គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់
គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ... The post គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់ appeared first on Kampuchea Thmey Daily.

គម្រោង នៃការដំឡើងរបាំងពុះចែកទ្រូងផ្លូវ លើផ្លូវ សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ដែលមានប្រវែងរហូតដល់ ៩ គីឡូម៉ែត្រ ត្រូវប្រើប្រាស់ពេលវេលា នៃការដំឡើងប្រមាណ ១ ខែកន្លះ ទើបបញ្ចប់។

ដើម្បីឱ្យគម្រោងនេះបញ្ចប់ទៅបានលឿន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស កាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍ នាព្រឹកថ្ងៃទី ០៧ កុម្ភៈនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យកំណាត់ផ្លូវនេះ ខណៈក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងដំឡើងរបាំងពុះចែកទ្រូងផ្ផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿន និងស្លាកសញ្ញាផ្សេងៗ ទៀត។

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានផ្តើមដំឡើងរបាំងពុះចែកទ្រូងផ្លូវ សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ដោយអនុវត្តចាប់តាំងពីព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ម្សិលមិញ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ការដាក់របាំងពុះចែកទ្រូងផ្លូវនេះ ត្រូវចែកចេញជា ២ ប្រភេទ។ ប្រភេទទី ១ ដាក់របាំងដែកពុះចែកទ្រូងផ្លូវ ចាប់ផ្ដើមពី ស្ពានអាកាសមរតកតេជោ រហូតទៅដល់ស្តុបក្បែរក្រុមហ៊ុនរថយន្ត mercedes ដោយកំណត់នូវល្បឿន ៤០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង។ ប្រភេទទី ២ ដាក់របាំងថ្មពុះចែកទ្រូងចាប់ពីចំណុចស្តុប mercedes រហូតទៅដល់ផ្លូវជាតិលេខ ២ កំណត់ល្បឿន ៦០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង។ ក្រៅពីការរបាំងដែក និងរបាំងថ្មពុះចែកទ្រូងផ្លូវនេះហើយ មន្ទីរត្រូវបំពេញបន្ថែមការងារមួយចំនួនទៀត ដូចជា ដាក់ស្លាកសញ្ញាចរាចរណ៍បន្ថែម អ៊ុតគំនូសចរាចរណ៍ ដាក់ចំណាំងផ្លាត ដាក់គោមភ្លើងពញ្ញាក់អារម្មណ៍ជាដើម។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ការងារនេះ ត្រូវប្រើរយៈពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់ ដោយសារ ផ្លូវ សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) មានប្រវែងវែងរហូតដល់ ៩ គីឡូម៉ែត្រ។

បន្ថែមពីនេះ លោកនាយកមន្ទីរ ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បើកបរទៅតាមល្បឿនដែលបានកំណត់ និងសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវនេះ៕
អត្ថបទ ៖ ស្រីរ័ត្ន



The post គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់ appeared first on Kampuchea Thmey Daily.