អាជីវករខ្មែរសម្រុកយកផ្សិតប៉ក់ទៅលក់នៅព្រំដែនអានសេះ ត្រូវ​អាជ្ញាធរ​ថៃ​​ហាម​ឃាត់

ក្រុម​អាជីវករខ្មែរ បាន​សម្រុក​ដឹក​ផ្សិត​ប៉ក់​យក​មក​លក់​នៅ​ព្រំដែន​អានសេះ និង​ច្រកផ្សេងៗទៀត ក្នុង​១គីឡូក្រាម​៥ម៉ឺន​ទៅ៦ម៉ឺន​រៀល The post អាជីវករខ្មែរសម្រុកយកផ្សិតប៉ក់ទៅលក់នៅព្រំដែនអានសេះ ត្រូវ​អាជ្ញាធរ​ថៃ​​ហាម​ឃាត់ appeared first on Kampuchea Thmey Daily.

អាជីវករខ្មែរសម្រុកយកផ្សិតប៉ក់ទៅលក់នៅព្រំដែនអានសេះ ត្រូវ​អាជ្ញាធរ​ថៃ​​ហាម​ឃាត់

ព្រះវិហារ ៖ ក្រុម​អាជីវករខ្មែរ បាន​សម្រុក​ដឹក​ផ្សិត​ប៉ក់​យក​មក​លក់​នៅ​ព្រំដែន​អានសេះ និង​ច្រកផ្សេងៗទៀត ក្នុង​១គីឡូក្រាម​៥ម៉ឺន​ទៅ៦ម៉ឺន​រៀល​ តែ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ហាម​ប្រាម មិនឱ្យនាំ​ចេញ​ជា​រទេះ​ទេ គឺ​ឱ្យ​យួរ​ម្ដងមួយថង់​លក់​ទៅ​ឱ្យ​ឈ្មួញ​តែប៉ុណ្ណោះ ដោយ​លើក​ឡើង​ថា ខ្វះអនាម័យ។ ការហាមនេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

ស្ត្រី​ឈ្មោះមុំ ជា​អាជីវករ​នាំ​ផ្សិតប៉ក់ នាំចេញទៅប្រទេសថៃតាមច្រកអានសេះ បានលើកឡើងថា ភាគីថៃ​មិន​អនុញ្ញាត​ឱ្យអាជីវករខ្មែរ នាំចេញផ្សិតប៉ក់ នោះ​ទេ​ដោយ​​យក​លេស​ថា ខ្វះអនាម័យ និង​ឱ្យ​យើង​លាង​សំអាត មុន​នាំ​ចូល​ទៅ​ប្រទេសថៃ។

លោកស្រីបន្តថា បើភាគីថៃ បិទមិន​ឱ្យអាជីវករនាំទំនិញចូល ដូច្នេះពួកយើងក៏ស្នើឱ្យអាជ្ញាធរ ហាម​មិន​ឱ្យ​ភាគី​ថៃ នាំទំនិញចូលមកទឹកដីខ្មែរដូចគ្នាដែរ។

លោកនាន់ បូនេត ប្រធានច្រកព្រំដែនអានសេះ បានឱ្យដឹងថា ការ​ផ្ទុះកំហឹងរបស់អាជីវករនៅច្រកអានសេះ​នេះដែរ គឺ​បន្ទាប់ពីភាគីថៃ បានបិទមិនឱ្យអាជីវករ នាំចូលផ្សិតប៉ក់ច្រើនពេក ដោយ​ឱ្យអាជីវករ យួរក្នុង១ថង់១០គីឡូក្រាម។ ចំណែកទំនិញដឹកដោយរទេះ ត្រូវបានផ្អាកបណ្តោះអាសន្នសិន។

លោក​បញ្ជាក់​ថា បច្ចុប្បន្នលោកបានព្យាយាមទំនាក់ទំនង ចរចា​ជា​មួយភាគីថៃហើយ។ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បាន​ឱ្យ​ដឹង​ថា កន្លងទៅប្រទេសទាំង២បានព្រមព្រៀងគ្នាថា ច្រកអានសេះ គឺជាច្រកតូចមួយសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺស្រុកទាំងពីរជាប់ព្រំប្រទល់ថៃ និង​កម្ពុជា ផ្លាស់ប្ដូរទំនិញគ្នាទៅវិញទៅមក មិនមែនសម្រាប់​ឱ្យអាជីវករធំៗរកស៊ីនោះទេ។ តែ​បើចង់រកស៊ីទាល់តែសុំច្បាប់ត្រឹមត្រូវ។

លោក​បន្ត​ថា ការបិទមិន​ឱ្យពលរដ្ឋនាំផ្សិតប៉ក់ ចេញនេះ គឺ​បន្ទាប់​ពី​អាជ្ញាធរជំនាញ​នៅ​ប្រទេស​ថៃ​មើល​ឃើញ​ថា ផ្សិតប៉ក់​នេះ​ខ្វះ​អនាម័យ។ តែខាងអាជ្ញាធរថៃ ឱ្យអាជីវករយូរម្ដងមួយថង់ ដោយ​មិន​ឱ្យ​ដាក់ទំនិញជារទេះអូសចូលប្រទេសថៃទៀតនោះទេ។

ជា​ការ​ពិត​ណាស់​ នេះ​គឺជាការយល់ឃើញនិងការសម្រេចចិត្តរបស់ភាគីថៃ។ លោក​បន្ត​ថា អាជីវករខ្មែរយើងបានសំណូមពរ​ឱ្យភាគីថៃជួយសម្រួលឱ្យដឹកទំនិញចេញជារទេះឡើងវិញ។ប៉ុន្តែ​ភាគី​ថៃ​មិនអនុញ្ញាតនោះទេ។

បច្ចុប្បន្នភាគីទាំងពីរកំពុងជជែកគ្នារកដំណោះស្រាយ ​ចំពោះ​ទំនិញ​ចេញ​ចូល​ក៏ត្រូវបានផ្អាកមួយរយៈ​ដោយសារ​ការ​ចរចា​គ្នា​នៅមិនទាន់ត្រូវគ្នានៅឡើយ។

សូមជម្រាបថា ច្រកអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើក​ឱ្យដំណើរការច្រកព្រំដែនអានសេះ ក្នុងមួយសប្តាហ៍ រយៈពេលតែ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍៕

ដោយ ៖ ជុន កុសល

The post អាជីវករខ្មែរសម្រុកយកផ្សិតប៉ក់ទៅលក់នៅព្រំដែនអានសេះ ត្រូវ​អាជ្ញាធរ​ថៃ​​ហាម​ឃាត់ appeared first on Kampuchea Thmey Daily.