កម្ពុជា នឹងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី ៤ ឆ្នាំ ២០២៤ រយៈពេល ៦ ថ្ងៃ
កម្ពុជា នឹងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី ៤... The post កម្ពុជា នឹងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី ៤ ឆ្នាំ ២០២៤ រយៈពេល ៦ ថ្ងៃ appeared first on Kampuchea Thmey Daily.
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី ៤ ឆ្នាំ ២០២៤ រយៈពេល ៦ ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី ២៥ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសាលសន្និសិទចតុម្មុខ។
យោងតាមកម្មវិធីពិធីបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី ៤ ឆ្នាំ ២០២៤ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី ៤។
នៅក្នុងកម្មវិធីក៏មានវីដេអូបើកមហោស្រព និងការសម្តែងចម្រៀងដោយ កញ្ញា ស៊ិន យូប៊ីន និង លោក ខាត់ វៃហាំង ទូតសុឆន្ទៈរបស់មហោស្រពរបាយការណ៍សង្ខេបពីដំណើរការរៀបចំមហោស្រព ដោយ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងជាប្រធាន លេខាធិការដ្ឋានគណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា វីដេអូបង្ហាញពីសកម្មភាព នៃការបណ្តុះបណ្តាល សកម្មភាព នៃការរៀបចំ មហោស្រព វីដេអូបង្ហាញពីសមាសភាពគណៈមេប្រយោគ វគ្គជម្រុះ។ ក្រៅពីនេះក៏មានការចាក់បញ្ចាំងភាពយន្តខ្នាតខ្លីរបស់ជ័យលាភីមហោស្រពជាតិភាពយន្តខ្នាតខ្លី កម្ពុជាលើកទី ១ ឆ្នាំ ២០១៦ លើកទី ២ ឆ្នាំ ២០១៨ និងលើកទី ៣ ឆ្នាំ ២០២២ ផងដែរ។
មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី ៤ ឆ្នាំ ២០២៤ រៀបចំឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងការបញ្ចេញគំនិតច្នៃប្រឌិត តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ដែលជាជំហានក្លាយជាផលិតករភាពយន្ត ព្រមទាំងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យភាពយន្តជាតិ។
មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី ៤ នេះ នឹងជ្រើសរើសខ្លឹមសារគោលសម្រាប់ការ ចូលរួមប្រកួតប្រជែងរួមមាន ៖ ទី១.វប្បធម៌ ការអភិវឌ្ឍសង្គម ដោយខ្លឹមសារ នៃសាច់រឿង ត្រូវឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម និងបង្កប់ដោយអត្តសញ្ញាណជាតិ រួមមាន ៖ ចំណេះដឹង ជំនឿសាសនា សិល្បៈប្រពៃណីទំនៀមទម្លាប់ ដែលទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ រីឯ ទី២.ភាពច្នៃប្រឌិត និងការបង្កើតថ្មី ផ្តោតលើភាពស្រមើស្រមៃ បំណងប្រាថ្នា អារម្មណ៍ផ្លូវចិត្ត ការស្រឡាញ់ និងទំនាក់ទំនងក្នុងសង្គម ដោយបង្កប់នូវគំនិតទស្សនវិជ្ជា និងបច្ចេកវិជ្ជាថ្មីៗ។
ចំពោះគោលការណ៍វិនិច្ឆ័យជ្រើសរើស និងសិទ្ធិចាក់បញ្ចាំង ៖ ទី១.ស្នាដៃភាពយន្តខ្នាតខ្លីទាំងអស់ ដែលត្រូវបានប្រកាសជ្រើសរើសបឋម នឹងត្រូវដាក់បញ្ចាំងជាសាធារណៈ នៅសាលសន្និសីទចតុម្មុខ និងរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ទី២.ស្នាដៃភាពយន្តដែលបានដាក់ចូលរួមប្រកួតប្រជែង នឹងត្រូវវិនិច្ឆ័យជ្រើសរើសបឋម ដោយគណៈកម្មការ មេប្រយោគវគ្គជម្រុះ ដើម្បីជ្រើសយកស្នាដៃភាពយន្តចំនួន ០៥ ចំណងជើង បន្តចូលរួមប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ទី៣.ការប្រកួតផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសាលសន្និសីទចតុម្មុខ។ គណៈកម្មការមេប្រយោគវគ្គផ្ដាច់ព្រ័ត្រ នឹងប្រកាសជ្រើសរើសស្នាដៃភាពយន្តដែលល្អផ្ដាច់គេ ដើម្បីប្រគល់ពានរង្វាន់។ ទី៤.គណៈកម្មការរៀបចំមហោស្រពមានសិទ្ធិប្រើប្រាស់ផ្នែកខ្លះ នៃភាពយន្តខ្នាតខ្លី (មិនលើសពី ៣០ វិនាទី) និងរូបភាពសម្រាប់ប្រើប្រាស់ក្នុងការផ្សព្វផ្សាយរបស់មហោស្រពជាតិភាពយន្តខ្នាតខ្លី លើកទី ៤ និងប្រើប្រាស់ភាពយន្ត ខ្នាតខ្លីនេះ (Full Length) សម្រាប់ចាក់បញ្ចាំងក្នុងរោងភាពយន្តក្នុងឱកាសមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី ៤ ឆ្នាំ ២០២៤។ ទី៥.ស្នាដៃភាពយន្តដែលបានជ្រើសរើសចូលរួមមហោស្រព គណៈកម្មការរៀបចំមហោស្រពអាចធ្វើការផ្សព្វផ្សាយភាពយន្ត (Full Length) តាមរយៈគេហទំព័ររបស់មហោស្រព ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឬបញ្ជូនទៅ ចូលរួមក្នុងមហោស្រពភាពយន្តថ្នាក់តំបន់ និងអន្តរជាតិ ក្រោយពីទទួលបានការយល់ព្រមពីម្ចាស់សិទ្ធិ។
ពានរង្វាន់ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី ៤ រួមមាន ៖ ពានជ័យលាភីលេខ ១ (Gold Award) ទទួលបានពានមាស អមដោយថវិកា, ពានជ័យលាភីលេខ ២ (Silver Award) ទទួលបានពានប្រាក់ អមដោយថវិកា, ពានជ័យលាភីលេខ៣ (Bronze Award) ទទួលបានពានសំរឹទ្ធ អមដោយថវិកា, ពានរង្វាន់របស់មេប្រយោគ (Special Jury Award) ទទួលបានពាន អមដោយថវិកា និងពានរង្វាន់ទស្សនិកជន (Audience Award) ទទួលបានពាន៕
អត្ថបទ ៖ សំអឿន
The post កម្ពុជា នឹងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី ៤ ឆ្នាំ ២០២៤ រយៈពេល ៦ ថ្ងៃ appeared first on Kampuchea Thmey Daily.