ចិនច្រានចោលការចោទប្រកាន់ ត្រាំ ដែលថាខ្លួនបំពានការព្រមព្រៀងពាណិជ្ជកម្មក្រុង ហ្សឺរណែវ
លោក ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា ចិនបានរំលោភលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកលើការកាត់បន្ថយពន្ធរៀងៗខ្លួន The post ចិនច្រានចោលការចោទប្រកាន់ ត្រាំ ដែលថាខ្លួនបំពានការព្រមព្រៀងពាណិជ្ជកម្មក្រុង ហ្សឺរណែវ appeared first on Kampuchea Thmey Daily.

ប្រទេសចិននៅចន្ទនេះ បានច្រានចោលការចោទប្រកាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលថា រដ្ឋាភិបាលក្រុងប៉េកាំងបានរំលោភបំពានលើការព្រមព្រៀងពាណិជ្ជកម្មខែមុននៅក្រុងហ្សឺណែវ ខណៈភាពតានតឹងពាណិជ្ជកម្មសកលកើនឡើងជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា ចិនបានរំលោភលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកលើការកាត់បន្ថយពន្ធរៀងៗខ្លួន និងរឹតបន្តឹងពាណិជ្ជកម្មលើមុខទំនិញរ៉ែសំខាន់ៗ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ចិនរំលោភបែបណា ឬថាអាមេរិកនឹងឆ្លើយតបយ៉ាងណានោះទេ។
ក្រសួងពាណិជ្ជកម្មបានច្រានចោលនៅថ្ងៃចន្ទនេះថា ចិនបានអនុវត្ត និងប្រកាន់ខ្ជាប់យ៉ាងសកម្មនូវកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីខែមុននៅទីក្រុងហ្សឺណែវ ខណៈដែលសហរដ្ឋអាមេរិកវិញ បានដាក់ចេញនូវវិធានការ «រឹតបន្តឹងបែបរើសអើង» ជាច្រើនប្រឆាំងនឹងប្រទេសចិន។
ក្រសួងបានបន្ថែមថា វិធានការអាមេរិកទាំងនោះរួមមានការចេញសេចក្តីណែនាំស្តីពីការត្រួតពិនិត្យការនាំចេញបន្ទះឈីបសម្រាប់បញ្ញាសិប្បនិម្មិត (AI) ការបញ្ឈប់ការលក់កម្មវិធីរចនាបន្ទះឈីបទៅចិន និងការដកហូតទិដ្ឋាការសម្រាប់និស្សិតចិនជាដើម។

ក្រសួងដដែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្កជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មីជាឯកតោភាគី និងម្តងហើយម្តងទៀត ដែលធ្វើឱ្យមានភាពមិនច្បាស់លាស់ និងអស្ថិរភាពនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី»។ ក្រសួងមិនបានបញ្ជាក់ជាលម្អិតអំពីវិធានការអ្វីដែលចិននឹងឆ្លើយតបនោះទេ។
គួររំឭកថា ចិន និងសហរដ្ឋអាមេរិកកាលពីពាក់កណ្ដាលខែឧសភា បានព្រមព្រៀងគ្នាទម្លាក់ពន្ធជាគំហុករៀងៗខ្លួនសម្រាប់រយៈពេល ៩០ ថ្ងៃ ដើម្បីចរចា។ កាលនោះ ចិនបានសន្យាដាក់ដកវិធានការរឹតត្បឹតលើការនាំចេញរ៉ែសំខាន់ទៅអាមេរិក ដែលខ្លួនដាក់ឡើងនៅពេលលោក ត្រាំ បង្កើនពន្ធលើទំនិញចិន។ ក្រោយការព្រមព្រៀងកាលពីនោះ ភាពតានតឹងហាក់ស្រកស្រាន្តឡើងវិញ។
យ៉ាងណាមិញ ភាពតានតឹងកើនឡើងជាថ្មីកាលពីសប្ដាហ៍មុន រួមទាំងពេលដែលសហរដ្ឋអាមេរិកប្រកាសដកហូតទិដ្ឋាការសម្រាប់និស្សិតចិន។ លើសពីនេះទៀត លោក ត្រាំ កាលពីថ្ងៃសុក្រ បានប្រកាសដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមដល់ ៥០ ភាគរយ ពីត្រឹម ២៥ ភាគរយ នាពេលបច្ចុប្បន្ន៕
The post ចិនច្រានចោលការចោទប្រកាន់ ត្រាំ ដែលថាខ្លួនបំពានការព្រមព្រៀងពាណិជ្ជកម្មក្រុង ហ្សឺរណែវ appeared first on Kampuchea Thmey Daily.