អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគោកដូង ពិសេសគឺនៅចំណុចជុំវិញអាងភាស ស្ទើរតែពាក់កណ្ដាល... The post អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង appeared first on Kampuchea Thmey Daily.
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគោកដូង ពិសេសគឺនៅចំណុចជុំវិញអាងភាស ស្ទើរតែពាក់កណ្ដាលគឺប្រកបមុខរបររាវខ្យងលក់ ដោយសារតែមានឈ្មួញមកទទួលទិញរៀងរាល់ថ្ងៃ ដោយមិនត្រឹមតែលក់ក្នុងស្រុកប៉ុណ្ណោះទេ គឺក្បាលខ្យងដែលស្ងោរឆ្អិន និងក្លាសេរួច ត្រូវបានក្រុមឈ្មួញនាំចេញទៅប្រទេសជិតខាងថែមទៀតផង។
លោក ឃឿត ចាន់ណេ ជាប្រជាពលរដ្ឋនៅចំណុចក្បែរទំនប់អាងភាស ស្ថិតនៅក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរៀបរាប់ថា សព្វថ្ងៃរូបលោកផ្ទាល់ ក៏ដូចជាភរិយា និងអ្នកម្ដាយ ពិសេសគឺអ្នកភូមិក្បែរៗគ្នា បានចេញកាណូតស្មាច់ ឬទូក តាំងពីព្រឹកព្រលឹម ដើម្បីចូលទៅកណ្ដាលអាងភាស រកមើលខ្យងដែលបណ្ដែតខ្លួនឬតោងតាមរុក្ខជាតិ ដើម្បីចាប់យកមកលក់ឱ្យឈ្មួញ។
លោកបានបន្តថា ប្រជាពលរដ្ឋនៅទីនោះស្ទើរតែពាក់កណ្ដាលទៅហើយដែលព្រឹកឡើងនាំគ្នាចុះទឹក ដើម្បីរកខ្យង សម្រាប់ខែវស្សាដែលមានទឹកពេញអាងភាស គឺពួកគាត់ងាយរកខ្យងជាងខែប្រាំង ព្រោះរដូវទឹកសម្រកខ្យងអាចរស់នៅក្រោមពើក ឬកំប្លោក ដែលយើងពិបាកមើលឃើញនIងចាប់វាណាស់។ ក្នុងមួយព្រឹកៗ គឺលោកអាចរកខ្យងបានចាប់ពី ៥ គីឡូក្រាមឡើងទៅ ចំពោះការថ្លឹងខ្យង គឺលោកត្រូវយកខ្យងជប៉ុនទាំងនេះទៅស្ងោរឱ្យឆ្អិនហើយឆ្កឹះយកតែក្បាលសុទ្ធដើម្បីលក់ឲ្យឈ្មួញ ដោយក្នុងមួយគីឡូក្រាម បានតម្លៃពី ៤.០០០ ទៅ ៥.០០០ រៀល ដោយឡែកសម្រាប់គូទខ្យង គឺមានអ្នកទិញយកទៅធ្វើជាចំណីត្រី ដែលមិនបានថ្លៃទេគឺមួយគីឡូក្រាម ពី ៥០០ ទៅ ១.០០០ រៀល ប៉ុណ្ណោះវាជាជាងយើងបោះចោលដែរ។
បើតាមសម្ដីរបស់ឈ្មួញកណ្ដាលម្នាក់ដែលជាអ្នកចាំទិញក្បាលខ្យងពីប្រជាពលរដ្ឋ បានលើកឡើងថា ក្បាលខ្យងដែលគេទិញឆ្អិនរួចនេះ គឺត្រូវច្រកថង់វេចខ្ចប់ក្នុងមួយថង់មួយគីឡូក្រាម ហើយដាក់ក្លាសេកកសម្រាប់នាំចេញដោយមិនត្រឹមតែចែកចាយនៅក្នុងទីផ្សារប៉ុណ្ណោះទេ គឺមានឈ្មួញធំចាំទិញបន្ត នៅផ្សារឡែមក្បែរព្រំដែនថៃ ដើម្បីនាំចេញទៅប្រទេសជិតខាង ឯខាងវៀតណាមក៏ទិញដូចគ្នាដែរ ប៉ុន្តែគេមិនដឹងថាតើក្បាលខ្យងដែលនាំចេញទៅប្រទេសជិតខាងទាំងនោះត្រូវបានគេយកទៅកែច្នៃធ្វើអ្វីនោះឡើយ។
លោក ឃឿត ចាន់ណេ បានបន្ថែមថា ក្រៅពីមុខរបររាវខ្យង គឺរូបលោកនិងក្រុមគ្រួសារ ពុំមានការងារអ្វីផ្សេងទៀតឡើយ ព្រោះកាលពីមុនលោកបានធ្វើស្រែបន្តិចបន្តួចនៅក្នុងអាងភាស ប៉ុន្តែពេលឥឡូវនេះត្រូវបានអាជ្ញាធរចុះផ្អាកមិនអនុញ្ញាតឲ្យធ្វើស្រែនៅក្នុងអាងទៀតនោះឡើយ ដូច្នេះមានតែមុខរបរមួយនេះដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ៕
អត្ថបទ៖ សោ និយមរ័ត្ន
The post អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង appeared first on Kampuchea Thmey Daily.