អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

មន្ត្រីបេសកជន​កំពូលរបស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់​ថា សហរដ្ឋអាមេរិកចង់​ឲ្យ​អ៊ុយក្រែនរៀបចំការបោះឆ្នោត​នៅចុងឆ្នាំ​២០២៥​នេះ ជាពិសេសប្រសិនបើទីក្រុង​កៀវ អាចយល់ព្រម... The post អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

មន្ត្រីបេសកជន​កំពូលរបស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់​ថា សហរដ្ឋអាមេរិកចង់​ឲ្យ​អ៊ុយក្រែនរៀបចំការបោះឆ្នោត​នៅចុងឆ្នាំ​២០២៥​នេះ ជាពិសេសប្រសិនបើទីក្រុង​កៀវ អាចយល់ព្រមបទឈប់បាញ់ជាមួយរុស្ស៊ីក្នុងប៉ុន្មានខែខាងមុខ។

លោក វ៉្លាឌីមៀ ហ្សេលេនស្គី និង​លោក ដូណាល់ ត្រាំ (រូបភាព៖ Reuters)

លោក Keith Kellogg បេសកជនពិសេសរបស់លោក ត្រាំ ប្រចាំប្រទេសអ៊ុយក្រែន និងរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ការបោះឆ្នោតប្រធានាធិបតី និងសភាអ៊ុយក្រែន ដែលបានផ្អាកក្នុងអំឡុងពេលសង្រ្គាមជាមួយរុស្ស៊ី គឺ​«ចាំបាច់ត្រូវ​តែ​ធ្វើ»។

យោង​តាម​ការ​ចុះ​ផ្សាយរបស់​​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ លោក Kellogg បានលើក​ឡើង​ថា៖ «ប្រទេសប្រជាធិបតេយ្យភាគច្រើនមានការបោះឆ្នោតនៅក្នុងពេលវេលានៃសង្រ្គាមរបស់ពួកគេ។ ខ្ញុំគិតថា វាមានសារៈសំខាន់ដែលពួកគេធ្វើដូច្នេះ។ ខ្ញុំ​គិត​ថា ​វា​ល្អ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ។ នោះ​ជា​សោភ័ណភាព​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​រឹង​មាំ»។

លោក ត្រាំ និង​លោក​ Kellogg បាននិយាយ​ដូចគ្នាថា ពួកគេកំពុងធ្វើការលើផែនការមួយ ដើម្បីឈាន​ដល់​កិច្ចព្រមព្រៀងមួយក្នុងរយៈពេលប៉ុន្មានខែដំបូងនៃរដ្ឋបាលថ្មី ក្នុង​ការ​បញ្ចប់សង្រ្គាមដែលផ្ទុះឡើង​បន្ទាប់​ពី​ការឈ្លានពានពេញលេញរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈឆ្នាំ​២០២២។

យ៉ាង​ណា ពួកគេបានផ្តល់ព័ត៌មានតិចតួច​អំពីយុទ្ធសាស្ត្ររបស់ពួកគេ សម្រាប់ការបញ្ចប់ជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុប​ គិត​ចាប់តាំងពីសង្គ្រាមលោកលើកទី​២។

បើ​យោង​តាម​ប្រភព​របស់​ Reuters លោក Kellogg និងមន្ត្រីសេតវិមានផ្សេងទៀតបានពិភាក្សាគ្នាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយជំរុញឲ្យអ៊ុយក្រែនយល់ព្រមចំពោះការបោះឆ្នោត ដែល​ជាផ្នែក​​មួយ​នៃបទឈប់បាញ់ដំបូងជាមួយរុស្ស៊ី។ បើការបោះឆ្នោតប្រធានាធិបតីអាច​ប្រព្រឹត្ត​នៅអ៊ុយក្រែន នោះ​អ្នកឈ្នះនឹង​ត្រូវ​ទទួលខុសត្រូវចំពោះការចរចាកិច្ចព្រមព្រៀង​ជាមួយទីក្រុងមូស្គូ។

វាមិនច្បាស់ទេថាតើ​រដ្ឋាភិបាល​អ៊ុយក្រែន​នឹង​យល់ស្រប​​​ចំពោះ​សំណើរបស់លោក ត្រាំ ដែរ​ឬ​ក៏​យ៉ាង​ណា។ កន្លង​មក ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ា្លឌីមៀ ហ្សេលេនស្គី ធ្លាប់​បាន​និយាយ​ថា អ៊ុយក្រែនអាចរៀបចំការបោះឆ្នោតនៅឆ្នាំនេះ លុះ​ត្រា​ណា​តែ​ការប្រយុទ្ធគ្នាត្រូវបញ្ចប់ ហើយ​មាន​ការធានាសន្តិសុខ​ដ៏​រឹងមាំ​ដើម្បីរារាំងរុស្ស៊ីពីការបង្កអរិភាពឡើងវិញ។

សូម​បញ្ជាក់​ថា អាណត្តិរយៈពេលប្រាំឆ្នាំរបស់​លោក ហ្សេលេនស្គី ត្រូវបាន​បញ្ចប់នៅ​​ឆ្នាំ​២០២៤ ប៉ុន្តែការបោះឆ្នោតប្រធានាធិបតី និងសភាមិនអាចធ្វើឡើង​បាន​ទេ​ក្រោមច្បាប់អាជ្ញាសឹក ដែលអ៊ុយក្រែនបានដាក់​ចេញ​កាល​ពី​​ខែកុម្ភៈ​ឆ្នាំ​២០២២៕

ដោយ៖ ឈាង

The post អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.