រុស្ស៊ី ដាច់ចិត្ត ទម្លាយវីដេអូនៃការហ្វឹកហ្វឺនទ័ពកូរ៉េខាងជើង 

ក្រោយទីក្រុងព្យុងយ៉ាងទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាបញ្ជូនទាហានទៅជួយកងកម្លាំងលោកពូទីន ច្បាំងនឹងអ៊ុយក្រែនមែននោះ ស្រាប់តែប្រព័ន្ធផ្សព្វផ្សាយ... The post រុស្ស៊ី ដាច់ចិត្ត ទម្លាយវីដេអូនៃការហ្វឹកហ្វឺនទ័ពកូរ៉េខាងជើង  appeared first on Kampuchea Thmey Daily.

រុស្ស៊ី ដាច់ចិត្ត ទម្លាយវីដេអូនៃការហ្វឹកហ្វឺនទ័ពកូរ៉េខាងជើង 

ក្រោយទីក្រុងព្យុងយ៉ាងទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាបញ្ជូនទាហានទៅជួយកងកម្លាំងលោកពូទីន ច្បាំងនឹងអ៊ុយក្រែនមែននោះ ស្រាប់តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដាច់ចិត្ត ទម្លាយវីដេអូបង្ហាញពីទ័ពកូរ៉េខាងជើង កំពុងហ្វឹកហ្វឺនត្រៀមប្រយុទ្ធនៅឯតំបន់ Kursk។

កូរ៉េខាងជើង កំពុងហ្វឹកហ្វឺនត្រៀមប្រយុទ្ធនៅឯតំបន់ Kursk (រូបថត៖ Rossiyskaya Gazeta)

តាមរយៈវីដេអូដែលចេញផ្សាយកាលពីថ្ងៃចន្ទទី២៨ខែមេសាឆ្នាំ២០២៥ គេឃើញទាហានកូរ៉េខាងជើងពាក់ឯកសណ្ឋានយោធារុស្ស៊ី កំពុងហ្វឹកហាត់ការវាយឆ្មក់ ការបោសសម្អាតលេណដ្ឋាន ការពារបន្ទាយ បាញ់ស៊ីប និងការប្រឆាំងទៅដ្រូនអត្តឃាតរបស់សត្រូវនៅឯទីលានហ្វឹកហាត់ក្នុងខេត្ត Kursk។

ទាហានទាំងនោះក៏មានកាន់កាំភ្លើង AK-12, កាំភ្លើងយន្ត RPK-74, កាំភ្លើងប្រឆាំងរថក្រោះ RPG-7,  កាំភ្លើងស៊ីប SVD, កាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិនិងគ្រាប់បែកដៃផងដែរ។

កូរ៉េខាងជើង កំពុងហ្វឹកហ្វឺនត្រៀមប្រយុទ្ធនៅឯតំបន់ Kursk (រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

មុននេះ កាសែតរដ្ឋកូរ៉េខាងជើង​ Rodong Sinmun បានចុះផ្សាយនៅទំព័រមុខតែម្តង ដោយបញ្ជាក់ពីការទទួលស្គាល់ជាផ្លូវការថា កូរ៉េខាងជើង ពិតជាបញ្ជូនទ័ពទៅជួយរុស្ស៊ី ប្រយុទ្ធនឹងកងកម្លាំងអ៊ុយក្រែន នៅក្នុងសង្គ្រាមមែន ខណៈការបញ្ជូននេះ ត្រូវបានបញ្ជាដោយមេដឹកនាំ គីម ជុងអ៊ុន ផ្ទាល់តែម្តង។

ក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយកាសែតខាងលើ, គណបក្សពលករកូរ៉េខាងជើង បានចាត់ទុកការដាក់ពង្រាយនោះថា ជាការបង្ហាញអំពីមិត្តភាពសកម្មប្រយុទ្ធដ៏រឹងមាំកម្រិតខ្ពស់បំផុតរវាងកូរ៉េខាងជើងនិងរុស្ស៊ី។

ក្រោយមក វិមានក្រឹមឡាំង ក៏បញ្ជាក់​ថា រុស្ស៊ី​បាន​ត្រៀមផ្តល់ជំនួយយោធាដល់កូរ៉េខាងជើងវិញ ប្រសិនបើចាំបាច់ ស្របតាមកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដែលបានចុះហត្ថលេខារវាងប្រជាជាតិទាំងពីរក្នុងខែវិច្ឆិកា​ឆ្នាំ​២០២៤។

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី និង​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង (រូបថត៖ AP)

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ មានកាតព្វកិច្ច​​តម្រូវ​ឲ្យ​ប្រទេសទាំងពីរផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ក្នុងគ្រាចាំបាច់។ ការចូលរួមរបស់ទាហានកូរ៉េខាងជើងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ដើម្បីដណ្តើមយកមកវិញនូវតំបន់ព្រំដែន Kursk បានបង្ហាញ​ច្បាស់​អំពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ​នេះ។

របាយការណ៍កន្លង​មក បង្ហាញថា ទាហានកូរ៉េខាងជើងប្រហែល ១០ ០០០​ ទៅ​ ១២ ០០០​នាក់ត្រូវបានដាក់ពង្រាយ ដោយ​ក្នុង​នោះ​មាន​ស្លាប់​និងរបួស​​ប្រហែល ៤ ០០០​នាក់។ ជាការតបស្នងវិញ រុស្ស៊ី បានផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង ដោយបង្កើនការព្រួយបារម្ភក្នុងចំណោមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងអំពីការផ្ទេរបច្ចេកវិទ្យាយោធាដែលមានសក្តានុពល ដែលអាចបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អន្តរជាតិប្រតិកម្មខ្លាំងៗ ក្រោយកូរ៉េខាងជើង ទទួលស្គាល់ បញ្ជូនទ័ពទៅជួយច្បាំងរុស្ស៊ី

The post រុស្ស៊ី ដាច់ចិត្ត ទម្លាយវីដេអូនៃការហ្វឹកហ្វឺនទ័ពកូរ៉េខាងជើង  appeared first on Kampuchea Thmey Daily.