ត្រាំ រម្លឹកម្តងទៀត! អ៊ុយក្រែន ត្រូវសងអាមេរិកវិញទាំងអស់
ជាថ្មីម្តងទៀត ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានប្រាប់ឲ្យអ៊ុយក្រែន ត្រូវតែសងអាមេរិកទាំងអស់ នូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនបានជួយខ្លួន... The post ត្រាំ រម្លឹកម្តងទៀត! អ៊ុយក្រែន ត្រូវសងអាមេរិកវិញទាំងអស់ appeared first on Kampuchea Thmey Daily.

ជាថ្មីម្តងទៀត ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានរម្លឹកឲ្យអ៊ុយក្រែន ត្រូវតែសងអាមេរិកទាំងអស់ នូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនបានជួយខ្លួន ក្នុងអំឡុងពេលផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។

លោកត្រាំប្រកាសបែបនេះនៅឯសន្និសីទសកម្មភាពនយោបាយអភិរក្ស (CPAC) ក្នុងរដ្ឋ Maryland កាលពីថ្ងៃសៅរ៍ទី២២ខែកុម្ភៈឆ្នាំ២០២៥ ដោយនិយាយថា «អឺរ៉ុបឲ្យអ៊ុយក្រែន ១០០ពាន់លានដុល្លារ ហើយអាមេរិក ឲ្យអ៊ុយក្រែន ៣៥០ពាន់លានដុល្លារ ព្រោះយើងមានប្រធានាធិបតី និងរដ្ឋបាលដ៏ល្ងង់ខ្លៅ និងគ្មានសមត្ថភាព។ វាមិនយុត្តិធម៌ទេ ខ្ញុំចង់ឲ្យពួកគេ (អ៊ុយក្រែន) សងលុយទាំងអស់នោះមកវិញ ដូច្នេះទើបខ្ញុំចង់បានរ៉ែកម្រនិងប្រេង»។
សម្តីរបស់លោកត្រាំ ធ្វើឲ្យជម្លោះរវាងប្រធានាធិបតីអាមេរិកនិងប្រមុខដឹកនាំទីក្រុងកៀវ វ្ល៉ាឌីមៀរ ហ្សេលេនស្គី កាន់តែក្តៅគគុក ក្រោយការទាស់សម្តីគ្នាជាបន្តបន្ទាប់។
យ៉ាងណា មន្ត្រីជាន់ខ្ពស់នៃរដ្ឋការរបស់លោក ត្រាំ បានក្រើនរំឭកដល់លោកហ្សេលេនស្គី ឲ្យឈប់ឈ្លោះជាមួយលោកត្រាំ ហើយងាកមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ធនធានរ៉ែឲ្យទីក្រុងវ៉ាស៊ីនតោនវិញ។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Mike Waltz បាននិយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែកុម្ភៈឆ្នាំ២០២៥ ថា ទីក្រុងវ៉ាស៊ីនតោន ខកចិត្តបំផុតចំពោះលោក ហ្សេលេនស្គី ដែលហ៊ានរិះគន់លោកប្រធានាធិបតី ត្រាំ ខ្លាំងមិនអាចទទួលយកបាន។
លោកបន្តថា ប្រធានាធិបតីត្រាំ បានផ្តល់ឱកាសមាសដល់អ៊ុយក្រែន ដើម្បីដោះដូរជាមួយការធានាសន្តិសុខ ដែលពួកគេអាចសង្ឃឹមបាន។ ធនធានរ៉ែកម្រទាំងនោះ ទីក្រុងកៀវអាចដោះដូរជាមួយជំនួយយោធាអាមេរិក ឬអាចទូទាត់ជាសំណាង សម្រាប់ជំនួយដែលទីក្រុងវ៉ាស៊ីនតោន ជួយនាពេលកន្លងមក។
សូមបញ្ជាក់ថា បើយោងតាមមន្ទីរបញ្ជកោណ, ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក សភាអាមេរិក បានអនុម័តទឹកប្រាក់១៨៣ពាន់លានដុល្លារឲ្យអ៊ុយក្រែន រួមទាំងជំនួយសន្តិសុខជាង៦៦ពាន់លានដុល្លារផងដែរ ប៉ុន្តែជំនួយទាំងនោះ ហាក់ដូចជាមិនអាចជួយអ៊ុយក្រែន ឲ្យទប់ទល់ជាមួយលោក វ្ល៉ាឌីមៀរ ពូទីន បានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន ច្រានចោលរបាយការណ៍ដែលថាខ្លួនបិទ Truth Social របស់លោក ត្រាំ
The post ត្រាំ រម្លឹកម្តងទៀត! អ៊ុយក្រែន ត្រូវសងអាមេរិកវិញទាំងអស់ appeared first on Kampuchea Thmey Daily.