ស្ថាប័នប្រដាល់ WKN បង្ហាញរូបរាង ខ្សែក្រវាត់គុនខ្មែរពិភពលោកជាផ្លូវការ
បណ្តាញកីឡាឃីកបុកស៊ីងពិភពលោក (World Kickboxing Network) បានបង្ហាញរូបរាងខ្សែក្រវាត់គុនខ្មែរពិភពលោកលើកដំបូងជាផ្លូវការ The post ស្ថាប័នប្រដាល់ WKN បង្ហាញរូបរាង ខ្សែក្រវាត់គុនខ្មែរពិភពលោកជាផ្លូវការ appeared first on Kampuchea Thmey Daily.

បណ្តាញកីឡាឃីកបុកស៊ីងពិភពលោក (World Kickboxing Network) បានបង្ហាញរូបរាងខ្សែក្រវាត់គុនខ្មែរពិភពលោកលើកដំបូងជាផ្លូវការហើយ បន្ទាប់ពីស្ថិតនៅក្នុងដំណើរការចរចាដើម្បីចាប់ដៃគូជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ WKN បានបង្ហាញព័ត៌មានជាផ្លូវការថា បន្ទាប់ពីសិក្សាស្វែងយល់ និងស្រាវជ្រាវអស់រយៈពេលជាច្រើនខែរួចមក ខ្សែក្រវាត់គុនខ្មែរពិភពលោក WKN លើកដំបូងត្រូវបានបង្កើតឡើង។ ការឌីហ្សាញរួចរាល់ហើយ។ ស្ថាប័នប្រដាល់ WKN រួមជាមួយលោកប្រធានរបស់ខ្លួនចង់ឲ្យខ្សែក្រវាត់នេះក្លាយជាមហាកិត្តិយសពិតប្រាកដចំពោះក្បាច់គុនបុរាណរបស់ខ្មែរ។ នេះជាសមិទ្ធផលល្អឯកប្រកបដោយមោទនភាពដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ WKN និងស្មារតីនៃកម្ពុជាដ៏ឧត្តុង្គឧត្តម។
ច្នែបង្កើតឡើងដោយស្បែក និងមាស ខ្សែក្រវាត់នេះយកលំនាំតាមការឌីហ្សាញដើមរបស់ខ្សែក្រវាត់ WKN ដែលបន្ថែមដោយទង់ជាតិកម្ពុជា និងបង្ហាញរូបចម្លាក់នៃអ្នកចម្បាំងខ្មែរពីបុរាណ ដែលជានិម្មិតសញ្ញាដ៏មានឥទ្ធិពលនៃកេរដំណែល ថាមពល និងមោទនភាព។

ខ្សែក្រវាត់នេះបង្ហាញពីពាក្យគុនខ្មែរគឺ KUN KHMER WKN ដែលជាការផលិតជាពិសេសសម្រាប់រៀបចំព្រឹត្តិការណ៍ជើងឯកពិភពលោកដែលថ្មីៗកំពុងមានការអភិវឌ្ឍ ហើយនឹងប្រកាសជាផ្លូវការឆាប់ៗខាងមុខ។ លើសពីពានរង្វាន់ ខ្សែក្រវាត់នេះគឺជាការឧទ្ទិសចំពោះអ្នកចម្បាំងពីអតីតកាល និងជើងឯកនៃអនាគតកាល។

កាលពីដើមខែមេសា ឆ្នាំ២០២៥ ស្ថាប័នប្រដាល់មួយនេះបានប្រកាសពីការស្វះស្វែងរកចាប់ដៃគូជាមួយគុនខ្មែរដើម្បីរៀបចំកម្មវិធីប្រកួតគុនខ្មែរលំដាប់ពិភពលោក ហើយក៏មានការទំនាក់ទំនងជាមួយលោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ។ ទោះបីជាយ៉ាងណា ព័ត៌មានផ្លូវការពីការចាប់ដៃគ្នានៅមិនទាន់ធ្វើនៅឡើយទេ៕

អត្ថបទ៖ វីរបុត្រ
The post ស្ថាប័នប្រដាល់ WKN បង្ហាញរូបរាង ខ្សែក្រវាត់គុនខ្មែរពិភពលោកជាផ្លូវការ appeared first on Kampuchea Thmey Daily.