស៊ីនិងកើតជំងឺផ្លូវដង្ហើម ដោយសារខ្យល់ពុល

The post ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់ appeared first on Kampuchea Thmey Daily.